សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ កម្ពុជា​ និង​នេ​ប៉ា​ល់​ ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​គ្នាពី​ឆ្នាំ​១៩៦៤ 

(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែករំលែក​ព័ត៌មាន​អំពី​កា​រវិ​វត្ត​សំខាន់ៗ​ នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​ និង​សក្តានុពល​ធុរកិច្ច​និង​វិនិយោគ​ ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ សំដៅ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ និង​នេ​ប៉ា​ល់​ បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៦៤​ មក​ម្ល៉េះ​ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បន្ត​ថា​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​១៩៩៩​ ហើយ​ទំនាក់ទំនង​នេះ​មាន​លក្ខណៈ​ជា​មិត្តភាព​កាន់តែ​ស្និទ្ធស្នាល​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​រំឭក​ថា​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​នេ​ប៉ា​ល់​ជា​លើក​ទី​១​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ជា​ពិសេស​ក្នុង​វិស័យ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ អញ្ជើញ​ជា​អធិបតី​រួម​គ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ា​ល់​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​វេទិកា​នា​រសៀល​ថ្ងៃ​អង្គារ​១១​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​ជា​ច្រើន​រូប​ ហើយ​ រៀបចំ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​ និង​នេ​ប៉ា​ល់​កាន់តែ​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កម្រិត​តិចតួច​បំផុត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ សា​ម៉ា​ អូ​លី​ បាន​ថ្លែង​សុន្ទរ​ថា​ គន្លឹះ​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ក៏​ដូច​ជា​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ជូន​ដល់​ធុរកិច្ច​ជន​កម្ពុជា​ និង​នេ​ប៉ា​ល់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង