ប្រវត្តិ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

(​ភ្នំពេញ​)៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង តាំងពី​បុរាណកាល​ជា​រៀងរាល់ឆ្នាំ​រហូតមក រយៈពេល ៣​ថ្ងៃ នៅ​ខែចេត្រ ដែល​នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​១០-១១-១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ តើ​ប្រវត្តិ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មាន​អត្ថន័យ​បែបណាខ្លះ​?

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប មាន​សេដ្ឋី​ម្នាក់ មាន​បុត្រ​មួយ ឈ្មោះ ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះវិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រី​វេទ តាំងពី​អាយុ​បាន ៧ ឆ្នាំ​។ សេដ្ឋី​បិតា បាន​សាង​ប្រាសាទ​ឲ្យ ធម្មបាល​កុមារ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែលជា​ទីស្នាក់អាស្រ័យ នៃ​បក្សី​ទាំងឡាយ​។ ធម្មបាល​កុមារ ចេះ​ទាំង​ភាសា​បក្សី ទាំងពួង​ផង ព្រមទាំង​អាចធ្វើ​ជា​អាចារ្យ សម្ដែង​មង្គល​ផ្សេងៗ ដល់​មនុស្ស​ទាំងពួង​ផង​។
​គ្រានោះ មនុស្សលោក​រមែង​រាប់អាន​មហាព្រហ្ម និង​កបិល​មហាព្រហ្ម ១ អង្គ​ទៀត ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង​។ ពេលនោះ កបិល​មហាព្រហ្ម បាន​ជ្រាប​ព័​ត៌‌​មាន ក៏​ចុះមក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាល​កុមារ អាច​ដោះប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះ​សិរសា​ទ្រង់ ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិនបើ ធម្មបាល​កុមារ មិនអាច​ដោះស្រាយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ​។

​ធម្មបាល​កុមារ សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃ​សិន ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លងទៅ ៦ ថ្ងៃ​ហើយ ក៏​ធម្មបាល​កុមារ នៅតែ​គិត​មិនឃើញ និង​ដឹងខ្លួន​ថា ព្រឹក​នេះ នឹងត្រូវ​ស្លាប់ ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​។ ដូច្នេះ គួរតែរ​ត់ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង ប្រសើរ​ជាង​។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយគូ​។ នៅលើ​ដើមត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល ធ្វើ​សំបុក អាស្រ័យ​នៅ​។

​វេលាយប់ សត្វ​ឥន្ទ្រី​ញី សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ យើង​បាន​អាហារ​អ្វី​ធ្វើជា​ចំណី​? ឥន្ទ្រី​ឈ្មោល ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ ដោះប្រស្នា​មិន​រួច​។ ឥន្ទ្រី​ញី​សួរថា ប្រស្នា​នោះ ដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា វេលា​ព្រឹក​សិរី​សួស្ដី ស្ថិតនៅ​ត្រង់ណា​? ត្រូវ​ឆ្លើយថា នៅលើ​ផ្ទៃមុខ​។ ហេតុនេះ ទើប​មនុស្ស​ទាំងឡាយ ត្រូវយក​ទឹកលុប​មុខ​។ ប្រស្នា​ទី​២ ចោទថា ថ្ងៃត្រង់ សិរី​ស្ថិតនៅ​ត្រង់ណា​? ត្រូវ​ឆ្លើយថា នៅលើ​ទ្រូង​។ ហេតុ​នោះ ទើប​មនុស្ស ត្រូវយក​ទឹក​លាង​ទ្រូង​។ ប្រស្នា​ទី​៣ ចោទថា វេលា​ល្ងាច សិរី​ស្ថិតនៅ​ត្រង់ណា​? ត្រូវ​ឆ្លើយថា នៅ​នឹង​ជើង​។ ហេតុ​នោះ ទើប​មនុស្ស​ទាំងឡាយ ត្រូវយក​ទឹក​លាង​ជើង​។

