ពូន​ភ្នំខ្សាច់ ឬ វាលុកចេតិយ នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

(​ភ្នំពេញ​)៖ វាលុកចេតិយ ពាក្យ​សាមញ្ញ​ហៅថា «​ពូន​ភ្នំខ្សាច់​»​។ ការ​ពូន​ភ្នំ​នេះ គឺ​គេ​យក​ខ្សាច់ មកចាក់​នៅ​កណ្តាល​ទីធ្លា ដែល​គេ​បានកំនត់ រួច​ពូន​អោយចេញ​ជា​រាង​ចេតិយ បែរមុខ​ទៅ​ទិសខាងកើត ហើយ​គេ​សន្ម​ត់​ហៅថា «​វាលុកចេតិយ​»​។ វាលុកចេតិយ តំណាងអោយ​ព្រះ​ចូលាមនី​ចេតិយ ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ​។

​ការ​ពូន​ភ្នំ​នេះ បច្ចុប្បន្ន តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករ នៅ​សាលាឆាន់ រឺ​ក្នុង​ព្រះវិហារ​។ ការ​ពូន​ភ្នំខ្សាច់ នៅក្នុង​វត្ត​អារាម ក្នុងពេល​ចូលឆ្នាំ​នេះ ដើម្បី​រំដោះ​កម្ម​ពារ​។​

​គម្ពីរ​មហា​សំ​ការសូត្រ បាន​បញ្ជាក់ថា ពេល​សង្ក្រាន្ត​ថ្មី ជិត​មកដល់​ព្រះបាទ​ប​សេន​តិ​កោសល បានទូល​សួរ​ព្រះសម្មាសម្ពុទ្ធ​ថា ក្រោយពេល​ព្រះអង្គ​បរិនិព្វាន​ទៅ កាលបើ​ដល់​សង្ក្រាន្ត ចូលឆ្នាំ​ម្ដងៗ តើ​ខ្ញុំព្រះអង្គ គួរ​បំពេញ​កុសល​អ្វីខ្លះ​? ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា គួរ​សាង​វាលុកចេតិយ នៅ​ឆ្នេរ​ស្ទឹង​ទន្លេ ហើយ​នាំយក​គ្រឿង​សក្ការៈ ទៀន ធូប គ្រឿងក្រអូប ផ្កា​ជាដើម​មក​បូជា​ចុះ ព្រះអង្គ​បាន​វិសេស​ណាស់ ដូចគ្នា​នឹង​ស្រង់ទឹក​ព្រះសង្ឃ​ដែរ​។​

​ដោយមាន​សេចក្ដី​អនុញ្ញាត​យ៉ាងនេះ​ហើយ ទើប​បុណ្យ​ពូន​ភ្នំខ្សាច់​នេះ បាន​បុណ្យ​កុសល​ច្រើន​អនេក ដោយ​អាច​សង្ឃឹម នឹង​ញញឹម​ទុក​ទៀតថា បុញ្ញកម្ម​ដែល​ខ្លួន​បាន​បំពេញ​នោះ អាច​សម្រាល​បាន​កម្ម​របស់ខ្លួន​ម្នាក់ៗ បាន​នេះ​ចំពោះ​កាលដែល​ព្រះពុទ្ធ​អង្គ​គង់​ធរមាន ទើប​មានបុណ្យ​កុសល ដែល​ជន​នោះ បានធ្វើ គឺអាច​ទទួលបាន​ផល​ភ្លាមៗ ដូច​មានរឿង​មួយ​បញ្ជាក់ថា បន្ទាប់ពី​មាណព បាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះ​បច្ចេកពុទ្ធ មាណព​នោះបាន​ទៅកាន់​ឋានសួគ៌ ៧​ថ្ងៃ​។​

