លីហ្គកំពូលកម្ពុជាដំណើរការប្រកួតវិញក្រោយសម្រាក; គូឯកសប្តាហ៍នេះព្រះខ័នរាជទទួលភ្នំពេញក្រោន

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ (លីហ្គកំពូលកម្ពុជា) បន្តការប្រកួតរបស់ខ្លួន ឡើងវិញហើយ ក្រោយសម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការប្រកួតសប្តាហ៍ទី៤ នៅថ្ងៃសៅរ៍ទី២០ ខែមេសា មានបីប្រកួតដែលលេងនៅទីលានបីផ្សេងគ្នា ។

ក្លិបវិសាខា ថ្ងៃសៅរ៍នេះ បើកកីឡដ្ឋានរបស់ខ្លួនដែលមានទីតាំងនៅហ្គ្រេនភ្នំពេញទទួលក្លិបអគ្គិសនីកម្ពុជា វេលាម៉ោង ៦និង០០នាទីល្ងាច។ បីប្រកួតកន្លងមកនេះវិសាខាធ្វើបានល្អ មិនចាញ់សូម្បីមួយប្រកួត ហើយឈរនៅលេខ៣តារាងជើងឯក
មាន៧ពិន្ទុ។ ប្រកួតចុងក្រោយវិសាខាបានបំបាក់ ម្ចាស់ផ្ទះភ្នំពេញក្រោន ៣ទល់នឹង១ នៅទឺកដី RSN ដោយថ្វីជើងកីឡាករប្រេស៊ីល​ Da Cruz Guardiano Eliel ពីរគ្រាប់តែឯង និងទិត្យ ឌីណា។​ ពីរដំបូងក្នុងរដូវកាលនេះ វិសាខាបើកការប្រកួតស្មើសូលទីឡូអង្គរ និងឈ្នះគីរីវង់សុខសែនជ័យ ២ទល់នឹង០។

អគ្គិសនីកម្ពុជាវិញ បីប្រកួត ឈ្នះពីរប្រកួត និងចាញ់មួយប្រកួត ឈរនៅលេខ៥មាន៦ពិន្ទុ។ ប្រកួតចុងក្រោយអគ្គិសនីកម្ពុជាឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ២ទល់នឹង០ ដែលធ្វើបានសម្រេចដោយកីឡាករ កែ វណ្ណៈពីរគ្រាប់តែឯង។ អគ្គិសនីកម្ពុជាបើកការប្រកួតចាញ់អ្នក ចំណូលថ្មីខេត្តកំពង់ចាម ១ទល់នឹង០ តែយកឈ្នះអតីតជើងឯកបឹងកេត ១ទល់នឹង០ ការប្រកួតសប្តាហ៍ទី២។

ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាពីរដងក្នុងការប្រកួតលីហ្គកំពូលរដូវកាល២០១៨ ដែលកាលនោះ វិសាខាឈ្នះអគ្គិសនី ៤ទល់នឹង០ទាំងពីរជើង។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ទទួលក្រុមមកពីខេត្តសៀមរាប អង្គរថៃហ្គ័រ នៅទីលានបាល់ទាត់សាលាបាល់ទាត់ជាតិ ម៉ោង ៣និង៣០នាទីរសៀល។

បីប្រកួតរបស់យុវជនសាលាបាល់ទាត់ជាតិ មិនគាប់ប្រសើរទេ ពោលចាញ់ទាំងបីប្រកួតតែម្តង ហើយឈរនៅបាតតារាង។ ប្រកួតចុងក្រោយចាញ់អគ្គិសនីកម្ពុជា ២ទល់នឹង០។ ពីរប្រកួតដំបូង យុវជនសាលាបាល់ទាត់ជាតិចាញ់គីរីវង់ និងភ្នំពេញក្រោន។ នេះជារដូវកាលដំបូង របស់ក្រុមយុវជន ដែលមានបទពិសោធន៍តិចតូចក្នុងបាល់ទាត់កម្រិតអាជីព។

