វិភាគៈ អន្តរាគមន៍យោធារបស់អង្គការណាតូលើលីប៊ី កំពុងពុះបំបែកប្រទេសនេះជា

ចាប់តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ននេះ ប្រទេសលីប៊ីត្រូវបានពុះបំបែកជាពីរផ្នែកដាច់ពីគ្នា ក្រោយពីអង្គការណាតូ មានសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានធ្វើអន្តរាគមន៍យោធាចូលទៅក្នុងប្រទេសនេះ ។

ប្រទេសលីប៊ី ត្រូវបានពុះបំបែកជាពីរផ្នែកដាច់ពីគ្នា គឺផ្នែកខាងកើត និងផ្នែកខាងលិច ដែលផ្នែកខាងកើត ត្រូវបានគ្រប់គ្រងដោយមេទ័ពល្បីឈ្មោះម្នាក់ គឺឧត្តមសេនីយ៍ ខាលីហ្វា ហាវតា (Khalifa Haftar) ប្រៀបបាននឹងរដ្ឋាភិបាលមួយ ។

នៅផ្នែកខាងលិចនៃប្រទេសលីប៊ី ត្រូវបានគ្រប់គ្រងដោយប្រមុខដឹកនាំរដ្ឋាភិបាលរបស់ លោក ហ្វាយេស អាល់ សារ៉ាច (Fayez al Sarraj) ដែលជារដ្ឋាភិបាលលើកបន្តុបដោយលោកខាងលិចមានអាមេរិកជាដើម និងត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ។

មេដឹកនាំទាំងពីរនៃប្រទេសលីប៊ី ទាំងផ្នែកខាងកើត និងផ្នែកខាងលិច មានកងកម្លាំងយោធា និងគ្រឿងសព្វាវុធប្រហាក់ប្រហែលគ្នា ហើយកងកម្លាំងយោធានៃមេដឹកនាំទាំងពីរ បានប៉ះទង្គិចគ្នាជាញឹកញាប់ បណ្តាលអោយមនុស្សបាត់បង់ជីវិតជាបន្តបន្ទាប់ ។

កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ កងកម្លាំងយោធារបស់ឧត្តមសេនីយ៍ ខាលីហ្វា ហាវតា បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើជាយក្រុង ទ្រីប៉ូលី ដែលជាទីក្រុងកាន់កាប់ដោយរដ្ឋាភិបាលលើកបន្តុប ។

មនុស្សចំនួន១១នាក់ បានបាត់បង់ជីវិត និងមនុស្សចំនួន២៣នាក់ផ្សេងទៀត បានរងរបួសក្នុងការការវាយប្រហារតាមអាកាសនេះ ហើយការប្រយុទ្ធគ្នារវាងកងទ័ពនៃភាគីជម្លោះទាំងពីរ នៅតែបន្តធ្វើឡើងនៅឡើយ ។

លោក ហ្វាយេស អាល់ សារ៉ាច មេដឹកនាំរដ្ឋាភិបាលលើកបន្តុប បានប្រកាសសងសឹកកងកម្លាំងយោធារបស់ឧត្តមសេនីយ៍ ខាលីហ្វា ហាវតា ដោយបើកយុទ្ធនាការវាយប្រហារបកវិញដោយសង្គ្រាមព្យុះកំហឹង ។

មូលហេតុដែលនាំអោយប្រទេសលីប៊ីបែកជាពីរ គឺដោយសារអង្គការណាតូ ដែលមានសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ ជាដើម បានធ្វើអន្តរាគមន៍យោធាចូលទៅក្នុងប្រទេសនេះ កាលពីឆ្នាំ២០១១កន្លងទៅ ។

អន្តរាគមន៍យោធារបស់អង្គការណាតូ បានផ្តួលរំលំរបបដឹកនាំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា ហ្កាដាហ្វ៊ី (Muammar Gaddafi) និងបានសម្លាប់លោកអតីតប្រធានាធិបតីលីប៊ីរូបនេះថែមទៀត ។

ក្រោយពីអន្តរាគមន៍យោធារបស់អង្គការណាតូ ប្រទេសលីប៊ីត្រូវបានពុះបំបែកចេញជាពីរផ្នែកដាច់ពីគ្នា គឺផ្នែកខាងកើត និងខាងលិច ហើយសង្គ្រាមស៊ីវិល និងអសន្តិសុខសង្គម បានកើតឡើងចាប់ពីឆ្នាំ២០១១រហូតដល់ពេលបច្ចុប្បន្ននេះ ។

លីប៊ីជាប្រទេសជង្រុកប្រេង និងជាប្រទេសដែលសម្បូរបែបទៅដោយធនធានធម្មជាតិ ជាងប្រទេសផ្សេងៗទៀតនៅតំបន់អាហ្វ្រិកខាងជើង ហើយមុនអន្តរាគមន៍យោធារបស់អង្គការណាតូ ប្រទេសនេះមានជីវភាពល្អប្រសើរ និងគ្មានសង្គ្រាមទេ ។

អង្គការណាតូ បានចោទប្រកាន់អតីតប្រធានាធិបតីរបស់ប្រទេសនេះ លោក មូអាម៉ា ហ្កាដាហ្វ៊ី ជាមេដឹកនាំផ្តាច់ការ និងមិនគោរពសិទ្ធិមនុស្សទើបធ្វើអន្តរាគមន៍យោធា ប៉ុន្តែអន្តរាគមន៍យោធារបស់អង្គការណាតូ បែរជារុញច្រានប្រទេសនេះអោយធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល និងមានការកាប់សម្លាប់គ្នាកាន់តែច្រើន ។

ប្រជាពលរដ្ឋលីប៊ីចង់បានការផ្លាស់ប្តូរ ចង់បានជីវភាពធូរធា និងរីករាយចំពោះអន្តរា គមន៍យោធារបស់អង្គការណាតូ ដែលផ្តួលរំលំរបបដឹកនាំរដ្ឋាភិបាលរបស់លោក មូអាម៉ា ហ្កាដាហ្វ៊ី ប៉ុន្តែនៅទីបំផុត ប្រជាពលរដ្ឋលីប៊ីទទួលបានត្រឹមតែភ្លើងសង្គ្រាម និងការកាប់សម្លាប់គ្នាគ្មានទីបញ្ចប់ ដោយប្រទេសបែកបាក់ផ្ទៃក្នុងទ្រង់ទ្រាយធំ ៕លីលី

អត្ថបទដែលជាប់ទាក់ទង