សុភាសិតបុរាណខ្មែរ ៖ ចន្ទរះកណ្តាលផ្កាយ កូនកេីតមុនម្តាយ បាយនៅក្រៅឆ្នាំង! មានន័យថា…

នៅក្នុងសង្គមខ្មែរយេីង តាំងតែពីដូនតារៀងមក រហូតមកដល់បច្ចុប្បន្ននេះ ចាស់បុរាណដូនតាខ្មែរដែលជាកវីបណ្ឌិត្យព្រឹទ្ធាចារ្យ លោកតែងចងក្រងបង្កេីតនូវស្នាដៃនានាជាច្រេីន ដែលបង្កប់នូវ​តម្លៃ  អត្ថន័យ អត្ថរូប និងអត្ថរស យ៉ាងល្អប្រសេីរ ក្នុងគោលបំណងអប់រំទូន្មាន ប្រៀនប្រដៅកូនចៅគ្រប់សម័យកាល ជាគតិក្នុងការគិតពិចារណាជាដេីម ។មិនថាចំនេះដឹង ជាវណ្ណកម្មស្នាដៃអក្សរសិល្ប៍ រឿងប្រឡោមលោក ពាក្យកម្រងកែង ស្នាដៃកំណាព្យ សុភាសិតខ្មែរ ឬពាក្យស្លោក ពាក្យកាព្យជួន ផ្ទួន​ រណ្តុំ នោះទេ គឺសុទ្ធសឹងតែជាកញ្ចក់បង្កប់នូវតថភាពនៃសម័យកាល និងតម្លៃយ៉ាងប្រត្យត្ស។

ថ្ងៃនេះSwift News សូមបង្ហាញជូនលោកអ្នកនូវអត្ថន័យនៃសុភាសិតបុរាណខ្មែរមួយឃ្លាដែលបានលេីកឡេីងថា ” ចន្ទរះកណ្តាលផ្កាយ កូនកេីតមុនម្តាយ បាយនៅក្រៅឆ្នាំង ”

+បកស្រាយ:
_ ចន្ទរះកណ្តាលផ្កាយ : (ន័យធៀប) គឺសំដៅចំពោះ បុគ្គលដែលមានសមត្ដភាពក្នុងចំណោមមនុស្សទាំងឡាយ មិនថាជាបុរស ឫស្ត្រី គេតែងជាជំពូកមនុស្ស មាននូវលំអរប្រចាំកាយ មិនថា ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ យោនិសោមនសិការសម្បត្តិជាដេីមគឺតែងញាំងបុគ្គលនោះអោយមានពន្លឺជានិច្ចក្នុងចំណោមមនុស្សជំុវិញខ្លួនគេ។
_កូនកេីតមុនម្តាយ : គឺមានន័យថា ចាស់បុរាណលោកចង់បង្ហាញអំពីប្រភេទកូនបីជំពូកក្នុងព្រះពុទ្ធសាសនា ដែលមាន អតិជាតិបុត្រ១ អនុជាតិបុត្រ១ អវជាតិបុត្រ១ ។ដែលកូនទាំងបីប្រភេទនេះ គឺលោកសំដៅយកកូនប្រភេទ” អតិជាតិបុត្រ ” បានដល់កូនដែលមានគុណធម៌ខ្ពង់ខ្ពស់ មានចំណេះវិជ្ជាជ្រៅជ្រះ​ មានយោនិសោមនសិការ ខ្ពង់ខ្ពស់ជាងឪពុកម្តាយខ្លួន ។កូនប្រភេទនេះ គេតែងចង្អុលបង្ហាញដល់ម្តាយឪពុកអោយអោយរក្សាសិល បេីលោកមិនមានសិល ចង្អុលបង្ហាញមាតាបិតា អោយមានការភ្ញាក់រលឹក ពេលដឹងគាត់ដេីរក្នុងផ្លូវមិនល្អ និយាយជាសង្ខែប គឺជាប្រភេទកូនដែលចេះ និងមានគុណធម៌ជាងមាតាបិតា ។
_ បាយនៅក្រៅឆ្នាំង : គឺសំដៅចំពោះ មនុស្សភេទប្រុស ជាកូនរបស់មាតាបិតាដែលបានចូលខ្លួនបួសក្នុងព្រះពុទ្ធសាសនា​កោសក់ គ្រងស្បង់ជីវរ មានភេទជាបុព្វជិត រក្សាសីលវិន័យត្រឹមត្រូវ រៀសូត្រត្រៃសិក្ខាជាដេីម ក្នុងន័យទ្រទ្រង់សាសនា ក្នុងន័យសងគុណមាតាបិតា ក្នុងន័យសាងកុសលកម្ម ក្នុងន័យប្រោសមនុស្សសត្វអោយដេីរផ្លូវត្រូវ និងមានក្តីស្ងប់ ។ ហេីយបាយនៅក្រៅឆ្នាំង គឺំដៅចំពោះ​ បាត្រ សម្រាប់ដាក់ម្ហូបអាហារ ដែលព្រះសង្ឃទ្រង់និមន្តបិណ្ឌបាត បានមកមិនមែនជាបាយក្នុងឆ្នាំងនោះទេ៕
ជារួមមក សុភាសិតខាងលេីនេះ​ លោកចង់បង្ហាញពីប្រភេទកូន ដែលមានសមត្ថភាពខ្ពស់ មានវិជ្ជាជីវៈ គុណធម៌ សីលធម៌ខ្ពង់ខ្ពស់ ដែលអាចដឹកនាំខ្លួន ដឹកនាំមនុស្សជុំវិញខ្លួន និងសង្គមជាតិអោយរីកចម្រេីនរុងរឿងប្រកបដោយតម្លៃដ៍អតិសេដ្ឋ៕
(បកស្រាយដោយ ៖ ពេជ្រ វុឌ្ឍា)

 

អត្ថបទដែលជាប់ទាក់ទង