អង្គរថៃហ្គ័របីប្រកួតក្នុងលីហ្គកំពូល មិនទាន់ស្គាល់ពាក្យចាញ់ទេ។ ប្រកួតចុងក្រោយថៃហ្គរធ្វើ បានល្អ ដោយតាមស្មើបឹងកេត ១ទល់នឹង១ ក្នុងទីលានស្វាយធំ ខេត្តសៀមរាប ទោះបីភ្ញៀវបឹងកេតនាំមុខមុន ក៏ដោយ។ គ្រាប់ស្មើរបស់អង្គរថៃហ្គ័រកើតឡើងដោយកីឡាករ Ryota Hayashi នាទី៨១។ អង្គរថៃហ្គ័របើកការប្រកួតដំបូងដោយស្មើ ០ទល់នឹង០ ជាមួយក្រសួងការពារជាតិ និងឈ្នះខេត្ត កំពង់ចាម ១១ទល់នឹង០ ការប្រកួតទី២។

មួយប្រកួតទៀតសម្រាប់ថ្ងៃទី២០ ខែមេសានេះដែរ នៅទឺកដី AEU Sport Park អារិយក្សត្រ ខ្សាច់កណ្តាល ក្លិបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ទទួលក្លិបមកពីខេត្តតាកែវ គីរីវង់សុខសែនជ័យ។

អាស៊ីអឺរ៉ុបប្រកួតចុងក្រោយនេះឈ្នះក្លិបខេត្តសៀមរាប សូលទីឡូអង្គរ ២ទល់នឹង១ដោយគ្រាប់បាល់ កីឡាករ Abdel Kader និងឈឹម សំបូរ។ ប៉ុន្តែពីរប្រកួតមុននេះចាញ់នគរបាលជាតិ ២ទល់នឹង៣ និងចាញ់ណាហ្កាវើល ១ទល់នឹង០ ថ្ងៃបើករដូវកាល។ ដោយឈ្នះ១ និងចាញ់ពីរ ពេលនេះអាស៊ីអឺរ៉ុប ឈរនៅចំណាត់ថ្នាក់ទី៩ក្នុងតារាងជើងឯក។

គីរីវង់សុខសែនជ័យ ដែលអាក់ខានរដូវកាលមុនពេលនេះត្រឡប់មកវិញ។ យុទ្ធនាការរដូវកាលថ្មីនេះ ក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវបង្ហាញទម្រង់លេងគូរឱ្យចាប់អារម្មណ៍ខ្លាំងដោយឈ្នះ យុវជនសាលាបាល់ទាត់ជាតិ ប៉ុន្តែចាញ់វិសាខា ២ទល់នឹង០ និងបន្តចាញ់ការប្រកួតទី៣ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ២ទល់នឹង០ទៀត។ ពេលនេះឈរនៅលំដាប់ទី១០ក្នុងការប្រកួតជើងឯក។

ចំនែកការប្រកួតនៅថ្ងៃអាទិត្យ ខេត្តកំពង់ចាម ទទួលក្រុមខ្លាំងបឹងកេតនៅទីលានបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុន សែនមេមត់ នគរបាលជាតិទទួលក្រសួងការពារជាតិនៅទីលានអគ្គិសនីកម្ពុជាទូលសង្កែនិងសូលទីឡូអង្គរទទួលណាហ្កាដែលទើបត្រឡប់មកពីAFC Cupនៅទីលានបាល់ទាត់ស្វាយធំសៀមរាប។ ការប្រកួតទាំងនេះលេងនៅម៉ោង ៣និង៣០នាទីរសៀល។ ឯការប្រកួតកំពូលប្រចាំ សប្តាហ៍នេះគឺ ព្រះខ័នរាជ បើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលភ្នំពេញក្រោន៕

 

អត្ថបទដែលជាប់ទាក់ទង