សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

បាត់ដំបង​៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ការអញ្ជើញចុះជួបពលរដ្ឋក្នុងបរិយាកាសប្រកបដោយមនោសញ្ចេទនា អាណិត ស្រលាញ់នាពេលនេះ បានធ្វើឡើងនៅបរិវេណសាលាឃុំជ្រៃ នៃស្រុកថ្មគោលដោយប្រជាពលរដ្ឋរងគ្រោះបានបង្ហាញសេចក្ដីរីករាយជាទីបំផុត ចំពោះសម្ដេចឧបនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជំនួយសង្គ្រោះជូនពួកគាត់ដោយផ្ទាល់ បន្ទាប់ពីជួបគ្រោះមហន្តរាយ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរងគ្រោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការសូមទោសពលរដ្ឋចំពោះការរង់ចាំយូរបន្តិចសម្រាប់ជំនួបនាព្រឹកនេះ ព្រោះមុននឹងអញ្ជើញមកដល់ទឹកដីខេត្តបាត់ដំបងនេះ សម្ដេចត្រូវជូនដំណើរសម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ និងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រមានិតចិន។

សម្ដេចឧបនាយករដ្ឋមន្រ្តីស្តីទីបានមានប្រសាសន៍ថាសម្ដេចបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ និងខ្យល់កន្រ្តាក់ ទូទាំងប្រទេស និងក្នុងខេត្តបាត់ដំបង ហើយសម្ដេចពិតជាសោកស្ដាយណាស់ ចំពោះមហន្តរាយនេះ។ យ៉ាងណាសម្ដេចក៏ត្រេកអរដែរ ដោយសារមិនមានពលរដ្ឋរងគ្រោះដល់អាយុជីវិត ហើយអ្នករងរបួសបានធូរស្បើយជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីទទួលបានព័ត៌មានអស់ទាំងនោះ សម្ដេចបានចេញសារសម្ដែងការសោកស្ដាយ និងអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ឲ្យសប្បុរសជន និងក្រុមការងារចូលរូមជួយសម្រាលទុក្ខលំបាកនេះ ហើយជាលទ្ធផលមានសប្បុរសជន មន្រ្តី និងក្រុមការងារបានចូលរួមចែករំលែកធនធានយ៉ាងច្រើនដើម្បីជួយពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ និងខ្យល់កន្រ្តាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រីជាសប្បុរសជនទាំងអស់ បើទោះមិនបានឆ្លើយតបទាំងស្រុងចំពោះការខូចខាត ប៉ុន្តែសម្ដេចបានណែនាំឲ្យកម្លាំងចម្រុះចុះជួយសាងសង់ និងជួសជុលផ្ទះពលរដ្ឋបន្ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចបានបញ្ជាឲ្យគណបញ្ជាការឯកភាពខេត្ត ស្រុក ត្រូវរៀបចំចាត់ចែងមន្រ្តី រួមទាំងកម្លាំងចម្រុះ រួមមាននគរបាល អាវុធហត្ថ និងយោធា ចុះសហការជាមួយអាជ្ញាធរឃុំ សង្កាត់ និងអាជ្ញាធរភូមិ ដើម្បីមានលទ្ធភាពជួយសាងសង់ផ្ទះពលរដ្ឋដែលរងការខូចខាតខ្លាំងជាងគេឲ្យបានទាន់ពេលវេលា។

សម្ដេចក៏បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរថាសកម្មភាពរួមសាមគ្គីគ្នាជួយប្រជាពលរដ្ឋរងគ្រោះនេះ គឺជាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់យើងយូរណាស់មកហើយ ដោយសម្ដេចបានរំលឹកថាយើងបានរួមគ្នារំដោះប្រទេសចេញពីរបបខ្មែរក្រហម រួមគ្នាកសាងជាតិឡើងវិញ និងរួមគ្នាជួយពលរដ្ឋពេលមានគ្រោះហន្តរាយកើតឡើង។

សម្ដេចបានក្រើនរំលឹកអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវចុះជួយពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយជាដាច់ខាត ដោយសម្ដេចអះអាងថាគឺសកម្មភាពរួមសុខ រួមទក្ខ និងជួយពលរដ្ឋឲ្យបានល្អនៅក្នុងគ្រាលំបាកនេះហើយជាផ្នែកមួយនៃការស្នេហាជាតិ ហើយសម្ដេចមានជំនឿថាថ្ងៃណាមួយពលរដ្ឋដែលមានទស្សនៈផ្ទុយ និងមានការពិចារណាប្រកបដោយភាពវិជ្ជមានមិនខានឡើយ។

សម្ដេចក៏បានមានប្រសាសន៍ដែរថាការចុះជួប និងផ្ដល់ជំនួយជូនពលរដ្ឋដូចថ្ងៃនេះ មិនមែនមានតែនៅមូលដ្ឋានស្រុកថ្មគោលនោះទេ ពោលគឺសម្ដេចបានចាត់តាំងក្រុមការងារបន្តចុះជួប និងជួយពលរដ្ឋរងគ្រោះនៅគ្រប់ស្រុកទូទាំខេត្តបាត់ដំបង ហើយនៅទូទាំងប្រទេសក៏ត្រូវបានថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំធ្វើដូចគ្នានេះដែរ។

បន្ទាប់មកសម្ដេចបានប្រកាសផ្ដល់ជំនួយសង្គ្រោះ ដែលសម្ដេចក្រឡាហោម ស ខេង និងក្រុមការងារផ្ដល់ជូនពលរដ្ឋក្នុងពិធីជួបចំណេះសំណាលនាព្រឹកនេះ គឺក្នុងមួយគ្រួសារទទួលបានថវិកា២សែនរៀល អង្ករ២៥គីឡូក្រាម មីមួយកេះ ទឹកសុទ្ធមួយកេស​ ស័ង្កសី១០សន្លឹកសម្រាប់២៥១គ្រួសារ និង២០សន្លឹកសម្រាប់២៨គ្រួសារ។

មុននឹងបញ្ចប់ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជំនួយនេះ សម្ដចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះ ដោយត្រូវស្វែងរកកន្លែងមានសុវត្ថិភាព និងសូមយកចិត្តទុកដាក់តាមដានការព្យារករណ៍អាកាសធាតុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបានជូនពរពលរដ្ឋចៀសផុតពីមហន្តរាយធម្មជាតិទាំងនោះ​ ៕

អត្ថបទដែលជាប់ទាក់ទង