​និទាន​ទាក់ទង​នឹង​ការ​ពូក​ភ្នំខ្សាច់ មាន​ដូចតទៅ​៖ រឿង​អ​ន្នំ​លោ​កំ​ទេវបុត្រ​
​កាលដែល​កន្លង​ទៅហើយ មាន​មាណព​ម្នាក់ មិនចេះ​ធ្វើបុណ្យ ដាក់​ទាន​ដល់​សមណព្រាហ្មណ៍​ណាមួយ​ឡើយ ព្រោះ​មិន​ជឿ​ទៅលើ​បុណ្យ​កុសល អ្នកធ្វើ​ល្អ​បានល្អ អ្នកធ្វើ​អាក្រក់ បាន​ផល​អាក្រក់​នោះទេ ហើយ​មាណព​នោះ ជា​មនុស្ស​ចូលចិត្ត​ធ្វើអំពើ​កាប់សម្លាប់​សត្វ​ផ្សេងៗ ដើម្បី​ចិញ្ចឹមជីវិត​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ តាំងពីព្រឹក​ទល់​ព្រលប់​។ សម័យ​ថ្ងៃមួយ មាណព​នោះ បាន​ក្រោក​ពី​ព្រលឹម រៀបចំខ្លួនប្រាណ កាន់​ស្នា និង​បណ្ដើរ​ឆ្កែ សំដៅទៅ​ក្នុងព្រៃ​ជ្រៅ ដើម្បី​បរបាញ់​សត្វ​នៅថ្ងៃនោះ​។

​មាណព​នោះ បាញ់​សត្វ​មិនបាន​សោះ មូលហេតុ​មកពី​មាន​ព្រះពុទ្ធ​មួយ​ព្រះអង្គ ដែល​ទើបតែ​ចេញពី​និរោធ​សមាបត្តិ​ថ្មីៗ បាន​និមន្ត​កាត់​ជិត​មាណព ធ្វើឱ្យ​សត្វ​ទាំងអស់​ភិតភ័យ​ហើរ​រត់​បាត់ទៅហើយ​ព្រះ​បច្ចេកពុទ្ធ​នោះ​ចេះតែ​និមន្ត​តាម​មាណព​នោះ​។​

​រហូតទល់​វេលា​បាយ​ថ្ងៃត្រង់ អស់កម្លាំង​ហេវ​ហត់ មាណព​ក៏​ចាប់ផ្ដើម​រៀប​បាយ​កញ្ចប់​បម្រុង នឹង​បរិភោគ ស្រាប់តែ​ព្រះ​បច្ចេកពុទ្ធ​នោះ មកដល់​ខាងមុខ មិន​ព្រម​និមន្ត​ទៅណា​សោះ ខណៈនោះ មាណព​នោះ​កាន់តែ​ខឹង​ទៅៗ តែ​គិតក្នុងចិត្ត​ថា បើ​អាត្មាអញ ឱ្យ​បាយ​ទៅ​សមណៈ នេះ​បន្តិច ប្រហែលជា​គាត់​មិន​នៅ​រំខាន​អញ បរបាញ់​ទៀត​ទេ​។
​ក្សិណនោះ ក៏បាន​យក​បាយ​មួយ​ដុំ​មក​ដាក់​បាត្រ ប្រគេន​ដល់​ព្រះ​បច្ចេកពុទ្ធ​នោះ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា សព្វ​សត្វ​ទាំងឡាយ ឱ្យតែ​កើតមក​ហើយ​លើ​លោកិយ​នេះ តែងតែ​ដល់​នូវ​សេចក្ដីស្លាប់ ជាទីបំផុត​ដូចៗ​គ្នា គ្រាន់តែ​មុន ឬ​ក្រោយ​យូរ​ឆាប់​តែប៉ុណ្ណោះ​។
​តែ​ការស្លាប់​នេះ គឺមាន​គ្រប់​សត្វ​ទាំងឡាយ ត្រូវតែ​វិល​កើត​វិល​ស្លាប់​ក្នុង​វដ្ដសង្សារ មិនមាន​ពេល​ស្រាក​ឡើយ​។ កាលបើ​បុគ្គល​នោះ បាន​ប្រព្រឹត្ត​តែ​អំពើ​ល្អ​គ្រប់យ៉ាង​សន្សំ​បុណ្យ​កុសល​ច្រើន ពេល​ស្លាប់ អាចជួយ​បុគ្គល​នោះឯង ទៅ​កើត​ឋានសួគ៌​ទេវលោក សោយ​សម្បត្តិ​ទិព្វ មាន​ស្រី​ទេពអប្សរ​មក​ចោមរោម​ប​ជា​បរិវារ ប្រកប​សុខ​សប្បាយ​គ្រប់ពេលវេលា​។​
​តែ​ផ្ទុយទៅវិញ បើ​បុគ្គល​នោះ បានធ្វើ​អាក្រក់​ច្រើន នឹង​ទទួលរង​ទុក្ខវេទនា​ដោយមាន​ទីកន្លែង​មួយ សម្រាប់​រង់ចាំ គឺ​ឋាន នរក ប្រេត សត្វ​តិរច្ឆាន និង អសុរកាយ​។ ដូច្នេះ​ជីវិត​របស់​មាណព​នោះ ក៏​ដូចគ្នា​ដែរ ទីបំផុត ត្រូវ​មច្ចុរាជ មក​ផ្ដាច់​អាយុ​របស់​មាណព​នោះ​ទៅ ដោយ​អកុសល ដែល​ខ្លួនឯង បាន​កាប់​សម្លាប់សត្វ​តូចធំ​រាប់មិនអស់ ត្រូវ​ធ្លាក់​ទៅ​ឋាន នរក សោយទុក្ខ​វេទនា ព្រោះ​កម្ម​របស់ខ្លួន បាន​សាង​កាលពី​នៅរស់​។​

