សហរដ្ឋអាមេរិក ជូនពរ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​!

(​ភ្នំពេញ​)៖ សហរដ្ឋអាមេរិក តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Morgan Ortagus បាន​ផ្ញើ​សារ​ជូនពរ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣​។ រីឯ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​លោកស្រី Veena Reddy ប្រធាន​បេសកកម្ម USAID ប្រចាំ​កម្ពុជា ក៏បាន​ជូនពរ​ប្រជាជន​កម្ពុជា អោយទទួល​បាន​ភាព​រី​ករាយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ និង​ធ្វើដំណើរ ប្រកបដោយ​សុវត្ថិភាព​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Morgan Ortagus ក្នុងនាម​រដ្ឋាភិបាល​អាមេរិក បាន​ជូនពរ​ដល់​ពលរដ្ឋ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេលនេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Morgan Ortagus បាន​លើកឡើងថា «​ចំណងមិត្តភាព​ប្រជាជន និង​ប្រជាជន រវាង​កម្ពុជា និង​អាមេរិក ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​យើង ក្នុងការ​ជំរុញ​ឲ្យ​មាន​សន្តិភាព ភាពរុងរឿង និង​សេរីភាព​។ សូម​ឲ្យ​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ កាន់តែ​ស៊ីជម្រៅ​ថែមទៀត នៅក្នុង​ឆ្នាំ​ថ្មី​»​។​

​អ្នកនាំពាក្យ​បន្តថា «​សូម​ឲ្យ​ឆ្នាំ​ថ្មី ឆ្នាំកុរ នាំមក​នូវ​សិរី​សួស្តី សុខភាព​បរិបូរណ៍ សុភ​ម​ង្គ និង​ភាពរុងរឿង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​»​។​

​សូម​រម្លឹកថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង តាំងពី​បុរាណកាល​ជា​រៀងរាល់ឆ្នាំ​រហូតមក រយៈពេល ៣​ថ្ងៃ នៅ​ខែចេត្រ ដែល​នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​១០-១១-១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង ទុ​ង្ស​ទេវី នឹង​ចុះ​នៅ​ម៉ោង ១៥ និង ១២​នាទី ឬ​ម៉ោង ៣ និង ១២ នាទី រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩៕​

អត្ថបទដែលជាប់ទាក់ទង