វិភាគ: លោក ត្រាំ ខកចិត្ត ដែលចិនមិនចរចាជាមួយអាមេរិកនិងរុស្ស៊ីស្តីពីអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់មេដឹកនាំប្រទេសចិន ក្នុងការមិនចូលរួមចរចាជាមួយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ស្តីពីអាវុធនុយក្លេអ៊ែរនៅពេលខាងមុខ ។

លោក ដូណាល់ ត្រាំ ខកបំណងលើចិន ដោយសារអាមេរិកបានស្នើទៅចិនអោយចូលរួមក្នុងកិច្ចចរចាត្រីភាគី មានអាមេរិក រុស្ស៊ី និងចិន ស្តីពីអាវុធនុយក្លេអ៊ែរ ក្នុងបំណងទប់ស្កាត់នូវការរីកសាយភាយកាន់តែខ្លាំងនូវអាវុធនុយក្លេអ៊ែរនៅជុំវិញពិភពលោក ។

ក្រោយពីទទួលបានសំណើរបស់អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្កឹង ស៊ួង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយបដិសេធមិនចួលរួមចរចាជាមួយអាមេរិក និងរុស្ស៊ី ស្តីពីអាវុធនុយក្លេអ៊ែរទេ ។

ហ្កឹង ស៊ួង បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ចិនមានបរិមាណតិចតួចណាស់ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលប្រទេសទាំងពីរនេះ អាចចរចាទ្វេភាគី ដោយមិនចាំបាច់មានវត្តមានរបស់ប្រទេសចិននោះទេ ។

មូលហេតុដែលអាមេរិកចង់អោយចិនចួលរួមកិច្ចចរចាស្តីពីអាវុធនុយក្លេអ៊ែរ ដោយសារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានពួនសម្ងំផលិតអាវុធទំនើបៗច្រើនណាស់ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ។

លោក ត្រាំ ធ្លាប់បានលើកឡើងជាញឹកញាប់ថា អាមេរិកមានសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយរុស្ស៊ី ដែលមិនអាចផលិតគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមបន្ថែមបាន ប៉ុន្តែចិនមិនមានចំណងផ្លូវច្បាប់ណាមួយក្នុងការហាមឃាត់ចិននោះទេ ។

សូមបញ្ជាក់ជូនថា ដោយសារតែចង់អោយចិនចូលរួមក្នុងសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរនេះហើយ ទើបលោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ។

សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម គឺជាសន្ធិសញ្ញាទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧កន្លងទៅ និងត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និងមេដឹកនាំកំពូលរបស់អតីតសហភាពសូវៀត លោក មីខាអ៊ីល ហ្គោបាតឆូវ (Mikhail Gorbatchev) ។

សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរទ្វេភាគី អាមេរិក រុស្ស៊ី នេះ គឺជាសន្ធិសញ្ញាដែលហាមឃាត់ទាំងអាមេរិក និងរុស្ស៊ី មិនអោយផលិត ឫដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងបំណងធ្វើសង្គ្រាមនោះទេ ។

គោលបំណងសំខាន់របស់អាមេរិក ដែលបានបង្កើតអោយមានសន្ធិសញ្ញានេះឡើង គឺដើម្បីទប់ស្កាត់មេដឹកនាំរបស់អតីតសហភាពសូវៀត ដែលបច្ចុប្បន្នជាប្រទេសរុស្ស៊ីនេះ មិនអោយដាក់ពង្រាយអាវុធនុយក្លេអ៊ែរគម្រាមប្រទេសអឺរ៉ុបកាលពីទសវត្សរ៍ឆ្នាំ៨០ ។

ប្រតិកម្មជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ក្រោយពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរជាមួយនឹងប្រទេសរុស្ស៊ី ។

មេដឹកនាំរបស់ប្រទេសមួយចំនួន រួមទាំងអ្នកជំនាញខាងកិច្ចការអន្តរជាតិនៅជុំវិញពិភពលោក បានសន្និដ្ឋានថា ការដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី ពីអាមេរិកនេះ គឺជាសញ្ញាវិជ្ជមានផង និងអវិជ្ជមានផងសម្រាប់អាមេរិកនៅពេលខាងមុខ ។

សញ្ញាវិជ្ជមាន គឺអាមេរិកមានឱកាសនឹងផលិតគ្រឿងសព្វាវុធគ្រប់ប្រភេទ មានគ្រាប់មីស៊ីោលជាដើមទៅតាមអ្វីដែលខ្លួនចង់បាន ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ សញ្ញាអវិជ្ជមានក៏កើតឡើងដែរ ដោយប្រទេសដ៏ទៃទៀតក៏មានសិទ្ធផលិតអាវុធដូចគ្នាដែរ ។

ខ្លឹមសារនៃសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី គឺជាសន្ធិសញ្ញាហាមឃាត់ទាំងអាមេរិក ទាំងរុស្ស៊ី មិនអោយបន្តការផលិតគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ៕លីលី

អត្ថបទដែលជាប់ទាក់ទង