សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា ៤​ចំណុច សម្រាប់​អ្នកវិនិយោគ​

(​ភ្នំពេញ​)៖ ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​អ្នកវិនិយោគ​នេ​ប៉ាល់ ក្នុង​វេទិកា​ធុរកិច្ច កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៤​ចំណុច​គឺ​៖ ទី​១) ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។ ទី​២)​ការបើកចំហ​សេដ្ឋកិច្ច សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។ ទី​៣)​កម្លាំង​ពលកម្ម ដែលមាន​ភាពសម្បូរ​បែប និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។ ទី​៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ បាន និង​កំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​, ទីផ្សារ​អនុតំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន​, និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បន្តទៀតថា ក្នុង​រយៈពេល​ជាង ២​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ជា​មធ្យម ក្នុង​រង្វង់ ៧,៧% ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥​។ ជាងនេះទៅទៀត នៅក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​លើសពី​ការរំពឹងទុក ពោលគឺ​បាន​កើនឡើង​ក្នុង​អត្រា ៧,៥% ធៀប​នឹង​ការគ្រោងទុក ៧,១%​ពី​ដើមឆ្នាំ ដែលជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ នៅក្នុង​ឆ្នាំ​២០១៩ នេះ​។
​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា កម្ពុជា​កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ ដែលមាន​សក្តានុពល សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​។ ជាក់ស្តែង ផ្អែក​តាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​រយៈពេល ៥​ឆ្នាំ (២០១៤-២០១៨) ស្ថានភាព​វិនិយោគ​របស់​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២៣​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​ចំនួន ១​លាន​កន្លែង​។ ដោយឡែក ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០១៩ នេះ គម្រោង​វិនិយោគ​ដែល​ត្រូវ​បានអនុម័ត​មាន​ចំនួន ១១៥​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ ៨១​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ​ជា ៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។
​សម្តេច​បន្តថា ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ ដែល​បានមក​កាន់​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ១,៨៨​លាន​នាក់ មានការ​កើនឡើង ៩,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ យើង​រំពឹងថា ចំនួន​ភ្ញៀវទេសចរ នឹង​កើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន ក្នុងការ​បណ្តាក់ទុន​ក្នុង​វិស័យនេះ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥- ២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ ជាក់ស្តែង គោលនយោបាយ​នេះ​បានកំណត់​ប្រភេទ​ឧស្សាហកម្ម​អាទិភាព​ចំនួន ៥ រួមមាន​៖ ១) ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ​ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​,២) សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ត្រប់​វិស័យ​, ៣) ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​, ៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែ​ច្រវាក់​តម្លៃ​សកល​, និង ៥) ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជ​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ ហៅថា “​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​” ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។ វេទិកា​វិស័យ​ឯកជន និង​រដ្ឋាភិបាល​នេះ បានដាក់​ចេញ​នូវ​វិធានការ​មុត​សិច​មួយចំនួន​គឺ ១) បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​, ២) កែលម្អ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​, និង ៣) ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាជន​កម្ពុជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់ ដែល​មានបំណង​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស​។

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា​ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស គឺ​ពិចារណា​លើ​ប្រទេស​នេ​ប៉ាល់​ដែលជា​ប្រទេស​គោលដៅ​របស់ខ្លួន​៕​

អត្ថបទដែលជាប់ទាក់ទង