​ធម្មបាល​កុមារ បានឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​។ លុះ​ព្រឹក​ឡើង កបិល​មហាព្រហ្ម ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ​។ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានឮ​មក​។

​កបិល​មហាព្រហ្ម ក៏​ទទួល​ថា​ពិត ជា​ត្រឹមត្រូវ ព្រម​ចុះចាញ់ និង​សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន​។ កបិល​មហាព្រហ្ម ហៅ ទេពធីតា​ទាំង ៧ អង្គ ដែលជា បាទ​បរិ​ចា​វិកា ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ លើ​ផែនដី នោះ​នឹង​កើតជា​ភ្លើង ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស នឹង​នាំ​ឲ្យ​រាំងភ្លៀង បើ​ចោល​ក្នុង​មហាសមុទ្រ នោះ​ទឹក នឹង​រីងស្ងួត​ហួត​អស់​។ ដូច្នេះ សូម​ឲ្យ​កូន​ទាំង ៧ អង្គ យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា​។

​ពោល​រួច ព្រះអង្គ​ក៏​កាត់​ព្រះ​សិរសា ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុ​ង្ស ជា​កូនច្បង​។ ព្រះ​នាង ទុ​ង្ស ក៏បាន​យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០ នាទី ទើប​យាង​ទៅ​ប្រតិ​ស្ថាន​ទុក ក្នុង​មណ្ឌល នៅក្នុង​គុហា​គន្ធ​មាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ​។

ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ ប្រការ ឈ្មោះថា “​ភគវតី​សភា​សាលា​” ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​។ លុះដល់​គម្រប់ ១​ឆ្នាំ ជា សង្ក្រាន្ត នាង​ទេពធីតា​ទាំង ៧ អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ ជា​រៀងរាល់ៗ​ឆ្នាំ រួចហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក ដើម្បី​តម្កល់​វិញ​។​

.​ទំនៀម​ចូលឆ្នាំ​៖
​ទំនៀម​ពិធី​ចូលឆ្នាំ ប្រព្រឹត្តទៅ ចំនួន ៣ ថ្ងៃ គឺ​ថ្ងៃ​ដំបូង ជា​ថ្ងៃ​មហាសង្ក្រាន្ត​, ថ្ងៃទី​២ ជា​ថ្ងៃ​វន​បត​, និង​ថ្ងៃទី​៣ ជា​ថ្ងៃ​ឡើងស័ក​។ រីឯ​ការកំណត់​ខែ ថ្ងៃ ម៉ោង នាទី ដែល​ឆ្នាំ​ចាស់ ត្រូវផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី ត្រូវ​ចុះមក​ទទួល​តំណែង ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹងបាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​ម​ហាស​សង្ក្រាន្ត​។​

​តើ​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់ពី​សម័យ​ក្រុង​នគរធំ​មក ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ តាម​ក្បួន ចន្ទគតិ (lunar calendar) (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​ខ្មែរ​កំណត់​យក​ខែ មិគសិរ ជា​ខែ​ចូលឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែ​ក​ក្តិ​ក ជា​ខែ​ទី​១២​។ សម័យ​ក្រោយមក ប្រទេស​ខ្មែរ ប្តូរ​ទៅប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ តាម​ក្បួន សុរិយគតិ (solar calendar) (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​)​។ ពេលនោះ​ហើយ​ដែល​ខ្មែរ​កំណត់​ចូលឆ្នាំ ក្នុង​ខែចេត្រ (​ខែ​ទី​៥) ព្រោះ​ក្នុង​ខែ​នេះ ព្រះអាទិត្យ ធ្វើដំណើរ​ចេញពី មីនរាសី ចូលកាន់ មេសរាសី​។ ថ្ងៃ​ចូលឆ្នាំ រមែង​ត្រូវ​លើ​ថ្ងៃទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀងរាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ មាន​ភ្លាត់​ម្តងៗ ចូលឆ្នាំ​ក្នុង​ថ្ងៃទី​១៤​មេសា ក៏មាន​ខ្លះ​ដែរ​។

​ចំពោះ​ពិធី​ផ្សេងៗ ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី ដូចតទៅ ពេលមុន​ចូលឆ្នាំ គេ​នាំគ្នា​ប្រុងប្រៀប រក​ស្បៀងអាហារ​, សំអាត​ផ្ទះសម្បែង​, រែក​ទឹក​ដាក់​ពាង​, រក​អុស​ទុក​, និង​កាត់​សំលៀកបំពាក់​ថ្មីៗ ជាដើម​។

​ថ្ងៃ​ចូលឆ្នាំ​មកដល់ គេ​រៀប​គ្រឿង​សក្ការៈបូជា សំរាប់​ទទួល​ទេវតា​ថ្មី​មាន​៖ បាយសី ១​គូ​, ស្លាធម៌ ១​គូ​, ធូប ៥, ទៀន ៥, ទឹកអប់ ១​គូ​, ផ្កា​ភ្ញី​, លាជ​, ទឹក ១ ផ្តិល និង ភេសជ្ជៈ​, នំនែក​, ផ្លែឈើ​គ្រប់មុខ ។
​ចំណែក​ផ្ទះសម្បែង គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម គ្រប់​ពណ៌ សំរាប់​ទទួល​ទេព្តា​ថ្មី ។ លុះដល់​វេលា​កំណត់ ទេព្តា​ថ្មី​យាង​មក គេ​នាំ​កូនចៅ​អង្គុយ​ជុំគ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់ស្រន់ សុំ​សេចក្តីសុខ​ចម្រើន គ្រប់ប្រការ ពី​ទេព្តា​ថ្មី​។

​ចំពោះ​គ្រឿង​សក្ការៈ និង ក្រយា​ស្ងើ​យ ដាក់ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាមចិត្ត​ទេវតា ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ។ ឧទាហរណ៍ ៖ បើ​ទេវតា ដែល​ត្រូវ​ចុះមក​នោះ សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។

រីឯ​ពិធី ៣ ថ្ងៃ នៃ​ថ្ងៃ​ចូលឆ្នាំ គឺ​៖
· ថ្ងៃទី​១៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​។ ពេល​ល្ងាច គេ​នាំគ្នា​ជញ្ជូន​ខ្សាច់​សាង វាលុកចេតិយ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណាមួយ​នៅក្នុង​វត្ត​នោះ​។ នៅពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង សំដែង​ធម្មទេសនា ។​

· ថ្ងៃទី​២៖ កូនចៅ​ជូន​សំលៀកបំពាក់ នំចំណី លុយកាក់ ដល់​អ្នកមានគុណ មាន​ឪពុកម្តាយ ជីដូន​ជីតា ជាដើម​។ ជួនកាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀតផង​។ ពេល​រសៀល គេ​នាំគ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់ ដែល​គេ​សន្ម​ត់​ទុក​ដូច​ចូឡាមនី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន ដែល​បាន​ស្លាប់ទៅ​។​

· ថ្ងៃទី​៣៖ ពេលព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់​។ ពេល​ល្ងាច និមន្ត​ព្រះសង្ឃ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (​តាម​ការនិយម​នៃ​ស្រុក​ខ្លះ​)​។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ ជាច្រើន ដូចជា​លេង បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង​ជាដើម និង មាន​របាំ​ត្រុដិ (​ច្រើន​មាននៅ​ខេត្តបាត់ដំបង សៀមរាប​) ជាពិសេស​ទៀត​គឺ​រាំវង់ តែ​អាស្រ័យ​ទៅតាម​ការនិយម​ចូលចិត្ត​របស់​មនុស្សម្នា​ក់ៗ​។ អ្នកខ្លះ​និយម​នាំគ្នា​ដើរ​កំសាន្ដ​បន្ត អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​៕​

អត្ថបទដែលជាប់ទាក់ទង