មេបញ្ជាការរង កងទ័ពជើងគោក ចុះសួរសុខទុកគ្រួសារទ័ព ដែលរងគ្រោះរលំផ្ទះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់

(ព្រះវិហារ)​ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញ ចុះសួរសុខទុកគ្រួសារទ័ព ដែលរងគ្រោះរលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងដំណើរអញ្ជើញចុះសាកសួរសុខទុកនោះ ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក ក៏បានយកនូវអំណោយមួយចំនួន ជួយឧបត្ថម្ភដល់បងប្អូនគ្រួសារទ័ពចំនួន០៩គ្រួសារ ដែលជាគ្រួសាររងគ្រោះធ្ងន់ធ្ងរ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេស តង់១ និងថវិកាចំនួន១០ម៉ឺនរៀល។

គួរំលឹកថា នៅវេលាម៉ោង១៧.២០នាទី ល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ផ្ទះរបបគំរូសម្តេចតេជោ ដែលផ្តល់ជូនគ្រួសារកងទ័ព សរុបចំនួន៥៥ខ្នង ត្រូវបានវាយបំផ្លាញដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គររន្ទះ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងនោះផ្ទះរបបគំរូសម្តេចតេជោជូនគ្រួសាកងទព័ចំនួន១០ខ្នង ផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង រលំដួលដល់ដីទាំងស្រុង។ ជាមួយគ្នានោះផ្ទះមួយខ្នងក៏បានលោតចេញពីលើជើងតាង និង៤៤ខ្នង ទៀតរបើកដំបូល៕ (សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង