គ្រប់​រាជធានី​ខេត្ត ទូទាំងប្រទេស រៀបចំ​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃទី​១៤-១៦​មេសា​

(​ភ្នំពេញ​)៖ ថ្ងៃនេះ គឺជា​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នៅ​ម៉ោង ១៥:១២​នាទី រសៀល​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា ឆ្នាំ​២០១៩ ប្រជាជន​កម្ពុជា នឹង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង​ទុ​ង្សា​ទេវី ដែល​យាង​ចុះមក​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី និង​គ្រប់គ្រង​ចក្រវាល​ទាំងមូល ត​ពី​ទេវតា​ឆ្នាំ​ចាស់​។​

​នៅ​ថ្ងៃ​ចូលឆ្នាំ ថ្ងៃ​ដំបូង​នេះ ការរៀបចំ​សង្ក្រាន្ត ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវបាន​ធ្វើឡើង នៅតាម​បណ្ដា​រាជធានី​ខេត្ត​ទូទាំងប្រទេស និង​នៅ​តំបន់​ជាច្រើន ដែល​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា បានទទួល​នូវ​ភាពសប្បាយ​រីករាយ​ទាំងអស់គ្នា ក្នុងឱកាស​នៃ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ សង្ក្រាន្ត ទទួលទេវតាឆ្នាំថ្មីទាំងនេះ រៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជា សហការជាមួយ​អាជ្ញាធរ​រាជធានីខេត្ត រួមទាំងវិស័យ​ឯកជន​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ទាំង​ទីជិត ទី​ឆ្ងាយ ប្រកបដោយ​សេចក្តីសុខ​សប្បាយ​។ មុន​ចេញពីផ្ទះ សូម​ពិនិត្យមើល​ភ្លើងទៀន ភ្លើង​ធូប ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ទាំងអស់គ្នា ដើម្បី កម្ពុជា កាន់តែ​រីកចម្រើន​រុងរឿង​ទៅមុខ ដែល​ផ្តល់ឱកាស​អោយ​យើង​អាច​ប្រារព្ធ​នូវ​ពិធីបុណ្យ​តូចធំ​ជាច្រើន ជាពិសេស​ដូចជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ​ជាដើម​។ សូម​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​គ្រប់ៗ​គ្នា​»៕​

អត្ថបទដែលជាប់ទាក់ទង