ទេវ​តា​ឆ្នាំ​ថ្មី ចុះ​នៅ​ម៉ោង ៣ និង ១២ នាទី រសៀល​ថ្ងៃអាទិត្យ ទី​១៤​មេសា​នេះ

(​ភ្នំពេញ​)៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង តាំងពី​បុរាណកាល​ជា​រៀងរាល់ឆ្នាំ មាន​រយៈពេល ៣​ថ្ងៃ នៅ​ខែចេត្រ ដែល​នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​១០-១១-១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ តាម​សៀវភៅ​មហាសង្ក្រាន្ត ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង ទុ​ង្សៈ​ទេវី នឹង​ចុះ​នៅ​ម៉ោង ១៥ និង ១២ នាទី ឬ​ម៉ោង ៣ និង ១២​នាទី រសៀល​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នេះ​។​

​ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​ស្ងើ​យ ដាក់ថ្វាយ ទទួល​ទេវតា ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ព្រះ​នាង ទុ​ង្ស​ទេវី រួមមាន​៖ ក្រណាត់ស ទាន ៥ ធូប​៥ បាយសី​មួយគូ ស្លាធម៌​ដើម​ចេក​មួយគូ ផ្លែឈើ ៣ ទៅ ៥ មុខ ( តាម​ធនធាន ) និង​ទឹកស្អាត​ពីរ​កែវ​។​ បើមានផ្លែល្វា ក៏កាន់តែប្រសើរ ដោយសារតែនៅឆ្នាំនេះ ទេវតា ព្រះនាង ទុង្សទេវី សោយផ្លែល្វា។

​ចំណែក​ផ្ទះសម្បែង គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម គ្រប់​ពណ៌ សំរាប់​ទទួល​ទេព្តា​ថ្មី ។ លុះដល់​វេលា​កំណត់ ទេព្តា​ថ្មី​យាង​មក គេ​នាំ​កូនចៅ​អង្គុយ​ជុំគ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់ស្រន់ សុំ​សេចក្តីសុខ​ចម្រើន គ្រប់ប្រការ ពី​ទេព្តា​ថ្មី​។

​ទំនៀម​ពិធី​ចូលឆ្នាំ ប្រព្រឹត្តទៅ ចំនួន ៣ ថ្ងៃ គឺ​ថ្ងៃ​ដំបូង ជា​ថ្ងៃ​មហាសង្ក្រាន្ត​, ថ្ងៃទី​២ ជា​ថ្ងៃ​វន​បត​, និង​ថ្ងៃទី​៣ ជា​ថ្ងៃ​ឡើងស័ក​។​

​រីឯ​ពិធី ៣ ថ្ងៃ នៃ​ថ្ងៃ​ចូលឆ្នាំ គឺ​៖
· ថ្ងៃទី​១៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​។ ពេល​ល្ងាច គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​សាង វាលុកចេតិយ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណាមួយ​នៅក្នុង​វត្ត​នោះ​។ នៅពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង សំដែង​ធម្មទេសនា ។​

· ថ្ងៃទី​២៖ កូនចៅ​ជូន​សំលៀកបំពាក់ នំចំណី លុយកាក់ ដល់​អ្នកមានគុណ មាន​ឪពុកម្តាយ ជីដូន​ជីតា ជាដើម​។ ជួនកាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀតផង​។ ពេល​រសៀល គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់ ដែល​គេ​សន្ម​ត់​ទុក​ដូច​ចូឡាមនី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន ដែល​បាន​ស្លាប់ទៅ​។​

· ថ្ងៃទី​៣៖ ពេលព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់​។ ពេល​ល្ងាច និមន្ត​ព្រះសង្ឃ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (​តាម​ការនិយម​នៃ​ស្រុក​ខ្លះ​)​។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ ជាច្រើន ដូចជា​លេង បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង​ជាដើម និង មាន​របាំ​ត្រុដិ (​ច្រើន​មាននៅ​ខេត្តបាត់ដំបង សៀមរាប​) ជាពិសេស​ទៀត​គឺ​រាំវង់ តែ​អាស្រ័យ​ទៅតាម​ការនិយម​ចូលចិត្ត​របស់​មនុស្សម្នា​ក់ៗ​។ អ្នកខ្លះ​និយម​នាំគ្នា​ដើរ​កំសាន្ដ​បន្ត អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​៕

 

អត្ថបទដែលជាប់ទាក់ទង