វិភាគៈ ចិននឹងនាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅឆ្នាំ២០៣០ខាងមុខ

នៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចនៅលើពិភពលោក បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ លើវិស័យសេដ្ឋកិច្ច យោធា នយោបាយ និងខាងបច្ចេកវិទ្យាផងដែរ ហើយនៅឆ្នាំ២០៣០ខាងមុខនេះ ចិននឹងនាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។

បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍បញ្ញាបច្ចេកវិទ្យា ដែលត្រូវបានបង្កើតឡើងដោយមនុស្ស និងធ្វើការងារជំនួសមនុស្សដោយប្រើម៉ាស៊ីន ជាពិសេសគឺប្រព័ន្ធកុំព្យូទ័រ ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការរបស់មនុស្សនៅលើពិភពលោក ។

មនុស្សជាអ្នកបង្កើតបញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យាថ្មី ប៉ុន្តែបញ្ញាសិប្បនិម្មិតនេះ អាចធ្វើការងារបានល្អជាងមនុស្សទៅទៀត ក្នុងការបង្កើនល្បឿនឧស្សាហកម្ម ដូចជាការផលិតរថយន្តស្វ័យបើកបរ ដែលជារថយន្តអាចបើកបរដោយខ្លួនឯងជាដើម ។

ឧបករណ៍បញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យា អាចបង្កើនសន្តិសុខដោយការចំណាំមុខមនុស្សបានល្អបំផុត ឫក៏ប្រព័ន្ធរកជម្ងឺមហារីក ដែលអាចដឹងច្បាស់បានល្អជាងគ្រូពេទ្យឯកទេស ដែលបានសិក្សារាប់សិបឆ្នាំទៅទៀត ។

រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសនៅលើពិភពលោកដែលមានឧបករណ៍បញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យាជឿនលឿនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសចិន រុស្ស៊ី កាណាដា ជប៉ុន និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ។

បច្ចុប្បន្ននេះ មេដឹកនាំរបស់ប្រទេសចិនបានធ្វើអោយមេដឹកនាំប្រទេសមួយចំនួននៅលើពិភពលោក មានមេដឹកនាំរបស់សហរដ្ឋអាមេរិកជាដើម បើកភ្នែកធំៗ និងភ្ញាក់ផ្អើលដោយឃើញចិបង្ហាញសមត្ថភាពក្នុងការផលិតឧបករណ៍បញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យា ។

ទាក់នឹងសមត្ថភាពបច្ចេកវិទ្យានេះដែរ ចិនបានបង្កើនល្បឿនយ៉ាងលឿនលើវិស័យបច្ចេកវិទ្យាអវកាស ដែលធ្វើអោយបារាំងដែលជាដៃគូចាស់របស់សហរដ្ឋអាមេរិក បានដោះដៃចោលអាមេរិក និងបបួលចិនឡើងឋានព្រះចន្ទនៅឆ្នាំ២០២៣ខាងមុខ ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ចិនបានលូកដៃជ្រៅណាស់ក្នុងវិស័យ បញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យា ដោយចិនមិនញញើតនឹងការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់លើការវិនិយោគលើការអប់រំ ស្រាវជ្រាវលើវិស័យនេះទេ ។

នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់ប្រទេសចិន បានចំណាយលទឹកប្រាក់មិនតិចជាង១៥០ពាន់លានដុល្លារអាមេរិកទេក្នុងមួយឆ្នាំ លើការបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការស្រាវជ្រាវលើកម្មវិធីសិក្សាស្តីពីបញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យា ។

គិតត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់ប្រទេសចិន បានរីកដុះដាលដូចផ្សិតនៅជុំវិញពិភពលោក ដោយក្រុមហ៊ុនទាំងនោះមានការងារសំខាន់ក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលក្រុមហ៊ុនចិនទាំងនោះ បានចំណាយទឹកប្រាក់រហូតដល់លើ៤៨%នៃការបណ្តាក់ទុនសរុបលើការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅលើពិភពលោក ។

លោក អែលឡុន ម៉ាស់ (Elon Musk) សហគ្រិនបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន ស្បេសអ៊ិក (Space X) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ័ល្បីល្បាញនៅលើពិភពលោក បានអោយដឹងថា នៅឆ្នាំ២០៣០ខាងមុខ ចិននឹងក្លាយជាមហាអំណាចបច្ចេកវិទ្យាលឈានមុខគេនៅលើលើពិភពលោក ។

លោក អែលឡុន ម៉ាស់ បានបន្ថែមថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកជាប្រទេសឈានមុខគេលើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតតាមបែបបច្ចេកវិទ្យានៅលើពិភពលោក ហើយចិនក៏កំពុងតាមពីក្រោយយ៉ាងស្វិតស្វាញគួរអោយបារម្ភផងដែរ ។

ចិនមិនត្រឹមតែតាមពីក្រោយអាមេរិកយ៉ាងស្វិតស្វាញទេ គឺល្បឿនរបស់ចិនក៏កំពុងកើនឡើងយ៉ាងលឿនផងដែរ ដែលអាមេរិកមិនអាចរត់រួចពីកណ្តាប់ដៃរបស់ចិន ក្នុងការផ្តួលរំលំអាមេរិកយកតំណែងលេខ១ នៅឆ្នាំ២០៣០ខាងមុខនេះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង