សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប សូម​មក​ទទួល​ការពិនិត្យ ថែទាំ​សុខភាព​ឲ្យ​បាន​ទៀងទាត់​

(​ភ្នំពេញ​)៖ តាមរយ​:​សារលិខិត​ផ្ញើជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុង​ទិវា​ឆ្មប​អន្តរជាតិ ថ្ងៃ​៥​ឧសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​ស្ត្រី​គ្រប់រូប សូម​មក​ទទួល​ការពិនិត្យ​ថែទាំ ឲ្យ​បាន​ទៀងទាត់ ពី​ឆ្មប​ជំនាញ ក្នុងពេល​ពរ​ពោះ និង​ក្រោយពេល​សម្រាល ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ ទាំង​មាតា ទាំង​ទារក​។

​ជាមួយនឹង​ការអំពាវនាវ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សូម​ឲ្យ​ស្ត្រី ធ្វើការ​ពន្យារកំណើត​ពី​កូន​មួយ​ទៅ​កូន​បន្ទាប់ ឱ្យបាន​បី​ឆ្នាំ និង​សូម​យក​ទារក និង​កុមារ​តូច មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​ឱ្យបាន​គ្រប់​ចំនួន​តាម​ពេល​កំណត់​។​

​ក្នុង​សារលិខិត​ដដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​គាំទ្រ និង​វិនិយោគ​បន្ត និង​ជាប្រចាំ ទៅលើ​អន្តរាគមន៍ គន្លឹះ​ផ្នែក​ការងារ​ធ្ម​ប ព្រោះថា ឆ្មប គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រី ឆ្មប​ជា​អ្នក​គាំពារ​សុខភាព និង​សិទ្ធិ​បន្ត​ពូជ មានតែ​ឆ្មប​ទេ ដែល​អាចជួយ​ស្ត្រី​ជា​មាតា ទារក និង​កុមារ​ទាំងអស់ ឲ្យ​ទទួលបាន​នូវ​សេវា​ថែទាំ​គាំពារ និង​សង្គ្រោះ​ជីវិត​ក្នុងពេល​ពរ​ពោះ ពេល​សម្រាល និង​ក្រោយ​សម្រាល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផ្តល់​លទ្ធភាព​ជំរុញ​ការងារ​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស​សុខភាព​មាតា ទារក និង​កុមារ ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​គ្របដណ្តប់​សេវា​សុខាភិបាល​ជាស​កល ជាមិនខាន​៕

អត្ថបទដែលជាប់ទាក់ទង