ចូលឆ្នាំ​ថ្ងៃទី​១ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ១៧​នាក់ របួស ៤៧​នាក់​

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី​១៤ ខែមេសា ត្រូវ​នឹង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧​នាក់ និង​របួស ៤៧​នាក់​។ បើ​ធៀប​នឹង​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំទៅ គឺ​ទាំង​ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​ចំនួន​អ្នករបួស នៅ​ឆ្នាំនេះ កើនឡើង​។​

​របាយការណ៍​ដដែល បង្ហាញថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៤​មេសា ដែលជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ចូលឆ្នាំ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ប្រជែង និង​មិន​គោរព​សិទ្ធិ ជាដើម​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៧​នាក់ គឺមាន ១១​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ៩​នាក់​។​

​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃទី​១ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៤​លើក បណ្តាល​ឲ្យ​ស្លាប់ ៦​នាក់ និង​របួស ២៥​នាក់​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ដែល​មួយ​ថ្ងៃមុន​ពិធីបុណ្យ​ចូលឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៤​លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៤៣​នាក់​។​

​សរុបទៅ រយៈពេល ២​ថ្ងៃ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺ​នៅ​ថ្ងៃទី​១៣-១៤​មេសា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ៥៥​លើក បណ្តាល​ឲ្យ​ស្លាប់ ៣១​នាក់ និង​របួស ៩០​នាក់​។ កើនឡើង បើ​ធៀប​នឹង ២​ថ្ងៃ កាលពី​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំមុន​។​

​សូម​រម្លឹកថា អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ កាលពី​ឆ្នាំមុន រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៩១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ថយចុះ​ចំនួន ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំ​២០១៧៕​

អត្ថបទដែលជាប់ទាក់ទង