UEFA CL 19: Manchester Cityទទួល Tottenham Hotspurជើងទី២វគ្គ៨ក្រុមចុងក្រោយ

(អង់គ្លេស)៖ ថ្ងៃនេះក្លិបជើងឯកអង់គ្លេស Manchester City បើកពហុកីឡដ្ឋានEtihad Stadium​ទទួលមាន់ខ្នាយមាស Tottenham Hotspurជើងទី២ការប្រកួតជើងឯកក្លិបលំដាប់កំពូលអឺរ៉ុប (UEFA Champion League) បន្ទាប់ពីជើងទី១ Cityចាញ់ ០ទល់នឹង១។

យប់នេះខ្សែបម្រើDele Alli មានឈ្មោះក្នុងការប្រកួត ប៉ុន្តែត្រូវរងចាំដល់នាទីចុងក្រោយ មុនសម្រេចដាក់ឱ្យលេងជាមួយ Manchester City។ Alliបាក់ឆ្អឹងប្រអប់ដៃពេលលេងជើងទី១ ប៉ុន្តែត្រឡប់មកចូលរួមហ្វឹកហាត់វិញហើយ។

ទោះបីយ៉ាងនេះក្តី Tottenham នៅមានអវត្តមានកីឡាករជាច្រើនដោយសាររបួសដូចជាកីឡាករ​ Eric Dier,Serge Aurier, Harry Kane និងHarry Winks។ ឯកីឡាករ Fernando Llorente និងErik Lamelaមានភាពស្រពិចស្រពិល។

ចំនែកManchester City កីឡាករខ្សែបម្រើ Fernandinho ចូលរួមហ្វឹកហាត់វិញក្រោយអវត្តមានការប្រកួតកាលពីថ្ងៃអាទិត្យដែលឈ្នះCrystal Palaceដោយសាររបួសសាច់ដុំ។ ឯSergio Aguero ដែលដកខ្លួនពីការប្រកួតចុងសប្តាហ៍ ឥឡូវនេះប្រសើរវិញហើយអាចលេងបាន។

អ្នកឈ្នះការប្រកួតនេះឡើងទៅជួប Ajax ដែលបានទម្លាក់សេះបង្កង់របស់ Ronaldo, Juventus វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង