វិភាគ: ចិន និងអាមេរិកមើលមុខគ្នាមិនចំសារជាថ្មី ក្រោយកិច្ចចរចាស្តីពីពាណិជ្ជកម្មបរាជ័យ

មេដឹកនាំរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងមើលមុខគ្នាមិនចំសារជាថ្មី ក្រោ យពីកិច្ចចរចាស្តីពីសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចលើពិភពលោកទាំងពីរ បានទទួលបរាជ័យទាំងស្រុង កាលពីចុងសប្តាហ៍មុន ។

កិច្ចចរចារវាងគណៈប្រតិភូរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ និងថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាកិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅជុំទី១១ ។

មូលហេតុសំខាន់ដែលនាំអោយកិច្ចចរចាត្រូវទទួលបរាជ័យ គឺដោយសារតែមេដឹកនាំ អាមេរិក បានយកគំនាបនៃការដំឡើងតម្លៃពន្ធពាណិជ្ជកម្ម ទៅសង្កត់លើចិនម្តងហើយម្តងទៀត ទោះបីជានៅក្នុងកិច្ចព្រមព្រៀងក៏ដោយ ។

អាមេរិកបានស្នើអោយមានចែងនៅក្នុងកិច្ចព្រមព្រៀង ដោយអាមេរិករក្សាសិទ្ធិក្នុងការដំឡើងតម្លៃពន្ធគយលើទំនិញរបស់ចិនក្នុងការនាំចូលទៅកាន់អាមេរិកនៅពេលខាងមុខ បើអាមេរិករកឃើញថា ចិនមិនបានអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលមានស្រាប់ ។

លោក លីវ ហឺ (Liu He) ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូចិន បានអោយដឹងថា សំណើររបស់អាមេរិក ដែលអោយចែងក្នុងកិច្ចព្រមព្រៀង គឺមិនមានតម្លាភាពទេ ដោយអាមេរិកអាចនឹងដំឡើងពន្ធនាំចូលពីចិនគ្រប់ពេល ប្រសិនបើអាមេរិកចង់ធ្វើ ទោះបីជាចិនមិនបានប្រព្រឹត្តខុសកិច្ចព្រមព្រៀងក៏ដោយ ។

លោក លីវ ហឺ បានបន្ថែមថា ចិនចង់បានកិច្ចព្រមព្រៀងមួយ ដែលផ្តល់ផលប្រយោជន៍អោយប្រទេសទាំងពីរទៅវិញទៅមកនៅពេលខាងមុខ ដែលមិនមែនជាកិច្ចព្រមព្រៀងតម្រូវចិត្តតែម្ខាង ឫជាកិច្ចព្រមព្រៀងដែលផ្តល់ផលចំណេញអោយតែភាគីម្ខាងនោះទេ ។

លោក លីវ ហឺ បានសង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាតចំពោះមធ្យោបាយដំឡើងពន្ធពាណិជ្ជកម្ម ក្នុងបំណងដាក់សម្ពាធលើដៃគូពាណិជ្ជកម្ម ដើម្បីកេងចំណេញ ឫដើម្បីបានផលប្រយោជន៍តែម្នាក់ ដោយអោយដៃគូស្ថិតនៅក្រោមសម្ពាធរបស់ខ្លួន ។

ចំណុចខ្វែងគំនិតគ្នារវាងភាគីចិន និងអាមេរិកលើ៣ចំណុចនោះ គឺភាគីទាំងពីរបានសម្របសម្រួលគ្នារួចរាល់ហើយ ប៉ុន្តែចំណុចដែលមិនត្រូវរ៉ូវគ្នានៅពេលនេះនៅត្រង់ថា អាមេរិកមធ្យោបាយដំឡើងពន្ធលើចិន ជាដំណោះស្រាយនៅពេលខាងមុខ ដែលចិនបានជំទាស់ថា ជាមធ្យោបាយសង្កត់ ក ដៃគូពាណិជ្ជកម្ម ។

ចំណុចខ្វែងគំនិតគ្នាទាំង៣ចំណុចនោះគឺទីមួយ អាមេរិកចង់អោយចិនបង្កើតច្បាប់ការពារកម្មសិទ្ធបញ្ញា ទីពីរ ការបញ្ចប់ការផ្ទេរប្រព័ន្ធបច្ចេកវិទ្យាដោយបង្ខំ និងទីបី ការបើកទីផ្សារចិនអោយទូលាយបន្ថែមទៀតសម្រាប់ការនាំចូលផលិតផលអាមេរិក ។

ចំណុចទាំង៣ខាងលើនេះ ចិនបានឯកភាពអស់ហើយដែលជាសម្បទានមួយដ៏សំខាន់ពីចិនទៅអោយអាមេរិក ប៉ុន្តែសំណុំរឿងពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅតែមានភាពចម្រូ ងចម្រាស់ដដែល ដោយសារអាមេរិកនៅតែចង់ដំឡើងពន្ធនាំចូលពីចិន ។

ក្រោយពីកិច្ចចរចាស្តីពីសំណុំរឿងពាណិជ្ជកម្ម ត្រូវបរាជ័យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលពីចិនក្នុងអត្រា២៥% ក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ដែលមានសុពលភាពចាប់ពីថ្ងៃសុក្រ ទី១០ ខែឧសភានេះទៅ ។

សូមបញ្ជាក់ជូនថា លោក ត្រាំ បានដំឡើងពន្ធក្នុងអត្រា១០%រួចហើយលើទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លាន ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះនៅតែដំឡើងពន្ធរហូតដល់២៥%លើទំនិញចិនដដែលនេះ ដើម្បីជាសម្ពាធបន្ថែមដល់ចិន ។

លោក លីវ ហឺ (Liu He) ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូចិន បានអោយដឹងថា ចិនមិនញញើតនឹងការដំឡើងពន្ធគយលើទំនិញចិនពីសំណាក់សហរដ្ឋអាមេរិកនោះទេ ហើយចិននឹងឆ្លើយតបវិញនៅពេលខាងមុខ ៕លីលី

អត្ថបទដែលជាប់ទាក់ទង