ភ្លែនអន្តរជាតិ ​បិទបញ្ចប់​តំបន់​ប្រតិបត្តិ​កម្មវិធី​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​ ក្រោយ​អនុវត្ត​គម្រោង​អស់រយៈ​ពេល​១៥ឆ្នាំ​

(ត្បូងឃ្មុំ)៖ សេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិ ដែលអង្គភាព Swift News ទទួលបាននៅថ្ងៃទី០៩ ខែ​ឧសភានេះ បានឲ្យដឹងថា អង្គការភែ្លនអន្តរជាតិបាន «បិទបញ្ចប់តំបន់ប្រតិបត្តិកម្មវិធីប្រចាំខេត្តត្បូងឃ្មុំ» បន្ទាប់ពីបានអនុវត្តគម្រោងលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ក្នុងខេត្តនេះអស់រយៈពេល១៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពី២០០៤ម្ល៉េះ។

នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ លោក យី គីមថាន បានលើកឡើងថា ដកខ្លួនចេញពីខេត្តនេះ ដោយសារស្ថានភាពជីវភាពប្រជាជន ក៏ដូចជាស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី នៅក្នុងតំបន់គោលដៅខេត្តត្បូងឃ្មុំមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។

លោក យី គីមថាន នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ

លោក យី គីមថាន បន្ថែមថា៖ «កម្មវិធីរបស់យើងរួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី មានភាពប្រសើរឡើងច្រើន ជាពិសេស គឺពាក់ព័ន្ធនឹងសិទ្ធិទទួលបានសុខភាពល្អពីកំណើត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ សិទ្ធិចូលរួម និងទទួលបានការការពារពីគ្រប់ទម្រង់នៃការរើសអើង។ រយៈពេល​១៥ឆ្នាំមកនេះ យើងបានធ្វើការជាមួយកុមារ និងគ្រួសាររបស់គាត់ប្រមាណ ២.៥សែននាក់»។

បើតាមលោក យី គីមថាន ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ អាជ្ញាធរ និង​សហគមន៍នាពេលកន្លងមក គម្រោងនេះទទួលបានសមិទ្ធផលសំខាន់ៗគួរឲ្យសារទររួមមាន បង្កើតក្លិបកុមារ គាំទ្របណ្តាញការពារកុមារ បង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជន សាងសង់សាលារៀនថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ មតេ្តយ្យសហគមន៍ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល ស្ថានីយ៍ផលិតទឹក អណ្តូងទឹក និងបង្គន់អនាម័យ ជាពិសេសពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញនានានៅថ្នាក់ខេត្ត និងអង្គការដៃគូ។

សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ ចាប់ផ្តើមប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០០៤ ដោយធ្វើការក្នុងស្រុកចំនួន២ គឺ ស្រុកតំបែរ និងពញាក្រែក ដែលគ្របដណ្តប់លើឃុំចំនួន១៧ និងភូមិចំនួន១៥២។ ក្នុងតំបន់​គោល​​ដៅនេះ អង្គការភ្លែនអន្តរជាតិ ផ្តោតលើ កម្មវិធីមួយចំនួនរួមមាន៖គាំពារនិងអភិវឌ្ឍន៍កុមារតូច, កិច្ចការពារកុមារ, ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ, ការបង្កើនកម្រិតជីវភាពគ្រួសារ,និងការអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ, ការចូលរួមរបស់កុមារ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ៕

 

អត្ថបទដែលជាប់ទាក់ទង