វិភាគៈ លោក គីម ជុងអ៊ុន ជួបលោក ពូទីន ជាសារផ្ញើទៅកាន់លោក ត្រាំ ឲ្យគិតពីសំណុំរឿងកូរ៉េខាងជើងឡើងវិញ

មេដឹកនាំកំពូលវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ និងជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅទីក្រុង វ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ។

សារដែលកូរ៉េខាងជើង ចង់ផ្ញើទៅកាន់សហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនេះ គឺលោក គីម ជុងអ៊ុន ចង់បា្រប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អោយដឹងថា ទោះបីជាមិនមានអាមេរិក ក៏កូរ៉េខាងជើងមានរុស្ស៊ី និងចិន ជាខ្នងបង្អែកដែរ ។

រុស្ស៊ី និងចិន គឺជាខ្នងបង្អែកដ៏សំខាន់របស់កូរ៉េខាងជើង ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងការបរទេស ហើយទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងមានលក្ខណៈរឹងមាំរួចទៅហើយក្រោយពីលោក គីម ជុងអ៊ុន បានជួបប្រធានាធិបតីចិនរហូតដល់៤លើក ។

ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀរ ពូទីន នៅព្រហស្បតិ៍ថ្ងៃនេះ ក៏ជាសារប្រាប់លោក ដូណាល់ ត្រាំ ដែរថា ការស្វែងរកដំណោះស្រាយក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង មិនមែនមានតែអាមេរិកម្នាក់ឯងនោះទេ ។

ជាគោលដៅ លោក គីម ជុងអ៊ុន ចង់អោយមានកិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដោយមានការចួលរួមពី៦ភាគី គឺមានសហរដ្ឋអាមេរិក ប្រទេសចិន រុស្ស៊ី ជប៉ុន និងកូរ៉េទាំងពីរ ។

លោក គីម ជុងអ៊ុន ចង់បានកិច្ចចរចាស្តីពីប្រតិបត្តិការរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងត្រូវធ្វើឡើងជាដំណាក់កាល ហើយការផ្តល់សម្បទានអោយកូរ៉េខាងជើងជាដំណាក់ដែរ ដោយការដាក់បុរ៉េលក្ខខណ្ឌដល់គ្នាទៅវិញទៅមកជាមុន ។

រហូតមកដល់ពេលនេះ ទាំងខាងកូរ៉េខាងជើង និងទាំងខាងសហរដ្ឋអាមេរិក នៅតែបន្តបង្ហាញបំណងចង់ជួបចរចាជាមួយគ្នាសារជាថ្មីម្តងទៀត ស្តីពីសំណុំរឿងកូរ៉េខាងជើង ដោយគ្រាន់តែភាគីទាំងពីរ មិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការចាប់ផ្តើមកិច្ចចរចា ។
ជំនួបចរចាទាំងពីរលើករវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មិនអាចសម្រេចបានលទ្ធផលជាផ្លែផ្កា ដោយសារតែមានចំណុចខ្ទាស់មួយចំនួន ដែលភាគីទាំងពីរមិនចុះសម្រុងគ្នាក្នុងកិច្ចចរចា ។

ចំណុចខ្ទាស់នោះ គឺខាងភាគីកូរ៉េខាងជើងចង់បានប្រតិបត្តិការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន នឹងត្រូវបានធ្វើឡើងជាដំណាក់កាល ហើយសហរដ្ឋអាមេរិក ក៏ត្រូវផ្តល់សម្បទានអោយកូរ៉េខាងជើងវិញជាដំណាក់កាលដែរ ។

ចំណែកសហរដ្ឋអាមេរិក មិនចង់បានប្រតិបត្តិការជាដំណាក់នោះទេ គឺអាមេរិកចង់អោយកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនទាំងស្រុងជាមុនសិន ទើបសហរដ្ឋអាមេរិកនឹងផ្តល់សម្បទានអោយកូរ៉េខាងជាក្រោយ ។

លោក សេកហ្វ្រ៊ីដ ហេគ័រ (Siegfried Hecker) អ្នកជំនាញខាងវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ២០ ទៅ៦០គ្រាប់ សម្រាប់បំពាក់លើមីស៊ីលបាលីស្ទិក ។

អ្នកជំនាញជាច្រើន រួមទាំងក្រុមភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកផងដែរ បានយល់ឃើញថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង នឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ។

រហូតដល់ឆ្នាំ២០១៩នេះ កូរ៉េខាងជើង មិនត្រឹមតែមិនបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ មេដឹកនាំរបស់ប្រទេសនេះ ក៏កំពុងមមាញឹកក្នុងការផលិតបន្ថែមនូវអាវុធនុយក្លេអ៊ែរផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង