កម្ពុជា អបអរ​ទិវា​ឆ្មប​ជាតិ ក្រោមប្រធានបទ “​ឆ្មប គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រី​”

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល​កម្ពុ​ជា ប្រារព្ធ និង​អបអរសាទរ​ទិវា​ឆ្មប​ជាតិ ដោយ​ផ្តោត​សំខាន់​ទៅលើ​តួនាទី​របស់​ឆ្មប ជា​អ្នកការពារ​សិទ្ធិ​ស្ត្រី ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​។ ប្រធានបទ​សំខាន់​សម្រាប់​ទិវា​ឆ្មប​ជាតិ ថ្ងៃ​៥​ឧសភា នៅ​ឆ្នាំនេះ ត្រូវបាន​ក្រសួងសុខាភិបាល ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​ឆ្មប គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រី​”​។​

​ក្រសួងសុខាភិបាល លើកឡើងថា “​ឆ្លងទន្លេ​” គឺជា​ឃ្លា​ដែល​ប្រជាជន​ខ្មែរ​ប្រើ ដើម្បី​ពណ៌នា​ការផ្តល់​កំណើត​ទារក ដែល​ឆ្លុះបញ្ចាំង​ពី​ការពិតជា​ស្ត្រី​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន នៅពេល​ផ្តល់កំណើត​។ សិទ្ធិ​រស់រាន​មានជីវិត គឺជា​សិទ្ធិមនុស្ស​។ ការជ្រើសរើស​យក​ប្រធានបទ “​ឆ្មប គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រី​” គូសបញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ឆ្មប​ក្នុងការ​ធានា​ឲ្យ​ស្ត្រី និង​ទារក​ទើបនឹង​កើត អាចមាន​មាតុភាព និង​សម្រាលកូន​ដោយ​សុខ​សុវត្ថិភាព​។ ឆ្មប ក៏​ដើរតួនាទី​សំខាន់ ក្នុងការ​ធានាថា កុមារ​អាចមាន​សុខភាព​ល្អ​ពេញ​មួយជីវិត​របស់គេ​។​

​ក្រសួងសុខាភិបាល បន្តថា ឆ្មប​ក៏មាន​សារៈសំខាន់​ផងដែរ ក្នុងការ​ធានាថា ស្ត្រី​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯង អំពី​ជីវិត​ផ្លូវភេទ និង​ជម្រើស​នៃ​ការបន្ត​ពូជ​របស់​ពួកគេ រួមមាន​ពេលវេលា និង​ចំនួន​កូន ដែល​ពួកគាត់​ចង់បាន និង​តាមរយៈ​ការផ្តល់​ការថែទាំ​ប្រកបដោយ​គុណភាព ដោយ​មិន​គិតពី​អត្តសញ្ញាណ​របស់​អ្នកជំងឺ ឬ​ឋានៈ​សង្គម​នោះឡើយ​។​

​ក្រសួងសុខាភិបាល បន្ថែមថា ឆ្មប​បានធ្វើ​ការងារ​សំខាន់ៗ ជាច្រើន នៅក្នុង​ទសវត្សរ៍​កន្លងមក ដើម្បី​កាត់បន្ថយ​អត្រា​មរណ​មាតា និង​ទារក នៅ​កម្ពុជា និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​​សហ​វត្សរ៍​ទី​៤ និង​ទី​៥​។ សមិទ្ធផល​ទាំងនេះ អាច​សម្រេចបាន​ក្រោម​ការដឹកនាំ និង​ការប្តេជ្ញាចិត្ត​យ៉ាងរឹង​មាំ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព និង​ធនធានមនុស្ស ជាពិសេស​តាមរយៈ​ការបណ្តុះបណ្តាល ការជ្រើសរើស​បុគ្គលិក និង​ការរក្សា​បុគ្គលិក​ឆ្មប​។​

