អង្គការអ្នកប្រជាធិបតេយ្យ ​ស្នើ EU ​ផ្ដល់ភាពយុត្តិធម៌​ដល់កម្ពុជា​ ​ករណី ​EBA​

(ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (IDC-CDI) បានស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌​ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។

នៅក្នុងសេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់ IDC-CDI ផ្សព្វផ្សាយនាពេលថ្មីៗនេះ មានខ្លឹមសារដូចខាង​ក្រោម​៖​

យើងទាំងអស់គ្នាជាសមាជិក អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) សូមស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។ កម្ពុជាដែលជាប្រទេសដែលក្រោកពីសង្គ្រាម និងជាប្រទេសអភិវឌ្ឍន៍តិចតួច បានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះកម្មករ-កម្មារិនីប្រមាណ ១ លាននាក់ ដោយ​ភាគ​ច្រើនជាស្ត្រីមកពីតំបន់ជនបទ បានទទួលនូវការងារក្នុងឧស្សាហកម្មវាយនភណ្ឌ ដែលទទួលបានភាពអនុ​គ្រោះ​ក្នុងទីផ្សារសហភាពអឺរ៉ុប ដោយមិនមានពន្ធគយ និងមិនមានកូតា។

យើងក៏បានកត់សម្គាល់ដោយពេញចិត្ត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។

យើងត្រូវតែយល់ថាដំណើរការនៃលទ្ធិប្រជាធិបតេយ្យជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា បានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញ នូវតម្លៃប្រជាធិបតេយ្យ និងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

យើងស្នើសុំឲ្យសហភាពអឺរ៉ុប ឲ្យទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ ប្រជា​ជន​កម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយ និងសមតែរស់នៅដោយសន្តិភាព ឧត្តមភាព និងសុភមង្គល​។ យើងប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្រ​របស់សហគមន៍អន្តរជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង