លិខិត​មិត្ត​អ្នកអាន​៖ « តម្លៃនៃ​សន្តិភាព កាន់​តែមាន​ហាងឆេង »

(​ភ្នំពេញ​)៖ ឆ្នាំនេះ ពលរដ្ឋ​ខ្មែរ ស្គាល់​ក្តីសប្បាយ​រីករាយ ដែល​មិន​ធ្លាប់មាន​ពីមុន​! យើង​អាច​និយាយបានថា មិនដែល​ដែល​ធ្លាប់មាន​ទេ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ធ្វើដំណើរ​កម្សាន្ត និង​សប្បាយរីករាយ​ពេល​បុណ្យ​ធំៗ ដូចជា បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ដែល​ទើបតែ​បញ្ចប់​ទៅនេះ ជាដើម ដូច​រូបភាព​នៅតាម ២៥ រាជធានី​ខេត្ត ដែល​មិត្ត​ភក្ត្រ​រួមការ​ងារ​ជាមួយ​ខ្ញុំ បាន​ផ្ញើ​មកជា​ភស្តុតាង​ជាក់ស្តែង ហើយ​ដែល​ខ្ញុំ ដាក់​ភ្ជាប់​នឹង​អត្ថបទ​នេះ​។​

​ឆ្នាំនេះ ពលរដ្ឋ​គ្រប់ទិសទី​បាន​សប្បាយរីករាយ​លើសពី​បណ្តា​ឆ្នាំ​ណាៗ​ទាំង អស់​។ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំកុរ​នេះ គេ​បាន​សង្កេតឃើញ​យ៉ាងច្បាស់​ថា ពលរដ្ឋ​ខ្មែរ​មាន​ក្តីសប្បាយ រីករាយ​លើសពី​បណ្តា​ឆ្នាំមុនៗ​ទៅទៀត​។ នៅលើ​បណ្តាញ​សង្គម គេ​ឃើញតែ​រូបភាព សប្បាយរីករាយ ជួបជុំ​គ្រួសារ រាំរែក ហូបចុក និង​ដើរ​កម្សាន្ត​ដោយ​ក្តី​សោមនស្ស និង​សុខដុមរមនា​យ៉ាង​ក្រៃលែង​។

​យោង​របាយការណ៍​វាយតម្លៃ​ជាបឋម មាន​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ ជាង​៧ លាន នាក់​បាននាំគ្នា​ដើរ​កម្សាន្ត​នៅ​គ្រប់ទិសទី​ពេញ​ផ្ទៃ​ប្រទេស​។ តួលេខ​នេះ​មិនទាន់​រាប់បញ្ចូល​អ្នក​ដែល​ជួបជុំ​គ្រួសារ​សប្បាយ រីករាយ​នៅតាម​ផ្ទះ​ ដោយ​សារ​​អាកាសធាតុ​ក្តៅ ឬ​ម្យ៉ាង​ដោយសារតែ​មិន​ចង់​ប្រជ្រៀត​ជាមួយ​មនុស្សម្នា​ច្រើនពេក​ពេល​បុណ្យទាន​នោះឡើយ​។

​ម្យ៉ាងវិញទៀត ក៏មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ បាន​ចាកចេញ​ទៅធ្វើ​ទេសចរណ៍​នៅក្រៅ​ប្រទេស​ ក្នុងកំឡុងពេល​បុណ្យចូល​ឆ្នាំ​នេះ​ផងដែរ​។ បើ​និយាយ​ឲ្យ​ចំ​ទៅ ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ សុទ្ធតែ​បាន​សប្បាយរីករាយ​ពេល​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ រីឯ​ការ សប្បាយ​របស់​ពួកគេ​ទៀតសោត ក៏មាន​សភាព​អឺងកង អធិកអធម ប្រកបដោយ​ក្តី​សោម​ស្ស​លើស ពី​បណ្តា​ឆ្នាំមុនៗ​ទៅទៀត​។

​មាន​មូលហេតុ​ច្រើនយ៉ាង ​ដែល​គេ​អាច​លើក​មក​ពន្យល់​ពី​ទិដ្ឋភាព​នេះ​​បាន​៖
​មូលហេតុ​ទី​១៖ គឺ​ដោយសារតែ ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​មិនអាច បដិសេធ​បាន​ ក្នុងការ​បង្ក​ការ សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ភ្ញៀវ​​ទេសចរ​​អន្តរជាតិ​។​

មូលហេតុ​ទី​២៖ គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ ​កាន់​តែមាន​​ជីវភាព​កាន់តែ​កើនឡើង​ល្អប្រសើរ ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ធ្វើដំណើរ​កម្សាន្ត​សប្បាយ​ តាម​ដែល​ពួកគេ​ចង់បាន​។ កត្តា​ជីវភាព​កើនឡើង​ជាហេតុ​ផល​ដ៏​សំខាន់​មួយ ​ដែល​ធ្វើ​ឲ្យ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំនេះ ​ទទួលបាន​ការសប្បាយ រីករាយ​ភ្លូកទឹកភ្លូកដី​ មិន​ធ្លាប់មាន​។ យានជំនិះ​គ្រប់​ប្រភេទ​ បានធ្វើ​ដំណើរ​ទៅគ្រប់​ច្រកល្ហក​នៅ ទូទាំងប្រទេស​។​

មូលហេតុ​ទី​៣៖ ដោយសារ​ឆ្នាំនេះ ប្រទេសជាតិ​ មាន​ស្ថានភាព​នយោបាយ​ល្អប្រសើរ​ពោលគឺ​គ្មាន​វិបត្តិ​នយោបាយ​អូស​បន្លាយ​​រ៉ាំរ៉ៃ គ្មាន​ភាពវឹកវរ​ក្រោយ​ការបោះឆ្នោត​ដូច​កាលពី​លើក​មុនៗ​ឡើយ​។ ​ការបោះឆ្នោត​ កាលពី​ថ្ងៃទី ២៩ កក្កដា ២០១៨ ដែលមាន​អ្នកចូលរួម​បោះឆ្នោត​រហូតដល់​ជាង ៨៣% គឺជា​ការបោះឆ្នោត ​ដែល​ប្រកបដោយ​សុខសន្តិភាព បំផុត​។

​ក្រោយ​ការបោះឆ្នោត អ្វីៗ ដំណើរការ​ទៅជា​ធម្មតា​ ដោយ​គ្មាន​ផល​រមាស់​អ្វី​កើតឡើង​ទាំងអស់​។ ស្ថានភាព​នយោបាយ​ល្អ​ក្រោយ​ការបោះឆ្នោត​គឺជា​ឱកាស​មាន​សម្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជា​កសិករ និង​ពាណិជ្ជករ​គ្រប់​ប្រភេទ ក្នុងការ​បង្កើន​ជីវភាព របស់ខ្លួន​ដោយ​គ្មាន​ក្តីបារម្ភ គ្មាន​ការរំខាន​អ្វី​ទាំងអស់​។

មូលហេតុ​ទី​៤៖ មន្ត្រីរាជការ ក៏ដូចជា​កម្មករ​កម្ម​ការ​នី​បានទទួល​ការ ដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់ ជាពិសេស​អាច​បើក​ប្រាក់ខែ​ដល់​ទៅ​ពីរដង​ក្នុង​មួយខែ​។ ​នេះ​គឺ​ដោយសារ​គោលនយោបាយ​គិតគូរ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ ពី​សំណាក់​រាជរដ្ឋាភិបាល​។

ក្រៅពី​បាន​ប្រាក់ខែ​ច្រើនជាង​មុន មន្ត្រីរាជការ​ក៏បាន​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម ៥ ម៉ឺន​រៀល​សម្រាប់​ពិធីបុណ្យ ចូលឆ្នាំ​គួបផ្សំ​នឹង​ការ​អាច​បើកប្រាក់​ខែ​ពេញ​មួយខែ​មេសា​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ថែមទៀត​។ ចំណែកឯ​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ មន្ត្រីរាជ​ការ​ ដែល​ខ្វះខាត​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន ក៏​អាចធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​តាមរយៈ​រថយន្តក្រុង​សាធារណៈ​ដោយ​​ឥតគិតថ្លៃ​ថែមទៀត​ដែលរ​ដ្ធា​ភិ​បាល​បាន​គិតគូរ​រៀបចំ​។ តើ​អ្នកណា​មិន​សប្បាយរីករាយ​ក្នុងការ​ទទួលផល​ប្រយោជន៍​អស់ទាំង​នេះ​?

​មូលហេតុ​ទី​៥៖ គឺ​ដោយសារ​​រដ្ឋាភិបាល ​ទើបតែ​បានប្រកាស​ចេញ​គោលនយោបាយ​កំណែទម្រង់​ដ៏​មុត​ស្រួច​ជា​កញ្ចប់ ​ដែល​ធានា​ដល់​អ្នកវិនិយោគទុន​ក្នុងស្រុក​ទាំង​អ្នកវិនិយោគទុន បរទេស ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ជាពិសេស​បុគ្គលិក​កម្មករ ដែល​បម្រើ​ការងារ​ក្នុង​គ្រប់​វិស័យ​ឲ្យ​មាន​ភាពកក់ក្តៅ​ក្នុង​ចិត្ត​យ៉ាងខ្លាំង​អំពី​អ​នាគ​របស់ខ្លួន​។

​មូលហេតុ​ទី​៦៖ ឆ្នាំនេះ បណ្តា​ខេត្ត រាជធានី​នីមួយៗ​បានរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រៀងៗ​ខ្លួន​ ដោយ​គ្មាន​ការ​រៀបចំ​ពិធី​ធំ​តែមួយ​ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដូច​រាល់​ឆ្នាំ​ឡើយ​។ ការអនុញ្ញាត​ឲ្យ​ខេត្ត រាជធានី នីមួយៗ​រៀបចំ​
​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រៀងៗ​​ខ្លួន​ ធ្វើ​ឲ្យ​ពលរដ្ឋ​ ក៏ដូចជា​អាជ្ញាធរ​ដែនដី​នីមួយៗ​មានឱកាស បង្ក​ការកម្សាន្ត​សប្បាយ​ជាមួយ​គ្នា​​ដោយ​មោទនភាព​។

ម្យ៉ាងទៀត អាជ្ញាធរ​ដែនដី​​និ​មួយៗ​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការបង្ក​ការសប្បាយរីករាយ​ដល់​ពលរដ្ឋ​ ដូចជា ​ការបញ្ចេញ​ឡាន​ទឹក ​ដើម្បី​បាញ់​ទឹក​នៅ​កន្លែង​ជួបជុំ​ ធ្វើ​ឲ្យ​បរិ​យ​កាស​មាន​សភាព​ត្រជាក់​ចៀស​ផុតពី​កម្តៅថ្ងៃ​ដ៏​ក្តៅ​ស្អុះស្អាប់ ហើយក៏​ជា​ការ​បង្ក​បរិយាកាស​ឲ្យ​ពលរដ្ឋ​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។ កិច្ចការពារ​សន្តិសុខ​ក៏បាន​ទទួលជោគជ័យ​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​សរុបទៅ អ្វីៗ​គ្រប់យ៉ាង​ដូច​បាន​រៀបរាប់​ខាងលើនេះ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ក៏ដូចជា​ សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​។

សមិទ្ធផល​ទាំងនេះ ​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ​សុខសន្តិភាព ស្ថិរភាព នយោបាយ​និង​ការអភិវឌ្ឍន៍ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ គឺជា​ក្តីសង្ឃឹម​ថ្មី និង​កាន់តែ​រឹ​មាំ​ជា​លំដាប់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ មិន​ត្រឹមតែ​ពលរដ្ឋ​ខ្មែរ ​ក្នុងស្រុក​ទេ សូម្បី​ពលករ​ ដែល​កំពុង​បម្រើ​ការ​ងារ​​នៅក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េ ជប៉ុន ជាដើម ក៏​ទទួលបាន​ការសប្បាយរីករាយ​ដូចគ្នា​ដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ ភាពស្ងប់ស្ងាត់​ខាង​នយោបាយ​គឺជា​មុខមាត់​ថ្មី និង​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​។

​មជ្ឈដ្ឋាន​ប្រឆាំង​ជ្រុលនិយម ដែល​ពឹង​ផ្អែកលើ​បរទេស​ឲ្យ​មក​បំផ្លាញ​ខ្មែរ​បាន​ឈាន​ដល់ទី​​បញ្ចប់ រីឯ​សករាជ​នយោបាយ​ថ្មី​ ដែល​ឈរលើ​កម្លាំង​ខ្លួនឯង ការពារ​អធិបតេយ្យភាព​ជាតិ​យ៉ាងរឹងមាំ កំពុងបើក​ទំព័រ​ថ្មី​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​អច្ឆរិយៈ​។ ក្តីសប្បាយ​រីករាយ​ទាំងនេះ សុខសន្តិភាព ស្ថិរភាព នយោបាយ និង​ការអភិវឌ្ឍន៍ ដែល​កំពុងមាន​ពេលនេះ​ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ដោយ​ឆន្ទៈ​យ៉ាង​មុត​ស្រួច​របស់លោក​ហ៊ុនសែន​។

ដូច្នេះ យើងទាំងអស់គ្នា​សូម​ចូលរួម​ការពារ​ក្តីសប្បាយ​រីករាយ​ ដែល​ពុំ​ធ្លាប់មាន​នេះ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀងរហូត ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​មជ្ឈដ្ឋាន​អគតិ​ណាមួយ​មក​បំផ្លាញ​បាន​នូវ​តំលៃ​នៃ​សន្តិភាព ​ដែល​កាន់​តែមាន​ហាងឆេង​នេះ​អោយបាន​ជាដាច់ខាត​៕
​ដោយ​៖ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​

អត្ថបទដែលជាប់ទាក់ទង