កម្ពុជា-នេប៉ាល់ ​ប្តេជ្ញាពង្រឹង ​និងពង្រីកកិច្ចសហការគ្រប់វិស័យ​ ដើម្បីបម្រើឧត្តម​ប្រយោជន៍​សេដ្ឋកិច្ច​ទ្វេភាគី​

(ភ្នំពេញ)៖ «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» ត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតតិចតួចបំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៤ ខែឧសភា។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេ​យ្យនេប៉ាល់ បានឈានមកដល់ដំណាក់កាលថ្មីមួយទៀត គឺការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងបម្រើឧត្តមប្រយោជន៍រួមរបស់ប្រជាជន នៃប្រទេសទាំងពីរនេះបើតាមការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងនេប៉ាល់។

នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ៍​ ទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ព្រមទាំងបានសន្យាផ្តល់ជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានធុរកិច្ចប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

«ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគនេប៉ាល់ ដែលមិនបានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាមួយយើងខ្ញុំ និងទាញយកផលប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេសទាំងពីរ» សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ខេ ភី សាម៉ា អូលី (KP. Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានរម្លឹកឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងការខិតខំជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ តាមរយៈការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ កាលពីឆ្នាំ២០១៨។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានកត់សម្គាល់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេច​តេជោ និងបានបង្ហាញជំនឿមុតមាំថា ប្រទេសនេប៉ាល់ ពិតជាអាចរៀនសូត្រពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច​របស់កម្ពុជា ដោយពឹងផ្អែកលើការប្តេជ្ញាចិត្ត គួបផ្សំបរិបទនៃប្រវត្តិសាស្រ្តជម្លោះពីអតីតកាល និងភាព​ធន់​នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

«ខ្ញុំប្តេជ្ញាបង្កើតភាពជាដៃគូរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មព្រមទាំងផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ» ឯកឧត្តម ខេ ភី សាម៉ា អូលី បានគូសបញ្ជាក់។

សូមជម្រាបថា «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចរវាងកម្ពុជា និងនេប៉ាល់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីពាណ៏ជ្ជកម្ម និងវិនិយោគ ព្រមទាំងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និងសភាពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី (កម្ពុជា-នេប៉ាល់) នៅមានកម្រិតតិចតួចបំផុត។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ២៥៥ពាន់ដុល្លារអាមេរិក គឺមានការកើនឡើងប្រមាណ ៤៤.៩% បើធៀបនឹងឆ្នាំ២០១៥ ខណៈដែលឆ្នាំ២០១៧ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានត្រឹមតែ ២១០ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះ ១៧.៦% ធៀបទៅនឹងឆ្នាំ២០១៦៕

អត្ថបទដែលជាប់ទាក់ទង