ចូលឆ្នាំ ថ្ងៃទី​២ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ១៣​នាក់ និង​របួស ៤២​នាក់​

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​២ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង សរុប ២៧​លើក បណ្តាល​ឲ្យ​ស្លាប់ ១៣​នាក់ និង​របួស ៤២​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ភាគច្រើន​បង្កឡើង​ដោយសារ​ការបើកប​រលឿ​ន​ល្មើស​ល្បឿន​កំណត់ ស្រវឹង បត់​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ ប្រជែង និង​មិន​ប្រកាន់​ស្តាំ​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៥​មេសា​នេះ មាន ១២​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ១០​នាក់​។​

​កាលពី​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស កើតឡើង ២៤​លើក បណ្តាល​ឲ្យ​ស្លាប់ ១៣​នាក់ និង​របួស ៣៤​នាក់​។​

​របាយការណ៍​ដដែល បង្ហាញថា ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមេសា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៨២​លើក បណ្តាល​ឲ្យ​ស្លាប់ ៤៤​នាក់ និង​របួស​សរុប ១៣២​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៤៤ នាក់ គឺមាន ៣៣​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ២៧​នាក់​។ ក្នុង​រយៈពេល ៣​ថ្ងៃ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៥៣​លើក បណ្តាល​ឲ្យ​ស្លាប់ ២៥​នាក់ និង​របួស ៨៦​នាក់​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ដែល​មុន​មួយថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៤​លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៤៣​នាក់​។​

​រីឯ​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧​នាក់ និង​របួស ៤៧​នាក់​។

​ដោយឡែក ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ កាលពី​ឆ្នាំមុន រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៩១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ថយចុះ​ចំនួន ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំ​២០១៧៕​

 

អត្ថបទដែលជាប់ទាក់ទង