ពិធី​ស្រង់​ព្រះ ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​៣

(​ភ្នំពេញ​)៖ ពិធី​ស្រង់​ព្រះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​រៀបចំឡើង សម្រាប់​ព្រះ​ពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូន​ជីតា បុព្វការី​ជនតា​ម​វត្ត​អារាម និង​តាម​ភូមិ​ស្រុក ដើម្បី​សុំ​ខមាទោស​ចំពោះ​កំហុសឆ្គង​កន្លងមក​។ ជាទូទៅ ពិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​វារៈ​ឡើងស័ក ជា​ថ្ងៃទី​៣ ឬ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​។​

​ព្រះ​បរម​សាស្តា ទ្រង់​បាន​សំដែង​អំពី អានិសង្ស ដែល​បាន​កសាង​បុណ្យ​កុសល ក្នុងឱកាស​ដាច់​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ដោយ​ពិស្តារ នោះ​គឺ​អ្នក​ដែល​បាន​ងូតទឹក​ឲ្យ​មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ ក្នុងឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​ឫទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧ ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី ដែលមាន​រូបឆោម​ល្អ និង សំបូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​សេចក្តីសុខ​គ្រប់យ៉ាង​។

​រីឯ​អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (​ជាដើម​) ដោយ​អំណាច ដែល​បាន​លេង​សត្វ​អំបាល​​នោះ អ្នកនោះ​រមែង​ជា​អ្នកមាន​អាយុ​យឺនយូរ ជា​អ្នកមាន​សុខ​ច្រើន ឥតមាន​រោគ​ភ័យ​មក​បៀតបៀន​ក្នុង​កាល​ទាំងពួង ប្រកប​តែ​សេចក្តីសុខ​។

​ដោយ​ផល្លានិសង្ស ដែល​បាន​ស្រង់​ព្រះសង្ឃ អ្នកនោះ ទោះ​ទៅ​កើត​ក្នុង​ភព​ណាៗ រមែង​មាន​រូបឆោម​ល្អ ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សំបុរ​កាយ​ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរ​ឲ្យ​មើល ជា​អ្នកមាន​ប្រាជ្ញា​ស្រួច ជា​អ្នកក្លាហាន ជា​អ្នកទ្រទ្រង់​នូវ​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នកទ្រទ្រង់ និង ចេះ​ចប់​នូវ​ព្រះ​បិដក ជា​អ្នកមាន​អាយុ​យឺនយូរ​រាល់ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា​នូវ​គណ​ញាតិ សុទ្ធតែជា​អ្នក​ឧ​ត្ត​ម​ថ្លៃថ្លា​។ ទាំងនេះ ជា​អានិសង្ស​ផ្ងូត​ទឹក ឬ​ស្រង់​ព្រះ ក្នុងពេល​ចូលឆ្នាំ​៕

អត្ថបទដែលជាប់ទាក់ទង