បុរសវៀតណាម១២នាក់ ដែលត្រូវបានចាប់ខ្លួនរឿងនាំគ្រឿងចក្រ៦គ្រឿង ឆ្លងដែនមកឈូសឆាយដីខ្មែរដោយខុសច្បាប់ ក្នុងខេត្តរតនគិរី ត្រូវបញ្ជូនឲ្យតុលាការរៀនចំដាក់គុក

(រតនគិរី)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានបញ្ជួនខ្លួនបុរសវៀតណាមចំនួន១២នាក់ ទៅតុលាការខេត្តរតនគិរី ដើម្បីរៀបចំដាក់គុក ពាក់ព័ន្ធនាំគ្រឿងចក្រចំនួន៦គ្រឿង ឆ្លងដែនមកឈូសឆាយដីខ្មែរ ដោយខុសច្បាប់ខុសច្បាប់ ក្នុងតំបន់កន្ទុយនាគ ក្នុងទឹកដីខេត្តរតនគិរី។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពីលោក ថង សាវុន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងអាវុធហត្ថខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រ៦គ្រឿង ដែលចូលមកឈូសឆាយដីព្រៃដោយខុសច្បាប់ឲ្យក្រុមហ៊ុនមួយឈ្មោះ នុភាពសុភី។

ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជនជាតិវៀតណាមទាំង១២នាក់ ឲ្យទៅខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។ ដោយឡែក គ្រឿងចក្រ ចំនួន៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានកំពុងតែគ្រប់គ្រង នៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី នាតំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមទាំង១២នាក់នេះ និងគ្រឿងចក្រចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់តាមច្រកព្រៃ បង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៥០៥ ក្បែរភូមិចង ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម។

បុរសវៀតណាមទាំងនេះ ចូលមកឈូសឆាយដីព្រៃតាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុន នុភាពសុភី និងបុរសវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣៣១២៤២៣៤។

តាមព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងករណីខាងលើនេះ មានអ្នកអន្តរាគមន៍ ដើម្បីជួយសម្រួលដោះលែងពួកគេឲ្យទៅប្រទេសវៀតណាមវិញ ប៉ុន្តែមិនអចទៅរួចព្រោះពួកគេចូលមកឈូសឆាយ រៀនដីខ្មែរដោយខុសច្បាប់ និងមិនមានឯកសារសម្រាប់ឆ្លងដែនឡើយ៕ (SN-ភិរម្យ)

 

អត្ថបទដែលជាប់ទាក់ទង