ថ្ងៃអាទិត្យ​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ នៅ​កែប បាន​ចំនួន​ជិត ៣​ពាន់​នាក់​

(​ខេត្ត​កែប​)៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុងការ​ចុះជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដោយមាន​ផ្តល់​អំណោយ​ថ្នាំពេទ្យ​ផង ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កែប នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩ បាន​ចំនួន ២៩៨៩ នាក់ ក្នុងនោះ ស្ត្រី​មាន​ចំនួន ២០៦២ នាក់​។​

​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បានចាត់ទុក​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ថា​ជា​បេសកកម្ម​ប្រកបដោយ​ឆន្ទៈ​ស្រួចស្រាល និង​បង្ហាញ​ពី​ស្មារតី​ដ៏​ផូរផង់ សម្រាប់​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​វិស័យ​សុខាភិបាល ដោយ​មិន​ប្រកាន់​បក្សពួក សាសនា ឬ​ពី​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ សកម្មភាព​នេះ ក៏​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ ស្របទៅតាម​គោលដៅ​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូម​រម្លឹកថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​សុទ្ធតែជា​វេជ្ជបណ្ឌិត​ជំនាញៗ មកពី​ក្រៅប្រទេស និង​ក្នុងប្រទេស ធ្វើការ​នៅតាម​មន្ទីរពេទ្យ​រ្ដឋ និង​ឯកជន មានបទពិសោធន៍​យូរ​ឆ្នាំ បាន​ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ​សាលា​បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់​ចង្អើរ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩​។​

​ការពិគ្រោះ​ជំងឺ រួមមាន​៖ ជំងឺ​ទូទៅ ជំងឺផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​តម្រង់​នោម អេកូ​សាស្ត្រ ព្យាបាល​របួស និង​វះកាត់​តូច​…​។​ល​។​

​សូម​រម្លឹកថា នៅ​រៀងរាល់​ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី តែងតែ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។ ដំណើរ​ពិនិត្យ​ព្យាបាល​នេះ បានធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​បង្កើតឡើង កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១២ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី គិត​ត្រឹម​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ពោលគឺ​រយៈពេល ៦​ឆ្នាំ ត្រូវជា ៧២ ខែ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន​ម៉ា​នី ចំនួន ៤២៧៥ នាក់ បាន​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១៦៣​លើក ដោយមាន​ប្រជាពលរដ្ឋ ចំនួន ៣៧៧ ៤៣៤ នាក់ ( សាប​សិប​ប្រាំ​ពីរម៉ឺន ប្រាំ​ពីរពាន់ បួន​រយ សាប​សិប​បួន នាក់ ) នៅក្នុង ១៦ រាជធានី​ខេត្ត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯ​ឧ​ត្ត​ម ហ៊ុន ម៉ា​នី​៕​

អត្ថបទដែលជាប់ទាក់ទង