កម្ពុជាមានរោងចក្រផលិតសាច់មាន់ស្តង់ដាអន្តរជាតិដំបូងបង្អស់ ដាក់ឲ្យដំណើរការ នៅក្នុងខេត្តកំពត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានគណៈកម្មការផែនការវិនយោគ កសិកម្ម អភិវឌ្ឌន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីរោងចក្រផលិត កែច្នៃ និងវេចខ្ចប់សាច់មាន់ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងខេត្តកំពត។

រោងចក្រនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់ខ្មែរឈ្មោះ ៣ភីអិលអ៊ី ហ្វាម (3PLE Farm) មានទីតាំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត។

អmដំណើរនៅក្នុងការធ្វើទស្សនកិច្ចនេះមាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីមកពីក្រសួងបរិស្ថាន ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ជា វណ្ណដេត បានសម្តែងការកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដា អនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិតផលរបស់ខ្លួននៅតាមទីផ្សារក្នុងព្រះរាណាចក្រកម្ពុជា និងទៅកាន់ទីផ្សារបរទេស។

លោក អ៊ុន ប៊ុនថុល អគ្គនាយកក្រុមហ៊ុន ៣ភីអិលអ៊ីហ្វាម(3PLE Farm) បានបញ្ជាក់ថា រោងចក្រផលិតសាច់មាន់របស់ក្រុមហ៊ុនលោក មានសមត្ថភាពអាចផលិតបានសាច់មាន់ប្រមាណ៩តោនក្នុង១ថ្ងៃ និងបង្កើនសមត្ថភាពផលិតនៅឆ្នាំខាងមុខទៀត ដើម្បីបំពេញតម្រូវការនៅលើទីផ្សារកម្ពុជា រួមមានផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារធំៗ។

លោកបានបន្ថែមថា ដើម្បីផលិតសាច់មាន់ ដែលមានគុណភាព និងសុវត្ថិភាព សម្រាប់អ្នកបរិភោគ ក្រុមហ៊ុនបាននាំចូល និងបំពាក់នៅក្នុងរោងចក្រនូវគ្រឿងម៉ាស៊ីន និងឧបករណ៍កែច្នៃទាំងអស់ ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសដាណឺម៉ាក។

លោកអគ្គនាយកបានបញ្ជាក់ថា រោងចក្ររបស់លោក គឺផ្តោតសំខាន់លើគុណភាព និងអនាម័យ ជាពិេសេស សុវត្ថិភាពដល់អ្នកទទួលទាន ដែលប្រជាពលរដ្ឋខ្មែរត្រូវការចាំបាច់ណាស់សម្រាប់ផលិតផលបែបនេះ។

បើយោងតាមការបញ្ជាក់របស់លោកអគ្គនាយក បានឲ្យដឹងទៀតថា នាពេលអនាគតក្រុមហ៊ុនក៏មានគម្រោងនាំសាច់មាន់ចេញទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ ព្រោះសាច់ផលិតផលសាច់មាន់របស់លោក បានមកពីសត្វមាន់រស់ ដែលត្រូវបានចិញ្ចឹម និងថែទាំ នៅក្នុងកសិដ្ឋានផ្ទាល់របស់ក្រុមហ៊ុន ដោយមិនប្រើសារធាតុបំប៉នហាមឃាត់ ដូចជាអង់ទីប៊ីយោទិចនិងអកម៉ូន ជាដើម។

លោកបានបានបញ្ជាក់ថា​​​ កសិដ្ឋានរបស់លោក​​​ ដែលមានទីតាំងស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត ដែលមានសមត្ថភាពចិញ្ចឹមមានសាច់ បាន១លាន ៥សែនក្បាលក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា បច្ចុប្បន្នរោងចក្រផលិតសាច់មាន់របស់ក្រុមហ៊ុនក្រុមហ៊ុន ៣ភីអិលអ៊ី ហ្វាម (3PLE Farm) បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាជិត៣០០នាក់ ជាមួយការផ្តល់អាហារ២ពេល កន្លែងស្នាក់នៅ ការបណ្តុះបណ្តាលប្រាក់ឈ្នួលគោល២០០ដុល្លារ និងប្រាក់លើកទឹកចិត្តទៅតាមច្បាប់ការងារ៕(SN-ឡុក សំរិត)

 

 

អត្ថបទដែលជាប់ទាក់ទង