វិភា​គ៖ កូរ៉េខាងជើង​ គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ ដោយ​បាញ់​មី​ស៊ី​ល ​រយៈ​ចម្ងាយ​ឆ្ងាយ​

(កូរ៉េខាងជើង)៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែឧសភា ឆ្នាំ​២០១៩​ ថា កូរ៉េខាងជើង​ កំពុង​រៀបចំខ្លួន ​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ។​

សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ​ដោយ​បាញ់​មី​ស៊ី​ល រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង នឹងត្រូវ​ធ្វើឡើង ​ទៅតាម​ការចង្អុលបង្ហាញ​រប​ស់លោក គីម ជុង​អ៊ុន អោយ​កងកម្លាំង​យោធារ​បស់​ខ្លួន​ពង្រឹងសមត្ថភាព​បន្ថែមទៀត។​

លោក គីម ជុង​អ៊ុន លើកឡើងថា មានតែ​កងទ័ព​កូរ៉េខាងជើង​ខ្លួនឯង​ទេ ដែលជា​អ្នកការពារ​សន្តិភាព និង​សន្តិសុខ​ នៅក្នុង​ប្រទេស​របស់ខ្លួន​ផ្ទាល់ និង​អាច​ទប់ស្កាត់បាន​នូវ​ការប៉ុនប៉ង​ឈ្លានពាន​ចូលក្នុង​ប្រទេស​នេះ​ពី​សំណាក់​ប្រទេស​ណាមួយ ​នៅពេល​ខាងមុខ។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សព្វផ្សាយ​ថា សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នេះ នឹងមាន​ការ​ចួល​រួម​ពី​កងទ័ព​គ្រប់ផ្នែក ទាំង​កងទ័ពជើងគោក ជើង​ទឹក និង​អាកាស រួមទាំង​មានការ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ។

​សេចក្តីប្រកាស​ពី​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​ក្រោយពី​ប្រទេស​នេះ​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែឧសភា ឆ្នាំ​២០១៩។​

លោក ហុង មីង (Hong Ming) អ្នកវិភាគ​នៅ​វិទ្យាស្ថាន​ ដើម្បី​បង្រួបបង្រួម​ជាតិ​ទីក្រុង សេ​អ៊ូ​ល បានអោយដឹងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េខាងជើង គឺជា​ការផ្គើន​អាមេរិក និង​ជា​សម្ពាធ​លើ​អាមេរិក​អោយ​វិលត្រឡប់​ចូល​តុ​ចរចា​អោយបាន​ឆាប់។​

លោក Hong Ming បាន​បន្ថែមថា ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ម៉ោង ក្រោយពី​លោក ស្តេ​ហ្វិ​ន បេ​ហ្គែ​ន (Stephen Biegun) ប្រេសិត​ពិសេស​ទ​ទួ ល​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​របស់​អាមេរិក បាន​ទៅដល់​ទីក្រុង សេ​អ៊ូ​ល កូរ៉េខាងត្បូង។

​លោក ហារី កា​ស៊ា​នី​ស (Harry Kazianis) សមាជិក​ក្រុមអ្នកវិភាគ​អភិរក្សនិយម​នៅ​មជ្ឈមណ្ឌល Center for National Interest បានអោយដឹងថា ការសាកល្បង​មី​ស៊ី​ល និង​ការប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េខាងជើង កំពុង​ធ្វើអោយប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង និង​ប៉ះពាល់​ដល់​កិច្ចចរចា​ផងដែរ។

​លោក ហារី កា​ស៊ា​នី​ស បាន​បន្ថែមថា ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​បន្ត​បាញ់​សាកល្បង​អាវុធ​របស់ខ្លួន ហើយ​សមយុទ្ធ​យោធា​ក៏ត្រូវ​ធ្វើឡើង​ទៅតាម​ការ​គ្រោងទុក​មែន គឺ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​អាមេរិក​នឹងមាន​ភាព​ប្រេះស្រាំ​ហើយ។​

ចំណែក​កិច្ចចរចា​ក្នុង​ដំណើរ​ឈាន​ឆ្ពោះទៅរក​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​អាច​ត្រូវបាន​លុបចោល​ដែរ ហើយ​នៅពេលនោះ ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​អាមេរិក កូរ៉េខាងជើង និង​ខាងត្បូង នឹង​ឡើង​កំដៅ​កាន់តែខ្លាំង​មិន​ខាន។

​កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​អាមេរិក បាន​ឡើង​កំដៅ​ដល់​កម្រិត​កំពូល ដែល​ស្ទើរតែ​ផ្ទុះ​ជា​សង្គ្រាម​ទៅហើយ ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ដំបូង។

​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ញឹកញាប់ ហើយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆាំ​២០១៧ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ICBM ដែល​អាច​ហោះហើរ​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១២០០០​គីឡូម៉ែត្រ។​

ជាការ​ឆ្លើយតប​វិញ អាមេរិក បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​ប្រយុទ្ធ​របស់ខ្លួន​ទៅកាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ក្នុង​បំណង​ត្រៀម​វាយប្រហារ​ទៅលើ​កូរ៉េខាងជើង។ ប៉ុន្តែ​ការប៉ុនប៉ង​វាយប្រហារ​របស់​អាមេរិក មិនបាន​សម្រេច​ទេ៕​  លី​លី​

អត្ថបទដែលជាប់ទាក់ទង