រដ្ឋាភិបាលកម្ពុជា​ បានកែសម្រួលនីតិវិធីរដ្ឋបាល​ជាច្រើន​ ​ដើម្បី​ជួយដល់​វិស័យ​ឯកជន​

(ភ្នំពេញ)៖ «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន មានដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្មសេវាចេញ CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ, រំកិលទីតាំង​ឈរជើងរបស់កាំកុងត្រូល, ដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជា​ដើម​»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

បើតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងពាណិជ្ជកម្ម ឆ្នាំនេះកម្ពុជា គឺជាប្រទេសកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចែក​រំលែកបទពិសោធន៍, កាលានុវត្តភាពធុរកិច្ច និងសក្តានុពលវិនិយោគ នៅក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តសានស៊ី) ឆ្នាំ២០១៩។​ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរទស្សនៈ និងបណ្តុះផ្នត់គំនិតថ្មីៗ ទាក់ទងការពង្រឹងសហគ្រិនភាព និងការគ្រប់គ្រងធុរកិច្ចប្រកបដោយភាពច្នៃប្រឌិត។ វេទិកានេះ ក៏ជាឱកាសសម្រាប់វិនិយោគិនចិន ធ្វើការស្វែងយល់អំពីសក្តានុពលវិនិយោគ នៅតាមប្រទេស​ផ្សេងៗ ក្នុងពិភពលោកផងដែរ។

នៅក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ពុជា បានធ្វើការពន្យល់វិនិយោគិន និងធុរជនចិន នៃខេត្ត​សានស៊ី សាធារណរដ្ឋប្រជាមានិតចិន អំពីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីរក្សាវិនិយោគិនបច្ចុប្បន្ន និងទាក់ទាញការវិនិយោគថ្មីៗបន្ថែម​ទៀតពីប្រទេសចិន។

ឯកឧត្តមបានអះអាងដែរថា ចំណាត់ការថ្មីៗ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា បានលុបបំបាត់​នីតិវិធីស្មុគ្រស្មាញ និងសកម្មភាពការិយាធិបតេយ្យទាំងឡាយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេស កាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន ឱ្យបាន​អតិបរិមា ដើម្បីធានាការលូតលាស់ប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង