របាយការណ៍​សរុប​៖ អំឡុងពេល​ចូលឆ្នាំ នៅ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៥៩​នាក់ របួស ២៣៨​នាក់ កើនឡើង​លើស​ឆ្នាំមុន​​

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល ៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង​សរុប ១៣៤​លើក បណ្តាល​ឲ្យ​ស្លាប់ ៥៩​នាក់ និង​របួស​សរុប ២៣៨​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ច្រើនជាងគេ បង្កឡើង​ដោយសារ​ការបើកប​រលឿ​ន​ល្មើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ និង​កត្តា​យានយន្ត​។​

​របាយការណ៍​ដដែល បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់​ទាំង ៥៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ រយៈពេល ៥​ថ្ងៃនេះ គឺមាន ៤៧​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ៣៥​នាក់​។​

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃមុន មួយថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ចំនួន ២៤​លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៤៣​នាក់​។​

​រីឯ​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧​នាក់ និង​របួស ៤៧​នាក់​។

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​២ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង សរុប ២៧​លើក បណ្តាល​ឲ្យ​ស្លាប់ ១៣​នាក់ និង​របួស ៤២​នាក់​។​

​រីឯ​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​៣ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៧​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ៥១​នាក់​។​

​ដោយឡែក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ មួយថ្ងៃ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ប្រទេស បានកើត​ឡើង សរុប​ចំនួន ២៥​លើក បណ្តាល​ឲ្យ​ស្លាប់ ៧នាក់ និង​របួស ៥៥​នាក់​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ កាលពី​ឆ្នាំមុន រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៩១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ថយចុះ​ចំនួន ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំ​២០១៧៕​

អត្ថបទដែលជាប់ទាក់ទង