បទ​វិចារ​ណា​កថា​៖ ហេតុអ្វី ជនជាតិ​ចិន មាន​កាំភ្លើង​កាន់ បាញ់សម្លាប់​គ្នា​?

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ចិន​បាញ់សម្លាប់​ចិន​គ្នាឯង នៅក្នុង​ឡាន Highlander ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2X-3970 ហើយ​រុញ​ទម្លាក់ សព​នៅ​កណ្តាលផ្លូវ ខណៈដែល​ចរាចរណ៍​ចង្អៀត​ណែន និង​កណ្តាលថ្ងៃត្រង់​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅមុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ហេតុការណ៍​ភ្លាមៗ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់ Swift News ថា បុរស​ជនសង្ស័យ​ចំនួន ២​នាក់ ជា​ជន​ជាតិចិន ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច កំពុង​តាមរក​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ ប៉ុន្តែ​ចំពោះ​មូលហេតុ​នៃ​ការបាញ់សម្លាប់​បុរស​ជនជាតិ​ចិន​នោះ សមត្ថកិច្ច មិនទាន់​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​។​

ករណី​ជនជាតិ​ចិន មាន​កាំភ្លើង បាញ់សម្លាប់​គ្នា និង​បង្ក​អំពើហិង្សា នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចិន​ចូលមក​រកស៊ី និង​រស់នៅ​ច្រើន​នោះ គឺ​បានកើត​ឡើងជា​ញយ​ដង​រួចមកហើយ​។ ករណីនេះ នាំ​ឲ្យ​មានការ​ចោទសួរ​ថា តើ​ចិន​ទាំងនោះ បាន​កាំភ្លើង មកពីណា​? ហើយ​អង្គភាព​ណា ផ្តល់​ឲ្យ​? តើ​មាន​លិខិតអនុញ្ញាត​អត់​? ​​ឬជាអាវុធខុសច្បាប់​? ករណីនេះ គប្បី​ត្រូវ​ស្រាវ​ជ្រាវ​។​

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ គឺ​មិនត្រូវ​ទាល់តែសោះ ដែល​សមត្ថកិច្ច​យើង អនុញ្ញាត​ឲ្យ​អ្នកទេសចរ ឬ​អ្នករកស៊ី ជា​ជនបរទេស ពិសេស​ចិន មាន​កាំភ្លើង ហើយ​បើទោះបីជា​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ណាក៏ដោយ ដែល​ចេញ​លិខិតអនុញ្ញាត​ច្បាប់ ឲ្យ​ចិន​មាន​សិទ្ធិ​កាន់​កាំភ្លើង​នោះ គួរតែមាន​ស្មារតី​សន្តិសុខ​និយម ជាតិនិយម ឬ​កម្ពុជា​និយម​។

​ដូច្នេះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​យើង ត្រូវ​គិត​វែងឆ្ងាយ កុំ​ចេះតែ​លក់​កាំភ្លើង ឬក៏​ឲ្យ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង ទៅ​ជន​ជាតិចិន​ទាំងអស់នោះ ពីព្រោះ​ជនជាតិ​ចិន ជាទូទៅ មាន​ច​រិ​ក​ឆេវឆាវ​ណាស់ ហើយ​នៅពេល​មាន​បញ្ហា​ដូចនេះ នាំ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ ហើយ​បង្ក​ជា​សំណួរ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា ថា​ម៉េច​បានជា​វា​ទៅ​អីចឹង​? ហេតុអ្វី​បានជា​ចិន នៅ​កំពង់សោម មាន​កាំភ្លើង​?

​នរណា​មករក​ស៊ី​នៅ​ស្រុក​យើង ក៏​យើង​ស្វាគមន៍​ដែរ​។ ប៉ុន្តែ​កុំ​ស្វាគមន៍​រហូតដល់​ឲ្យ​បរទេស​ទាំងនោះ មាន​កាំភ្លើង​កាន់ ដែល​វា​ជ្រុល​ពេក​ហើយ​។​

​ចាប់ពី​ពេល​តទៅ កងកម្លាំងប្រដាប់អាវុធ ពិសេស​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ត្រូវធ្វើ​ការងារ​ធ្ងន់​ជាង​មុន ដោយ​សហការ​ជាមួយ​ក្រុមការងារ​ពិសេស​របស់​ក្រសួង​មហាផ្ទៃ ដែល​បញ្ជូនទៅ​ពី​ភ្នំពេញ ដើម្បី​អនុវត្ត​ច្បាប់​តឹងរឹង​ជាង​មុន ពិសេស​លើ​ជនជាតិ​ចិន​។

​ករណី​ចិន​មាន​កាំភ្លើង បាញ់សម្លាប់​មនុស្ស និង​បង្កជម្លោះ​ក្នុងចំណោម​ជនជាតិ​ចិន​គ្នាឯង គឺជា​អាទិភាព មុននឹង​ឈានដល់​ការបង្កើន​កិច្ចការពារ​សន្តិសុខ ពិសេស​បង្ការ​ករណី​ចាប់​ជម្រិត ដែល​នឹង​អាច​កើតមាន​ជាយ​ហេតុ​រវាង​ចិន និង​ចិន​ផង ឬក៏​អាច​នឹងមាន​ជនជាតិ​ចិន​ខិលខូច​មួយចំនួន ដែលមាន​កាំភ្លើង អាច​នឹងធ្វើ​សកម្មភាព បង្ក​អសន្តិសុខ​ណាមួយ ក៏​អាច​ថា​បាន បើសិនជា អាជ្ញាធរ​សមត្ថកិច្ច បណ្តែតបណ្តោយ និង​ដោយសារតែ​ចង់បាន​លុយ​ចិន​ខ្លាំងពេក​?​

អត្ថបទដែលជាប់ទាក់ទង