ស្វែងយល់ពីខ្សែចង្វាក់ផលិតកម្មសាច់មាន់ មានសុវត្ថិភាពបំផុត ដល់សុខភាពអ្នកទទួលទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

(កំពត)៖ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ លោក អ៊ុន ប៊ុនថុល តែងតែគិតគូរពីសន្តិសុខ និងសុវត្ថិភាពផ្លូវកាយរបស់ប្រជាពលរដ្ឋ និងធ្លាប់បានចំណាយកម្លាំងកាយ និងពេលវេលាចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅបានសុខ និងប្រកបមុខរបរសម្រាប់បង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាពង្រឹងសេដ្ឋកិច្ចនៅក្នុងសង្គមជាតិ ហើយរហូតមកពេលនេះ លោកនៅតែគិតពីសន្តិសុខ និងសុវត្ថិភាពដដែល នៅពេលប្រទេសជាតិកាន់តែរីកចម្រើន រីឯប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា។

អ្វីដែលលោកធ្វើនៅពេលនេះ គឺធ្វើតាមប្រព័ន្ធសុខភាពសាធារណៈវិញម្តង ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពកាន់តែល្អ តាមរយៈការទទួលទានចំណីអាហារប្រកបដោយអនាម័យ និងមានសុវត្ថិភាពបំផុតដល់សុខភាព។

ដោយសារការគិតបែបនេះហើយ ទើបលោកសម្រេចបង្កើតក្រុមហ៊ុនមួយ ឈ្មោះ ៣ភីអិលអ៊ី ហ្វាម (3PLe Farm Co. Ltd.) ដើម្បីគ្រប់គ្រងកសិដ្ឋានចិញ្ចឹមមាន់សាច់ សត្តឃាតដ្ឋានមាន់ និងរោងចក្រផលិត កែច្នៃ និងវេចខ្ចប់ផលិតផលសាច់ខ្នាតអន្តរជាតិ ស្ថិតនៅក្នុងខេត្តកំពត។

លោក អ៊ុន ប៊ុនថុល នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ៣ភីអិលអ៊ី ហ្វាម បានមានប្រសាសន៍ប្រាប់ Swift News កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅឯសត្តឃាតដ្ឋានមាន់របស់លោកថា «ក្រៅពីអាហារមានរសជាតិឆ្ថាញ់ ខ្ញុំចង់ឲ្យប្រជាពលរដ្ឋងាកមកគិតពីអនាម័យ និងសុវត្ថិភាពចំណីអាហារថែមទៀត ដែលជួយធ្វើឲ្យពួកគាត់មានសុខភាពល្អ មិនសូវមានជំងឺដោយសារការទទួលទាន»។

លោកមានប្រសាសន៍ថា នៅដំណាក់កាលចាប់ផ្តើមដំបូង កសិដ្ឋាននេះមានទ្រុងចិញ្ចឹមចំនួន៦រោងធំៗ ដែលក្នុងមួយរោងៗ មានសមត្ថភាពផ្ទុកមាន់សាច់ បានចំនួន៣៥០០០ក្បាល និងមានសមត្ថភាពចិញ្ចឹមមាន់បានយ៉ាងហោចណាស់១លាន ៥សែនក្បាល ក្នុងមួយឆ្នាំ។

លោកបានបញ្ជាក់អំពីក្បួនចិញ្ចឹមមាន់នៅក្នុងកសិដ្ឋានរបស់លោកថា គឺចាប់ពីថ្ងៃទី១ កូនមាន់មិនត្រូវបានប្រើសារធាតុហាមឃាត់សម្រាប់បំប៉នឡើយ ដូចជាអង់ទីប៊ីយោទិច និងអកម៉ូន ជាដើម ដែលត្រូវហាមឃាត់ក្នុងផ្នែកសុខមាលភាពសត្វ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ អន្តរជាតិ និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

សត្តឃាតដ្ឋានមាន់ និងរោងចក្រកែច្នៃនេះ ប្រើបច្ចេកវិទ្យាផ្នែកខ្សែចង្វាក់ផលិតកម្មចុងក្រោយរបស់ប្រទេសដាណឺម៉ាក គឺល្អបំផុតនៅលើពិភពលោក និងមានលើកទី១នៅអាស៊ី ព្រមទាំងមានការគាំទ្រយ៉ាងពេញលេញពីដៃគូអ៊ឺរ៉ុប និងអាស៊ី ទាំងផ្នែកបច្ចេកទេស និងរបៀបគ្រប់គ្រង តាមរយៈអ្នកជំនាញផ្នែកសុវត្ថិភាពម្ហូបអាហារ មកពីក្រុមហ៊ុន រ៉យ ប៊ិកស៍ (Roy Biggs Food Consultancy Ltd.) ដែលមានមូលដ្ឋានក្នុងប្រទេសណូវែលហ្សេឡង់។

នៅគ្រប់ផ្នែកទាំងអស់នៃខ្សែចង្វាក់ផលិតកម្ម ក្នុងសត្តឃាតដ្ឋានមាន់នេះ គឺត្រូវបានការពារយ៉ាងហ្មត់ចត់បំផុត និងសម្លាប់មេរោគ ដូចជាមាន់សាច់នៅរស់ ត្រូវបានពិនិត្យរកមើលជាមុននូវប្រភេទជំងឺវិញ្ញត្តិផ្សេងៗ ដែលអាចឆ្លងពីសត្វទៅមនុស្ស ឬពីសត្វទៅសត្វ ចំណែកឯអ្នកធ្វើការនៅក្នុងទីនេះវិញ សុទ្ធតែប្រើបរិក្ខាអនាម័យ ទើបអាចចូលទៅកាន់ទីតាំងនៃខ្សែចង្វាក់ផលិតកម្មបាន។

រីឯ សុខុមាលភាពសត្វមាន់ គឺត្រូវបានយកចិត្តទុកដាក់បំផុត ដោយការសម្លាប់មិនមានអំពើឃោរឃៅណាមួយឡើយ ព្រោះបុគ្គលិកបច្ចេកទេសទាំងអស់ ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អពីសំណាក់អ្នកជំនាញ និងទទួលបានវិញ្ញាបនបត្រហាឡាល់ ដំបូងគេសម្រាប់អ្នកផលិតសាច់មាន់ នៅក្នុងប្រទេសកម្ពុជា ចេញដោយគណៈកម្មាធិការដឹកនាំហាឡាល់ កម្ពុជា ដែលបញ្ជាក់ថា ផលិតផលសាច់មាន់ដ៏ល្អនេះរបស់ក្រុមហ៊ុន ៣ភីអិលអ៊ី ហ្វាម អាចឲ្យមនុស្សគ្រប់ជាតិសាសន៍ទទួលទានបានដោយសុវត្ថិភាពបំផុត៕ (ផាន់ អាណា)

 

 

 

អត្ថបទដែលជាប់ទាក់ទង