លោកអភិបាលស្រុកសំរោង ខេត្តតាកែវ រងការចោទប្រកាន់ថា យកលុយពីសមាជិកក្រុមប្រឹក្សាស្រុកម្នាក់១លានរៀន

(តាកែវ)៖ សមាជិកក្រុមប្រឹក្សាស្រុកសំរោង ខេត្តតាកែវ ជាង២០នាក់ បានសម្តែងការមិនសប្បាយចិត្ តនិងមានសតិអារម្មណ៍មិនល្អចំពោះលោក កេត ម៉ៅ អភិបាលស្រុក ដែលបានបង្ខំពួកគាត់ឲ្យបរិច្ចាគថវិកាក្នុងម្នាក់ៗចំនួន១លានរៀល ទុកសម្រាប់ចំណាយទៅលើការបោះឆ្នោតក្រុមប្រឹក្សាស្រុក នាអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។

តាមការបង្ហើបឲ្យដឹងពីសមាជិកក្រុមប្រឹក្សាស្រុក ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានកោះហៅសមាជិកក្រុមប្រឹក្សាស្រុកទាំង២១នាក់មកប្រជុំគ្នា ហើយនៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលបានតម្រូវឲ្យសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ ត្រូវបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន១លានរៀល ដែលក្នុងនោះមាន២១នាក់ ស្មើនិង២១លានរៀល ដើម្បីទុកដោះស្រាយលើការចំណាយផ្សេងៗ។

សមាជិករូបនេះ បានបន្តទៀតថា ទង្វើរបស់លោកភិបាលស្រុក បានធ្វើក្រុមប្រឹក្សាស្រុកមិនសប្បាយចិត្ត និងមានសតិអារម្មណ៍មិនល្អ ហើយបានលើកឡើងថា នេះជាអំពើពុករលួយទាំងស្រុង ព្រោះលោកអាងអំណាចជាចៅហ្វាយស្រុក បង្ខំគៀបឲ្យសមាជិកក្រុមប្រឹក្សាស្រុកបរិច្ចាគលុយ ដែលពួកគាត់ម្នាក់ៗមិនសូវជាមានជីវភាពធូរធា។

ជុំវិញករណីនេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់នេះទេ គឺការប្រមូលលុយទាំងនេះ លោក ញ៉េប លី ប្រធានក្រុមប្រឹក្សាស្រុក ជាអ្នកចាត់ចែង។

លោកអភិបាលស្រុកបានបន្តថា លុយចំនួន១លានរៀល ដែលប្រមូលនេះជាការឯកភាពគ្នាសម្រាប់យកទៅជប់លៀង និងចំណាយផ្សេងៗ។

ចំណែកលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងដែរថា លោកមិនបានដឹងរឿងនេះទេ ហើយលោកនឹងស្រាយជ្រាវជុំវិញករណីនេះ។

សូមរំឮផងដែរថា ប៉ុន្មានខែដើមឆ្នាំ២០១៩នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង សំបូររឿងអាស្រូវណាស់ ដូចជាការយកលុយពីគ្រឿងចក្រ ដែលចូលធ្វើសកម្មភាពកាយដីប្រជាពលរដ្ឋ ការមិនអើពើក្នុងការដឹកនាំកម្លាំងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ថែមទាំងបង្កើតក្រុមបក្ខពួកនិយមទៀតផង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការក្នុងស្រុកសំរោង មិនពេញចិត្តចំពោះសកម្មភាពលោកអភិបាលស្រុករូបនេះយ៉ាងខ្លាំង ហើយអ្វីដែលថ្មី គឺលោកបានប្រើអំណាចជាចៅហ្វាយស្រុកកៀបឲ្យក្រុមប្រឹក្សាស្រុកទាំង២១នាក់ បរិច្ចាគថវិកាក្នុងម្នាក់ៗចំនួន១លានរៀលទៀតផង៕​​​ (SN-បាយ៉ងកោ)

អត្ថបទដែលជាប់ទាក់ទង