វិភាគៈ អាមេរិកនិងសម្ព័ន្ធមិត្ត បន្សល់ទុកសង្គ្រាមឲ្យពលរដ្ឋលីប៊ីតាំងពីឆ្នាំ២០១១

អំពើហិង្សាកើតចេញពីការប៉ះប្រយុទ្ធគ្នារវាភាគីជម្លោះនៅប្រទេសលីប៊ីនៅតែបន្តកើតឡើង ទោះបីជាមានការអំពាវនាវពីអង្គការសហប្រជាជាតិក៏ដោយ ដែលនេះជាសង្គ្រាមដែលអាមេរិក និងសម្ព័ន្ធមិត្ត បានបន្សល់ទុកអោយពលរដ្ឋលីប៊ីពីតាំងពីឆ្នាំ២០១១កន្លងមក ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានទុកសង្គ្រាមអោយប្រជាពលរដ្ឋនៃប្រទេសលីប៊ី តាមរយៈការវាយប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា ហ្កដាហ្វ៊ី (Muammar Gaddafi) កាលពីឆ្នាំ២០១១កន្លងទៅ ។

ក្រោយពីវាយប្រហារផ្តួលរំលំរដ្ឋាភិបាល និងបានសម្លាប់អតីតប្រធានាធិបតីលីប៊ី មូអាម៉ា ហ្កដាហ្វ៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដើរចេញធ្វើព្រងើយ ដោយបន្សល់ទុកស្ថានភាពសន្តិសុខទន់ទ្រាយអោយប្រទេសលីប៊ី រហូតដល់ប្រទេសនេះបែកចេញជាពីរផ្នែក ។

ខណៈដែលគ្មានរដ្ឋាភិបាល និងប្រមុខដឹកនាំត្រឹមត្រូវ អ្នកនយោបាយ និងកងកម្លាំងយោធាលីប៊ីបានបាត់បង់ម្ចាស់ការ ហើយការប្រយុទ្ធដណ្តើមអំណាចគ្នាបានចាប់ផ្តើមឡើង ដែលធ្វើអោយប្រជាពលរដ្ឋលីប៊ីរងទុក្ខវេទនារហូតដល់ពេលបច្ចុប្បន្ននេះ ។

ប្រទេសលីប៊ី ត្រូវបានពុះបំបែកជាពីរផ្នែកដាច់ពីគ្នា គឺផ្នែកខាងកើត និងផ្នែកខាងលិច ដែលផ្នែកខាងកើត ត្រូវបានគ្រប់គ្រងដោយមេទ័ពល្បីឈ្មោះម្នាក់ គឺឧត្តមសេនីយ៍ ខាលីហ្វា ហាវតា (Khalifa Haftar) ប្រៀបបាននឹងរដ្ឋាភិបាលមួយ ។

នៅផ្នែកខាងលិចនៃប្រទេសលីប៊ី ត្រូវបានគ្រប់គ្រងដោយប្រមុខដឹកនាំរដ្ឋាភិបាលរបស់ លោក ហ្វាយេស អាល់ សារ៉ាច (Fayez al Sarraj) ដែលជារដ្ឋាភិបាលលើកបន្តុបដោយលោកខាងលិចមានអាមេរិកជាដើម និងត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ។

មេដឹកនាំទាំងពីរនៃប្រទេសលីប៊ី ទាំងផ្នែកខាងកើត និងផ្នែកខាងលិច មានកងកម្លាំងយោធា និងគ្រឿងសព្វាវុធប្រហាក់ប្រហែលគ្នា ហើយកងកម្លាំងយោធានៃមេដឹកនាំទាំងពីរ បានប៉ះទង្គិចគ្នាជាញឹកញាប់ បណ្តាលអោយមនុស្សបាត់បង់ជីវិតជាបន្តបន្ទាប់ ។

រហូតមកដល់ពេលនេះ ទោះបីជាកងកម្លាំងយោធាឧត្តមសេនីយ៍ ខាលីហ្វា ហាវតា បានវាយប្រហារដណ្តើមយកទីក្រុងទ្រីប៉ូលីជាញឹកញាប់ក៏ដោយ ក៏សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនអើពើដែរ ព្រោះពួកគេបានផ្តួលរំលំរដ្ឋាភិបាលដែលពួកគេមិនចូលចិតរួចរាល់ហើយ ។

កាលពីខែកក្កដា ឆ្នាំ២០១៧ និងខែឧសភា ឆ្នាំ២០១៨កន្លងទៅ បារាំងធ្លាប់រួមសហការ ណ៍ជាមួយប្រមុខបេសកកម្មអង្គការសហប្រជាជាតិទទួលបន្ទុកក្នុងសំណុំរឿងលីប៊ី បានជួបជាមួយគ្នាពីរដងជាមួយលោក ហ្វាយេស អាល់ សារ៉ាច និងឧត្តមសេនីយ៍ ខាលីហ្វា ហាវតា ។

បំណងរបស់បារាំង គឺចង់ផ្សះផ្សាយភាគីជម្លោះនៅប្រទេសលីប៊ី អោយរួមគ្នាបង្កើតរដ្ឋាភិបាលមួយ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយការរៀបចំអោយមានការបោះឆ្នោតក្រោមការទំនុកបម្រុងរបស់អង្គការសហប្រជាជាតិ ប៉ុន្តែត្រូវទទួលបរាជ័យ ។

ក្តីបារម្ភសម្រាប់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងសំណុំរឿងប្រទេសលីប៊ី គឺក្រុមភេរវជនមានឱកាសច្រើនក្នុងការពង្រីកចលនាភេរវកម្មរបស់ខ្លួន ខណៈដែលប្រទេសលីប៊ីមានប្រព័ន្ធសន្តិសុខមិនរឹងមាំ ។

ក្រុមរដ្ឋអ៊ីស្លាម ISIS កាន់កាប់ទីតាំងភាគខាងកើតក្បែរដែនដីកាន់កាប់ដោយឧត្តមសេនីយ៍ ខាលីហ្វា ហាវតា ដែរ ប៉ុន្តែប្រសិនបើថ្ងៃណាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចូលរួមជាមួយកងកម្លាំងរបស់ឧត្តមសេនីយ៍ ខាលីហ្វា ហាវតា សង្គ្រាមទ្រង់ទ្រាយធំនឹងកើតឡើងនៅប្រទេសលីប៊ីដោយចៀសមិនរួចទេ ។

ចំណែកប្រជាពលរដ្ឋលីប៊ី ដែលពីមុនស្អប់របបដឹកនាំរបស់អតីតប្រធានាធិបតី មូអាម៉ា ហ្កាដាហ្វ៊ី បានបង្ហាញនូវការស្តាយក្រោយ និងនឹកឃើញដល់សន្តិភាពដែលខ្លួនធ្លាប់មានក្នុងរដ្ឋាភិបាលរបស់លោក មូអាម៉ា ហ្កាដាហ្វ៊ី ប៉ុន្តែពេលវេលាមិនអាចត្រឡប់មកវិញបានទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង