Paulo Victor មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ទោះ​បី​លោក Leonardo Vitorino ​ចាកចេញ​ក៏ដោយ

(ភ្នំពេញ)៖ កីឡាករ Paulo Victor បានពន្យល់ពីការចាកចេញរបស់​លោកគ្រូបង្វឹក Leonardo Vitorino មិនមាន​ប៉ះ​ពាល់អ្វី​ដល់ការបន្តរួមរស់ជាមួយក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោន និង​ការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយក្លឹបនោះទេ ។

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលតែងតែរកគ្រាប់បាល់រាល់ការប្រកួតក្នុងដីរូបនេះ​បានបញ្ជាក់ថា៖​ « ទាំងអស់នេះវាគឺជាបាល់ទាត់អាជីព ហើយខ្ញុំក៏គោរពគ្រប់យ៉ាង​ជុំវិញ​ការ​សម្រេច​ចិត្តរបស់​ក្លឹប ខ្ញុំនៅ​គោរពតាមការដឹកនាំរបស់​គ្រូបណ្តោះ​អាសន្ន និង​ប្តេជ្ញាចិត្ត​នៅបន្តជាមួយក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន » ។

កីឡាករ ដែលរកគ្រាប់បាល់ជ័យជន្នះ ជូនក្រុមកាលពីជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបរូបនេះ បានលើកឡើង ជុំវិញការប្រកួតជាមួយក្រុមប៉ូលិស នាថ្ងៃនេះ ថា៖ « គ្រប់ការប្រកួតរបស់យើងទាំងអស់ វាពិតជាសំខាន់ណាស់ សម្រាប់យើង យើងត្រូវតែផ្តោតអារម្មណ៍​លើការប្រកួត ដើម្បីធ្វើបានល្អ​រាល់ការបង្ហាញ​ខ្លួន ហើយខ្ញុំក៏សង្ឃឹម ដែរ​ថា យើងនឹងឈ្នះការប្រកួតនាថ្ងៃនេះ » ​។

កីឡាករជនជាតិប្រេស៊ីលរូបនេះ បានបន្ថែមទៀតថា៖ « ​ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំងបន្ថែមទៀត នៅលើទីលាន ​ដើម្បីជួយក្រុម​ឲ្យទទួលបាន​ជោគជ័យ អ្វីៗទាំងអស់ គឺជាការធ្វើការងារជាក្រុម ប៉ុន្តែបើខ្ញុំជាអ្នក​ទាត់​ចូលទីនោះ ខ្ញុំក៏សប្បាយចិត្តកាន់តែខ្លាំងថែមទៀត » ​។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន Smart RSN ដើម្បីទទួល​ស្វាគមន៍​ក្រុមអគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​ការប្រកួត​នឹងធ្វើឡើង នាវេលាម៉ោង ៦ល្ងាច ហើយនេះ​ជាការប្រកួត​លើកទី៧ ក្នុងពានរង្វាន់លីគ​កំពូល​កម្ពុជា ដូច្នេះសូមអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន អញ្ជើញ​ចូលរួម​ទស្សនាឲ្យ​បានច្រើនកុះករ​៕

ប្រភព៖ ppcfc.com

អត្ថបទដែលជាប់ទាក់ទង