រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​រដ្ឋមន្ត្រី​ព័ត៌មាន​ថា ពុំមាន​សមត្ថកិច្ច អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានឡើយ​

(​ភ្នំពេញ​)៖ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជម្រាបជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពុំមាន​សមត្ថកិច្ច អនុញ្ញាត​ជូន​គណៈប្រតិភូ​អ្នកសារព័ត៌មាន​អន្តរជាតិ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​បានឡើយ​។​

​លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បានបញ្ជាក់​ដូច្នេះ តប​នឹង​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​សុំ​នាំ​អ្នកកាសែត​អន្តរជាតិ ប្រមាណ ៥០០ នាក់ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ឥត​បង់ថ្លៃ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា អ្នកសារព័ត៌មាន​អន្តរជាតិ ប្រមាណ ៥០០​នាក់ មកពី​ទូទាំង​ពិភពលោក នឹងត្រូវ​ចូលរួម​សន្និសីទ​សារព័ត៌មាន​អាស៊ី ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។

​ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​នេះ ក្រសួង​ព័ត៌មាន បានរៀបចំ​ឲ្យ​ក្រុមអ្នកកាសែត​បរទេស​ទាំង​ប្រមាណ ៥០០​នាក់​នោះ បាន​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត ដោយ​ឥតគិតថ្លៃ​។

ក៏ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បដិសេធ ដោយ​អះអាងថា មិនមែនជា​សមត្ថកិច្ច​របស់ខ្លួន​ឡើយ​។ ដូច្នេះហើយ បានជា​ក្រសួង​ព័ត៌មាន រៀបចំ​បង្វែរ​ឲ្យ​អ្នកកាសែត​បរទេស​ទាំង​នោះ ទៅ​ទស្សនា​សារមន្ទីរ​មីន របស់​ស៊ីម៉ាក នៅ​ខេត្តសៀមរាប​នោះ ជំនួស​វិញ​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សន្និសីទ​សារព័ត៌មាន​អាស៊ី ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នឹងធ្វើ​ឡើង នៅ​ខេត្តសៀមរាប ដែល​កម្ពុជា​យើង ជា​ម្ចាស់ផ្ទះ ហើយក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង​បណ្តា​រដ្ឋមន្ត្រី​មកពី​ប្រទេស​ក្នុង​តំបន់ ដោយមាន​អ្នកកាសែត​ក្នុង​តំបន់ ចូលរួម​ប្រមាណ ៥០០​នាក់​។​

​ក្នុងនោះ ក្រសួង​ព័ត៌មាន មានបំណង ចង់​ឲ្យ​អ្នកកាសែត​បរទេស​ទាំង​នោះ យល់ដឹង​ពី​វប្បធម៌​ថ្លៃថ្នូរ និង​ដ៏​ខ្ពង់ខ្ពស់​របស់​កម្ពុជា ក៏បាន​រៀបចំ​លិខិត​មួយ ស្នើសុំ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​នាំ​អ្នកកាសែត ៥០០​នាក់​នោះ ទៅ​មើល​អង្គរវត្ត​។ ផ្ទុយទៅវិញ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិនបាន​សម្រេច​តាម​ការស្នើសុំ​នេះ​ទេ​។ ដូច្នេះហើយ បានជា​ក្រសួង​ព័ត៌មាន អស់ជម្រើស មានតែ​នាំ​អ្នកកាសែត​ទាំង ៥០០​នាក់​នោះ ទៅ​មើល​មីន​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង