សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​ ៧,៧ភាគរយ

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ សា​ម៉ា​ អូ​លី​ មក​កម្ពុជា​ នា​ពេល​នេះ​ បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ជា​មធ្យម​ ក្នុង​រង្វង់​ ៧,៧ភាគរយ​ ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ក្នុង​ឆ្នាំ​២០១៥​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ទៀត​ថា​​ក្នុង​ឆ្នាំ​២០១៨​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​លើស​ពី​​ការ​រំពឹង​ទុក​ ពោល​គឺ​បាន​កើនឡើង​ក្នុង​អត្រា​ ៧,៥ភាគរយ​ ធៀប​នឹង​ការ​គ្រោងទុក​ ៧,១ភាគរយ​ពី​ដើមឆ្នាំ​ ដែល​ជា​​មូលដ្ឋាន​នៃ​ការ​បន្ត​ភាពរឹងមាំ​ នៅ​ក្នុង​ឆ្នាំ​២០១៩​​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ អញ្ជើញ​ជា​អធិបតី​រួម​គ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​វេទិកា​នា​រសៀល​ថ្ងៃ​អង្គារ​១១​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​ជា​ច្រើន​រូប​ ហើយ​ រៀបចំ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​កាន់តែ​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កម្រិត​តិចតួច​បំផុត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ សា​ម៉ា​ អូ​លី​ បានថ្លែង​សុន្ទរ​ថា​ គន្លឹះ​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ក៏​ដូច​ជា​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ជូន​ដល់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង