សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ​ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស

 

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ ហៅ​ថា​ «​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​»​ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​។​

​សម្តេច​តេ​ជោ​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ យន្តការ​នេះ​ផ្តល់​ឱកាស​ឱ្យ​ផ្នែក​ឯកជន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​ចាត់វិធានការ​សម​ស្រប​ដើម្បី​ដោះស្រាយ​។​ រាល់​ការ​សម្រេច​នៅ​ក្នុង​វេទិកា​នេះ​ត្រូវ​បាន​ចាត់ទុកជា​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ សម្តេច​តេ​ជោ​បាន​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨​ ដែល​ក្នុង​ឱកាស​នោះ​ សម្តេច​បាន​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយ​ចំនួន​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​,​ កែ​លម្អ​ និង​លើក​ស្ទួយ​ថែម​ទៀត​នូវ​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​,​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែ​ច្រើន​ថែម​ទៀត​ជូន​ប្រជាជន​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ស្វាគមន៍​រាល់​ការ​សម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​ បរទេស​ទាំងអស់​ ជា​ពិសេស​អ្នក​វិនិយោគ​នេ​ប៉ា​ល់​ ដែល​មាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម​ ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​ សម្តេច​តេ​ជោ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ពិចារណា​ប្រទេស​នេ​ប៉ា​ល់​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ អញ្ជើញ​ជា​អធិបតី​រួម​គ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​វេទិកា​នា​រសៀល​ថ្ងៃ​អង្គារ​១១​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​ជា​ច្រើន​រូប​ ហើយ​ រៀបចំ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​កាន់តែ​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កម្រិត​តិចតួច​បំផុត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ សា​ម៉ា​ អូ​លី​ បាន​ថ្លែង​សុន្ទរ​ថា​ គន្លឹះ​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ក៏​ដូច​ជា​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ជូន​ដល់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង