រាជរដ្ឋាភិបាលកម្ពុជា​ចាត់ទុក​វិស័យវាយភណ្ឌ​ ជាសក្ដានុពល​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយក្រុមហ៊ុនបញ្ជាទិញធំៗ នៅទីក្រុងហុងកុង នាដើមសប្តាហ៍នេះ បានធ្វើការពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និងជំហររបស់រាជរដ្ឋាភិ​បាល ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ ៣០% នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងការបញ្ជាទិញកាន់តែច្រើនពីក្រុមហ៊ុនទាំងអស់នោះ។

ក្នុងនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ គោលនយោបាយគាំពារវិនិយោគ កាលានុវត្តភាពធុរកិច្ច និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ សំដៅលើកកម្ពស់បរិយាសវិនិយោគ ជាពិសេស​ជួយ​សម្រួល​ការធ្វើធុរកិច្ចរបស់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨៥ម៉ឺននាក់ នៅក្នុងនោះចំនួនរោងចក្រសរុប មានប្រមាណ ១,៥៨៥ទីតាំង គឺបានកើនឡើង ៤,១% បើធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ជាង ១០ប៊ីលានដុល្លារ ដែលកើនឡើងប្រមាណ ២៤,៧% បើ​ធៀប​នឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង