ប្រសាសន៍​លោកព្រឹទ្ធាចារ្យ ឆេង ផុន ណែនាំពុទ្ធសាសនិកអំពីការកសាងសមិទ្ធផលក្នុងវត្ត

(ភ្នំពេញ)៖ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានមានប្រសាសន៍ណែនាំដល់ពុទ្ធសាសនិកខ្មែរ អំពីការកសាងសមិទ្ធផលនៅតាមបណ្តា​វត្ត​អារាម​ថា គួរតែ​កុំ​កសាង​ដុំ​ថ្ម​ ដែល​មិន​សូវ​ចាំបាច់​ច្រើនពេក និង​គួរ​នាំគ្នា​ងាក​មក​កសាងមនុស្ស​សិលា គឺ​មនុស្ស​ដែល​មាន​ចំណេះដឹង មនសិការ និង​ចិត្តរឹងប៉ឹង​ដូចជា​សិលា ឱ្យ​ច្រើន​ទើប​ប្រសើរ​។​

លោកព្រឹទ្ធាចារ្យ បានណែនាំទៀតថា «​មនុស្ស​ជាផលិតផល​នៃ​សង្គម ហើយក៏​ជា​អ្នក​កសាង​សង្គម​ដែរ។ ​អ្វី​ដែល​គ្រប់​វត្ត​ត្រូវតែ​មាន​គឺ សាលា​ទ្រឹស្ដី (សាលា​បាលី) សាលា​ពិសោធន៍​ទ្រឹស្ដី (សាលា​វិបស្សនា​) បណ្ណាល័យ (ឃ្លាំង​ផ្ទុក​ឯកសារ​) ការ​បង្រៀន​អក្សរសាស្ត្រ របៀប​សរសេរ​កំណាព្យ និង​របៀប​សូត្រ​កំណាព្យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​បង្ហាត់​ភ្លេង​មាន​ជាច្រើន​ទម្រង់ ដើម្បី​ឱ្យ​សាក​សម​នឹង​កិត្តិនាម​ថា វត្ត​ជា​ជង្រុក​នៃ​វប្បធម៌។ ​ម្យ៉ាងទៀត​អ្នកបួស​មុននឹង​ឆាន់​ចង្ហាន់​គប្បី​ពិចារណា​ថា ដុំ​បាយ​ទាំងនេះ​មិនមែន​បាន​មក​ពី​មនុស្ស​ខ្ជិល​ទេ គឺ​បាន​មក​ពីមនុស្ស​ឧស្សាហ៍​ខ្នះខ្នែង ប្រឹងប្រែង ប្រាកដ​ណាស់។ ដូច្នេះ អាត្មា​អញ​បរិភោគ​ហើយ​ត្រូវ​ធ្វើជា​ប្រយោជន៍​ដល់​ជន​ទាំងឡាយ​នោះ​វិញ»។

 

អត្ថបទដែលជាប់ទាក់ទង