​តែ​ដោយ​បុណ្យ​កុសល​អា​និ​សង្ឃ ដែល​បាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះ​បច្ចេកពុទ្ធ​នោះ អានិសង្ស​នោះ គឺ​មិន​បាត់​ទៅណា​ឡើយ​។ ហេតុដូច្នេះ គាត់​បាន​ទៅ​សោយសុខ​ក្នុង​ឋានសួគ៌​ចំនួន ៧​ថ្ងៃ ដែលជា​ឋាន​មាន​លម្អ​ដោយ​រតនសម្បត្តិ​ផ្សេងៗ មាន​ស្រី​ទេពអប្សរ កំដរ​ចោមរោម​ជា​បរិវារ​យ៉ាងច្រើន ដោយ​អំណាច​អានិសង្ស​បុណ្យ ដែល​មាណព​នោះ បាន​បំពេញ​ធ្វើ​ពេលនោះ ទើប​មាណព​នោះ មាន​ឈ្មោះថា អ​ន្នំ​លោ​កំ​ទេវបុត្រ ពោលគឺ​បាន​ប្រគេន​បាយ​មួយ​ដុំ​ដល់​ព្រះ​បច្ចេកពុទ្ធ​នោះឯង​។​

​ផល​បុណ្យ​ទាំងឡាយ អាចឱ្យ​ផល​នាបច្ចុប្បន្ន​កាល ក៏មាន ឱ្យ​ផល​នា​បរលោក ក៏មាន ដោយ​ទិដ្ឋធម្មិក​ត្ថ​ប្រយោជន៍ និង​សម្បរាយិក​ត្ថ​ប្រយោជន៍​ឱ្យ​ផល​ភ្លាមៗ ក្រោយពី​បុគ្គល​ណា​ម្នាក់ បាន​បំពេញ​ធ្វើបុណ្យ​ឱ្យទាន​រក្សាសីល​ចម្រើនមេត្តា ភាវនា ជាដើម​។ ព្រោះ​ហេតុនេះហើយ ទើប​មាណព​នោះ បាន​ទៅ​សោយ​សម្បត្តិ​ទិព្វ​ចំនួន​ប្រាំពីរ​ថ្ងៃ​តែប៉ុណ្ណោះ​។​

​មាណព​បានជា​ស្វាមី​នៃ​នាង សុវណ្ណ​ឱរ៉ៃ ជា​ទេពធីតា ដែលមាន​ប្រាជ្ញា​ឆ្លាត​លើស​ស្រី​នានា ក្នុង​ឋានសួគ៌​នោះ​។ នៅពេលដែល អ​ន្នំ​លោ​កំ​ទេវបុត្រ បានជា​ស្វាមី​នាង​នោះ ហើយ​ការសន្យា​ការពិភាក្សា​រវាង​គ្នា​នឹង​គ្នា រហូតដល់​ធីតា បានដឹង​ហេតុ ដែល​ស្វាមី​នាង​បានមក​កើត​ក្នុង​ឋានសួគ៌​នេះ ដោយហេតុថា​ស្រឡាញ់​ស្វាមី មិន​ចង់ឱ្យ​បែក​ពី​នាង​ក៏​រក​វិធី​ជួយ​ស្វាមី គឺ​ធ្វើ​ពិធី​ពូន​ភ្នំខ្សាច់ រួច​អធិដ្ឋាន​ជា វេ​លុក​ចេតិយ ដល់​ថ្ងៃ​កំណត់ ពួក​យមរាជ​យមបាល នាំគ្នា​មក ដើម្បី​នាំ​មាណព​ទៅវិញ ពេលនោះ នាង​ដែលជា​ភរិយា​បាន​ប្រាប់ថា បើ​អ្នក​ចង់យក​ប្ដី​ខ្ញុំ ចូរ​អ្នក​រាប់​គ្រាប់​ខ្សាច់​នេះ ឱ្យអស់​បើ​រាប់មិនអស់​ទេ កុំ​យកប្ដី​ខ្ញុំ​អី បើ​រាប់​អស់​ចាំ​យកទៅ​ចុះ​! ។​
​បន្ទាប់មក​ពួក​យមរាជ​យមបាល​ទាំងអស់ បាននាំគ្នា​រាប់​គ្រាប់​ខ្សាច់ ដែល​នាង​បាន​អធិដ្ឋាន​រួច​នោះ​ទោះបី​អ្នក​ទាំងអស់នោះ ព្យាយាម​យ៉ាងណា ក៏​រាប់មិនអស់ ចេះតែ​កើនឡើងៗ​។​
​ទីបំផុត អ្នក​ទាំងនោះ ក៏​ព្រម​ចុះចាញ់ រួច​នាំគ្នា​ត្រឡប់​ទៅវិញ​អស់​ទៅ​។

​រឿងនេះ​ចង់​បញ្ជាក់​អំពី​ពិធីបុណ្យ​ពូន​ភ្នំខ្សាច់ គឺមាន​ចាប់តាំងពី​ពេល​នោះមក ទើប​អ្នក​កាន់​ព្រះពុទ្ធសាសនា ខិតខំ​រក្សា រហូតមកទល់​បច្ចុប្បន្ន​នេះ​។​

​មកដល់​វេលា​សព្វថ្ងៃ នៅពេល​ពូន​ភ្នំខ្សាច់​រួច លោក​អាចារ្យ សូត្រធម៌ អធិដ្ឋាន វាលុកចេតិយ ឲ្យ​តំណាង​ព្រះ​ចូលាមណី​ចេតិយ រួច​យក​កំណាត់​ស​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ទៅ​ពានា​ពាក់ឆៀង​ព្រះ​ចេតិយ ដែល​តាម​សម្តី​អ្នកស្រុក​ហៅថា «​បំបួស​ភ្នំ​» ។ ក្នុងឱកាស​នោះដែរ ព្រះសង្ឃ​សូត្រធម៌ ចំរើន​ព្រះ​បរិត្ត នៅ​ធម្មសាលា​ដោយ​បន្ត​អំបោះ​មកដល់​ភ្នំ​ទាំងអស់​។ ភ្នំ​ដែល​បាន​ឡើងជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយ​ទៅជា​ន់​រំលង ឬ​រំលាយ​មុនគេ​ផ្សឹក ទុក​ត្រូវ​ទទួល​បាប ។​

​ក្រោយពី​ការធ្វើ​កិច្ច​សព្វគ្រប់​ហើយ លោក​អាចារ្យ សូត្រ​បួងសួង និង​ថ្វាយ​គ្រឿង​សក្ការៈ​ដល់​អស់​ទេវតា ព្រះ​យមរាជ ដែល​តែងតែ​ត្រួតត្រា​មើល​ការខុសត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំ​ខមាទោស ចំពោះ​អំពើ​ខុសឆ្គង​ទាំងឡាយ​កន្លងមក ដោយ​ការអនុគ្រោះ សុំ​ឲ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តីសុខ​ចំរើន​តរៀង​ទៅ​។

​បន្ទាប់​លោក​អាចារ្យ​បាន​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក ដែល​ចែក​ឋាន​ទៅ មាន​មាតាបិតា​ជីដូន ជីតា ព្រមទាំង​ញ​តិ​មិត្ត​ទាំងអស់​ផង​។ ថ្ងៃ​បន្ទាប់ ពុទ្ធបរិស័ទ​មកជួប​ជុំគ្នា លោក​អាចារ្យ​ចាប់ដំណើរការ​ថ្វាយបង្គំ​ព្រះ សមាទានសីល​នៅ​ធម្មសាលា​។ បន្ទាប់មក គេ​នាំគ្នា​រាប់បាត្រ​បន្ត​ហូរហែ ទាល់តែ​អស់អ្នក​ដែលមាន​សទ្ធា​។ នៅពេល​បញ្ចប់​ការ​រាប់បាត្រ គេ​បាន​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ ទៅកាន់​ភ្នំខ្សាច់​។ អាចារ្យ​ចាប់ផ្តើម​ពិធី​នៅ​ភ្នំខ្សាច់ ដូច​កាលពី​ល្ងាច​ម្តងទៀត​។ ជាមួយគ្នានេះដែរ ព្រះសង្ឃ​សូត្រ​ពុទ្ធមន្ត​ប្រសិទ្ធិ​ពរជ័យ​សិរី​មង្គល​នៅ​ធម្មសាលា​។
​អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាងក្រៅ​មុខ​ភ្នំ គឺ​ឆ្លងបុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោលថា : «​ឥ​មំ វា​លុក​ចេ​តិ​យំ ប​ច្ច​ក្ខា​មិ​» ប្រែ​ថា​៖ «​ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុកចេតិយ​នេះ​ចេញ​» គឺ​លែង​ប្រកាន់​ថា​ជា​ចេតិយ​ទៀតហើយ អ្នកណា​រំលាយ​ក៏​គ្មាន​បាប​ដែរ​។

​គេ​នាំគ្នា​ចូល​ធម្មសាលា ដើម្បី​វេរភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់ ។ ពេល​រសៀល​គេ​ជួបជុំគ្នា ដើម្បី​នមស្សការ​ថ្វាយបង្គំ​ព្រះ និង អ​រា​ធនា​ព្រះសង្ឃ​សំដែង​ធម្មទេសនា​។ កម្មវិធី​ជា​បន្ត គេ​នាំគ្នា​សំអាត​ព្រះ​ពុទ្ធរូប ហើយ​បាចផ្កា បាញ់​ទឹកអប់ (​ស្រង់​ព្រះ​)​។

​ព្រះ​បរម​សាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស ដែល​បាន​កសាង​បុណ្យ​កុសល ក្នុងឱកាស​ដាច់ ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ដោយ​ពិស្តារ នោះ​គឺ​អ្នក​ដែល​បាន​ងូតទឹក​ឲ្យ​មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុងឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​ឫទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧ ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី ដែលមាន​រូបឆោម​ល្អ និង សំបូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​សេចក្តីសុខ​គ្រប់យ៉ាង​។

​រីឯ​អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (​ជាដើម​) ដោយ​អំណាច ដែល​បាន​លេង​សត្វ​អំបាល​នោះ អ្នកនោះ​រមែង​ជា​អ្នកមាន​អាយុ​យឺនយូរ ជា​អ្នកមាន​សុខ​ច្រើន ឥតមាន​រោគ​ភ័យ​មក​បៀតបៀន​ក្នុង​កាល​ទាំងពួង ប្រកប​តែ​សេចក្តីសុខ​។

​ដោយ​ផល្លានិសង្ស ដែល​បាន​ស្រង់​ព្រះសង្ឃ អ្នកនោះ ទោះ​ទៅ​កើត​ក្នុង​ភព​ណាៗ​រមែង​មាន​រូបឆោម​ល្អ​ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សំបុរ​កាយ​ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរ​ឲ្យ​មើល ជា​អ្នកមាន​ប្រាជ្ញា​ស្រួច ជា​អ្នកក្លាហាន ជា​អ្នកទ្រទ្រង់​នូវ​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នកទ្រទ្រង់ និង ចេះ​ចប់​នូវ​ព្រះ​បិដក ជា​អ្នកមាន​អាយុ​យឺនយូរ​រាល់ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា​នូវ​គណ​ញាតិ សុទ្ធតែជា​អ្នក​ឧ​ត្ត​ម​ថ្លៃថ្លា​។ ទាំងនេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុងពេល​ចូលឆ្នាំ ។ ដោយ​ប្រការ​ដូច្នេះហើយ បានជា​នៅ​ឱកាស​ចូលឆ្នាំ​មនុស្ស​ទាំងឡាយ​តែង​នាំគ្នា​ដោះលែង សត្វ​ផ្សេងៗ តែង​នាំគ្នា​ធ្វើបុណ្យ​ផ្សេងៗ ដើម្បី​បានទទួល​នូវ​អានិសង្ស​ទាំងនោះ​៕

អត្ថបទដែលជាប់ទាក់ទង