ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​១ នាយករដ្ឋមន្ត្រី និង​ភរិ​យា ជូនពរ​ជនរួមជាតិ សូម​ជួបតែ​សេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ព្រមទាំង​ពុទ្ធពរ ៥​ប្រការ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៤ ខែមេសា ត្រូវជា​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា បានប្រកាស​ជូនពរ​ជនរួមជាតិ​ទាំងអស់ សូម​ជួបតែ​សេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ព្រមទាំង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង ៥​ប្រការ​។​

​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤​មេសា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃទី​១​នេះ ខ្ញុំ និង​ភរិយា សូម​ប្រគេន​ពរ និង​ជូនពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស សូម​ជួបតែ​សេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ព្រមទាំង​ពុទ្ធពរ ៥ ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ ព្រមទាំង​ចៅៗ​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ទោះ​ជិត ឬ​ឆ្ងាយ​ទៅកាន់​ស្រុកកំណើត ឬ​ទៅកាន់​ទី​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស​»​។​

​សូម​រម្លឹកថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង តាំងពី​បុរាណកាល​ជា​រៀងរាល់ឆ្នាំ រហូតមក រយៈពេល ៣​ថ្ងៃ នៅ​ខែចេត្រ ដែល​នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​១០-១១-១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩៕​

អត្ថបទដែលជាប់ទាក់ទង