វិភាគ​៖ កូរ៉េខាងជើង ​បង្ខំ​អាមេរិក​ ឲ្យ​ចូល​តុ​ចរចា​ដោយ​ការសាកល្បង​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​

ក្រោយពី​កូរ៉េខាងជើង ​បាន​សាកល្បង​ជើង​សាកល្បង​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​ជាច្រើន ​បាន​លើក​ឡើ​ថា លោក គីម ជុង​អ៊ុន កំពុង​បង្ខំ​លោក ដូ​ណា​ល់ ត្រាំ អោយចូល​តុ​ចរចា​ឡើងវិញ​ អោយបាន​ឆាប់​នៅពេល​ខាងមុខ។​

ហេតុផល​នៅត្រង់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អួត​ក្អេងក្អាង​ជា​ញឹកញាប់​ពី​ភាព​ស្ងប់​ស្ងាត់​នៅ​ឧបទ្វីប​កូរ៉េ ដោយ​កូរ៉េខាងជើង​ មិនបាន​សាកល្បង​មី​ស៊ី​ល ឫ​អាវុធ​នុយក្លេអ៊ែរ ដោយសារ​កិច្ចខិតខំ​ប្រឹង​ប្រែង​រប​ស់លោក។​

កូរ៉េខាងជើង​សាកល្បង​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត គឺជា​សារ​ប្រាប់​ទៅដល់​លោក ត្រាំ ថា ការ​អួត​ក្អេងក្អាង​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ លែងមាន​ប្រសិទ្ធភាព​ហើយ ដោយ​កូរ៉េខាងជើង​នឹង​បន្ត​សាកល្បង​សព្វាវុធ​របស់ខ្លួន​ជា​បន្តទៀត ប្រសិនបើ​អាមេរិក​មិន​ចូល​តុ​ចរចា។

​ម្យ៉ាងទៀត កូរ៉េខាងជើង​ក៏​ចង់​អួត​ប្រាប់​អាមេរិក​ផងដែរ​ថា កូរ៉េខាងជើង​មិន​ញញើត​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទេ ហើយ​ប្រទេស​នេះ​នៅតែមាន​សមត្ថភាព​ក្នុង​ការផលិត​គ្រឿង​សព្វាវុធ​ទំនើបៗ​បន្ថែមទៀត ទោះបី​មិន​ចរចា​ជាមួយ​អាមេរិក​ក៏ដោយ។​

ក្រុម​អ្នកជំនាញ​ជាច្រើន​បាន​លើក​ឡើ​ថា អាវុធ​នាំមុខ​ផ្នែក​បច្ចេកទេស (tactical guided weapons) ដែល​កូរ៉េខាងជើង​ បាន​សា​ក្បង​ល្បង​កាលពី​ថ្ងៃ​សៅរ៍ ទី​០៤ ខែឧសភា​នេះ គឺជា​អាវុធ​ដែល​បាញ់​តម្រង់​គោលដៅ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។

​លោក លី ប៊ី​យ៉ុង​ជុល (Lee Byong-chul) អ្នកជំនាញ​ផ្នែក​សិក្សា​គោលនយោបាយ​នៅ​ចុង​បូព៌ា​នៃ​សកលវិទ្យា​ល័យ ឃ្យុ​ង​ណា​ម (Kyungnam University) បានអោយដឹងថា កូរ៉េខាងជើង​អាច​នឹង​យក​អាវុធ​ដែល​ទើប​សាកល្បង​នេះ​ទៅ​ដាក់ពង្រាយ​នៅក្បែរ​តំបន់​ព្រំដែន។

​លោក លី ប៊ី​យ៉ុង​ជុល បាន​បន្ថែមថា ប្រសិនបើ​កូរ៉េខាងជើង​ដាក់ពង្រាយ​មី​ស៊ី​ល​ដែល​ទើប​សាកល្បង​នេះ​នៅតាម​តំបន់​ព្រំដែន អាវុធ​នេះ​អាច​វាយប្រហារ​បាន​យ៉ាង​ងាយ​លើ​ទីក្រុង សេ​អ៊ូ​ល កូរ៉េខាងត្បូង ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង​១០​លាន​នាក់។

​អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​ផ្សេងទៀត បាន​លើកឡើងថា ការសាកល្បង​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត ឫ​អាវុធ​នាំមុខ​ផ្នែក​បច្ចេកទេស​(tactical guided weapons)​របស់​កូរ៉េខាងជើង គឺជា​បច្ចេកទេស​ថ្មី​ដែល​ធ្វើអោយ​យុទ្ធសាស្ត្រ​ចាស់​របស់​ប្រទេស​នេះ​រស់​ឡើងវិញ។​

លោក ម៉ា​យ​ឃើ​ល ជេ ម៉ូ​រែ​ល (Michael-J-Morell) អតីត​នាយករង​របស់​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់ CIA របស់​អាមេរិក បាន​និយាយថា កូរ៉េខាងជើង​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ចាស់​ដោយ​ការសាកល្បង​អាវុធ ក្នុង​ការជំរុញ​ប្រសិទ្ធភាព​លើ​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន។

​លោក ម៉ា​យ​ឃើ​ល ជេ ម៉ូ​រែ​ល បាន​បន្តថា យុទ្ធសាស្ត្រ​ថ្មី​របស់​កូរ៉េខាងជើង គឺ​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ក្រោយពី​កិច្ចចរចា​ចំនួន​ពីរលើក​រវាង​ភាគី​ទាំងពីរ​ត្រូវ​បរាជ័យ កូរ៉េខាងជើង​បាន​យក​យុទ្ធសាស្ត្រ​សាក​ល្បង​អាវុធ​មក​ប្រើ ដើម្បី​ជំរុញអោយមាន​កិច្ចចរចា។

​រហូតដល់​ខែឧសភា​ឆ្នាំ​២០១៩​នេះ កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​ក្នុង​ដំណើរ​ឈានឆ្ពោះ​ទៅរក​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​និង​បច្ចេកវិទ្យា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅមាន​ជីវិត​នៅឡើយ គឺ​មិនទាន់​ស្លាប់​ទេ។​

មេដឹកនាំ​របស់​អាមេរិក និង​កូរ៉េខាងជើង នៅតែ​រក្សា​ជំហរ​ក្នុងការ​ជួបចរចា​ជាមួយគ្នា​សារជាថ្មី ប៉ុន្តែ​គ្រាន់តែ​ភាគី​ទាំងពីរ​ មិនទាន់​បានកំណត់​ពេលវេលា​ជាក់លាក់ និង​មិនទាន់​រៀបចំ​ក្រុមការងារ​ ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ឡើងវិញ។

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅតែ​មានជំនឿថា លោក​នឹង​សម្រេច​អោយបាន​នូវ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ទាក់ទិន​នឹង​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ​នៅពេល​ខាង​មុខនេះ៕  ​លី​លី​

អត្ថបទដែលជាប់ទាក់ទង