សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​ នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សូចនាករ​នៅ​កម្ពុជា​ បង្ហាញ​ថា​ កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​ នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០​ តាម​ការ​កំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ទៀត​ថា​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​គោលដៅ​ដែល​មាន​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក​ និង​បរទេស​។​ ជាក់ស្តែង​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រាប់​រយៈពេល​៥​ឆ្នាំ​ (២០១៤-២០១៨)​។​

​សម្តេច​តេជោ ហ៊ុន​សែន បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​ នេះ​ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន​ ១១៥​គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ​ ៨១​គម្រោង​។​

​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ​ជា​ ១,៨៨​លាន​នាក់​ មាន​
​ការ​កើនឡើង​ ៩,៧%​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ ហើយ​កម្ពុជា​រំពឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ និង​ធុរជន​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​ ដែល​ជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​ សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅ​ជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ អញ្ជើញ​ជា​អធិបតី​រួម​គ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​វេទិកា​នា​រសៀល​ថ្ងៃ​អង្គារ​១១​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​ជា​ច្រើន​រូប​ ហើយ​ រៀបចំ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​កាន់តែ​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កម្រិត​តិចតួច​បំផុត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ សា​ម៉ា​ អូ​លី​ បាន​ថ្លែង​សុន្ទរ​ថា​ គន្លឹះ​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ក៏​ដូច​ជា​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ជូន​ដល់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង