ក្រសួង​ការងារ រកឃើញ​ស្រី​ស្អាត​ប្រុស​ស្អាត “​ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៩”

(​ភ្នំពេញ​)៖ ក្រោយ​ការប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រាត្រី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ គណៈកម្មការ​វាយតម្លៃ​ការប្រកួត ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខជន​-​បេ​ក្ខ​នារី ដែលជា​កម្មករ​-​កម្មការិនី​ជ័យលាភី សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ស្ទឹងមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​បេក្ខជន​-​បេ​ក្ខ​នារី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៩​នេះ រួមមាន​៖
* សម្រាប់​បេក្ខជន​៖
-​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេក្ខជន លឿង វិសាល ពាក់​ស្លាក​លេខ​៨ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​
-​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន សុខ មនោ​ចិន ពាក់​ស្លាក​លេខ​៩ មកពី​មណ្ឌល​ខេត្តបន្ទាយមានជ័យ​
-​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេក្ខជន រដ្ឋា ថៃ​លី ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​ខេត្តស្វាយរៀង​។​

* សម្រាប់​បេ​ក្ខ​នារី​៖
-​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី យ៉ុ​ន កាន់​ទី​ម៉ា ពាក់​ស្លាក​លេខ​២ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​
-​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី សុន ស្រី​ពៅ ពាក់​ស្លាក​លេខ​៣ មកពី​មណ្ឌល​ខេត្តស្វាយរៀង​
-​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេ​ក្ខ​នារី លី ណៃ​ហ៊ាង ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​។​

​ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បក្ខ​នារី ដែល​ចូលរួម​ក្នុងការ​ប្រឡង​វិញ រួមមាន​៖
-​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៥​លាន​រៀល​, ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​, ៥០០​ដុល្លារ ពី​ទ្រូ​ម៉ា​នី​, គូ​ប៉ុង​ចំនួន ១​លាន​រៀន ពី​ហាង​លក់​សម្លៀកបំពាក់ Mr. Man, រ៉ូ​ប​រាត្រីសមោសរ និង​អាវ​ខ្មែរ​ពី​ហាង​កាត់ដេរ បូរ៉ា​និ​ច​

-​ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៤​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​
-​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៣​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​
-​ជ័យលាភី​កិត្តិយស​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​
-​អ្នក​មិន​ទទួលបាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ចំនួន ១​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ត្រូវបាន​បង្កើតឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចំនួន ៤​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជាពិសេស​ពី​ក្មួយៗ​កម្មករ​-​កម្មការិនី​យើង​។ ឆ្នាំនេះ គឺជា​លើក​ទី​៥ ហើយ ដែល​ក្រសួង​ការងារ​បានរៀបចំ​កម្ម​វិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ដែល​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន ដោយមាន​ការចូលរួម​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) និង​ដៃគូ​ពាក់ព័ន្ធ​នានា សំដៅ​លើក​តម្លៃ​កម្មករ​-​កម្មការិនី និង​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​ទៀត ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព »​។​

​ឯកឧត្តម​បន្តថា ការរៀបចំ​កម្មវិធី​ដ៏​សប្បាយរីករាយ​ថ្ងៃនេះ ផ្តើម​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង ៧%​ក្នុង​មួយឆ្នាំ ដែល​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​យើង​ជាង ៩៩,៣% ជោគជ័យ​នៃ​ការអនុវត្ត​នូវ​សិទ្ធិ​ការងារ ការលើក​កម្ពស់​លក្ខខណ្ឌ​ការងារ ការលើកកម្ពស់​តម្លៃ​ការងារ និង​ជីវភាព​រស់នៅ​ដល់​ក្មួយៗ​កម្មករនិយោជិត រួមទាំង​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​ផ្លែផ្កា​។ តាមរយៈ​កម្មវិធី​នេះ យើង​សង្ឃឹម​ជឿជាក់ថា ក្មួយៗ​កម្មករ កម្មការិនី របស់​យើង​នឹង​កាន់តែ​ស្រឡាញ់ និង​មាន​មោទនភាព​ចំពោះ​ការងារ​ដែល ខ្លួន​កំពុងតែ​ធ្វើ សំដៅ​ចូលរួម​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​

​តាមរយៈ​ការប្រឡង​នេះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ​កម្មករ​-​កម្មការិនី​ត្រូវមាន​មោទនភាព​​ថា ពិតជា​បានបង្ហាញ​ពី​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន ដោយ​មិន​ត្រឹមតែ​ពូកែ​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូប​សម្ផស្ស​ស្រស់ស្អាត មានចំណេះដឹង​ពី​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ការងារ និង​សន្តិសុខ​សង្គម និង​មាន​សមត្ថភាព​សិល្បៈ​ផ្សេងៗ​ទៀតផង​។​

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ នៅ​ឆ្នាំក្រោយៗ​ទៀត ហើយ​សង្ឃឹមថា កម្មករ​-​កម្មការិនី នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ កាន់តែ​អធិកអធម​ថែមទៀត​៕​

អត្ថបទដែលជាប់ទាក់ទង