​ក្រសួងសុខាភិបាល ក៏បាន​លើកឡើងថា អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០០៨ បានកំណត់​យក​ថ្ងៃទី​០៥ ខែឧសភា ជា​ថ្ងៃ​ទិវា​ឆ្មប​ជាតិ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ឆ្មប និង​ដើម្បី​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ ក្នុងការ​ការពារ និង​លើកកម្ពស់​សុខភាព​។ គោលបំណង​សំខាន់ៗ នៃ​ទិវា​ឆ្មប​ជាតិ នៅ​ឆ្នាំនេះ រួមមាន​៖ បង្ហាញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប ក្នុងការ​ធ្វើ​ឲ្យ​សិទ្ធិ​ស្ត្រី​កាន់តែ​ប្រសើរឡើង ក្នុងការ​ថែទាំ​សុខភាព ផ្តល់​ចំណេះដឹង​អំពី​ការទទួលខុសត្រូវ​រប​ស់​ឆ្មប ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិ​ស្ត្រី និង​លើកកម្ពស់​ភាពស្មើគ្នា​នៃ​សិទ្ធិ និង​ឱកាស​សម្រាប់​ឆ្មប​គ្រប់រូប និង​ការចែករំលែក​ចំណេះដឹង​គ្នា​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ ក្រសួងសុខាភិបាល ក៏បាន​គូសបញ្ជាក់ថា “​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​របស់​ប្រទេស​កម្ពុជា ក្នុង​គោលដៅ​កាត់បន្ថយ​អត្រា​មរណភាព​មាតា ទារក និង​កុមារ ពឹង​ផ្អែក​លើ​ការខិតខំ​ប្រឹងប្រែង​បន្ត​របស់​ឆ្មប និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ជាពិសេស​អ្នក​ដែល​បម្រើសេវា​នៅ​ជួរ​មុខ​។ តួនាទី​របស់​ឆ្មប មិន​ត្រឹមតែ​ផ្តល់​អន្តរាគមន៍ ដើម្បី​ឲ្យ​ការឆ្លង​ទន្លេ​សុខ​សុវត្ថិភាព​ប​តែមួយ​មុខ​នោះទេ តែ​ក៏មាន​តួនាទី​ជួយ​ស្ត្រី​ឲ្យ​មាន​អារម្មណ៍​សុវត្ថិភាព ផាសុកភាព សេចក្តីថ្លៃថ្នូរ និង​មានបទពិសោធន៍​វិជ្ជមាន​ទាំង​ក្នុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាលកូន​”​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា “​យើង​មិនអាច​សម្រេច​សមិទ្ធផល​សំខាន់ និង​ជួយសង្គ្រោះ​ជីវិត​ទាំងនេះ​បានទេ ប្រសិនបើ​មិនមាន​ការចូលរួម​ពី​ឆ្មប​។ ក្នុងឱកាស​នេះ ខ្ញុំ​សូមបញ្ជាក់ថា យើង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ និង​ឲ្យ​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការងារ​ដ៏​សំខាន់ ដែល​ឆ្មប​បានធ្វើ និង​បន្តធ្វើ ដើម្បី​ជា​ប្រយោជន៍​ដល់​អនាគត​របស់​ប្រទេស​កម្ពុជា​”​។​

​សូមបញ្ជាក់ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ក៏​បានចេញ​សារលិខិត ផ្ញើជូន​បងប្អូន​ជនរួមជាតិ ក្នុង​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩​។​

​ក្នុង​សារលិខិត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​ស្ត្រី​គ្រប់រូប សូម​មក​ទទួល​ការពិនិត្យ​ថែទាំ ឲ្យ​បាន​ទៀងទាត់ ពី​ឆ្មប​ជំនាញ ក្នុងពេល​ពរ​ពោះ និង​ក្រោយពេល​សម្រាល ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ ទាំង​មាតា ទាំង​ទារក​៕​

អត្ថបទដែលជាប់ទាក់ទង