ក្រសួងពាណិជ្ជកម្ម នឹងចេញអនុក្រឹត្យហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមទីសាធារណៈ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលយកសំណើរបស់ប្រតិភូគណបក្សយុវជនកម្ពុជា
ដើម្បីចេញអនុក្រឹត្យហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងតាមទីសាធារណៈនានា ដោយឃោសនាផ្តល់រង្វាន់ និងការប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមូលដ្ឋាន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាសន៍ប្រាប់ Swift News ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅវិមានសន្តិភាព ឯកឧត្តមរដ្ឋមន្ត្រីបានសន្យារៀបចំប្រជុំអន្តរក្រសួង ដើម្បីព្រាងអនុក្រឹត្យនេះឲ្យបានចេញឆាប់ៗខាងមុខនេះ។

លោក ពេជ្រ ស្រស់ បានមានប្រសាសន៍ថា «ប្រតិភូរបស់គណបក្សយុវជនកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យចេញអនុក្រឹតស្តីពីការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងហួសហេតុពេក តាមការផ្តល់រង្វាន់ និងការធ្វើប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹងតាម ឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេសកម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង ដូច្នេះឆន្ទៈយើងខ្ញុំចង់បានការរឹតបន្តឹង និងការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព។

កន្លងមកក្រសួងសុខាភិបាល​​​ធ្លាប់បានតាក់តែសេចក្តីព្រៀងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលមាន១១ជំពូក និងមាន៣៩មាត្រា ប៉ុន្តែច្បាប់នេះនៅជាប់គាំងមិនទាន់បានចេញរួចនៅឡើយទេ ដូច្នេះខ្ញុំនឹងតាមរឿងធ្វើច្បាប់នេះឲ្យដល់ទីបញ្ចប់ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង»។

លោកបានបញ្ជាក់ទៀតថា ច្បាប់នេះត្រូវបានក្រសួងសុខាភិបាលតាក់តែងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយនៅពេលនេះ លោកបានសំណូមពរឲ្យក្រសួងពាណិជ្ជកម្មដឹកនាំធ្វើបន្ត ដើម្បីបានចប់សព្វគ្រប់ នាពេលខាងមុខ។

សូមរំឭកថា កាលពីថ្មីៗនេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ​ខៀវ កាញារីទ្ធ​ ធ្លាប់​បាន​ណែ​នាំ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ​ទូរទស្សន៍​ ​និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ ​វីដេអូ​ ​ឲ្យ​បញ្ឈប់​ការ​ផលិត និង​ចាក់​ផ្សាយ​វីដេអូ ឬ​ចម្រៀង​ដែល​យក​គ្រឿង​​ស្រវឹង​ធ្វើ​ជា​ការ​ដោះ​ស្រាយ​វិបត្តិ។​ ​តាមសេចក្ដី​ជូន​ដំណឹង​មួយ​ហាម​អ្នក​ពាក់​ព័ន្ធ​មិន​ឲ្យ​ផលិត​ ​និង​ចាក់​ផ្សាយ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹងដើម្បី​បំបាត់​ទុក្ខ​ ​ដោយ​ថា​ ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ ​និង​សណ្ដាប់ធ្នាប់​សង្គម។​

សេចក្ដី​ជូន​ដំណឹង ដែលចេញ​ដោយ​ឯកឧត្តម​ ​ខៀវ កាញារីទ្ធ​ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំថា ការ​ផលិត​ខ្សែ​ភាពយន្ត ឬ​វីដេអូ​ខារ៉ាអូខេ​ ដែល​ជ្រើស​យក​គ្រឿងស្រវឹង​ជា​គុណ​សម្បត្តិ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​វិបត្តិ​ស្នេហា​ ​ឬ​ទុក្ខ​កង្វល់​ផ្សេងៗ​ ​បាន​នាំ​ឲ្យ​យុវជន​ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ មាន​ការ​ភាន់​ច្រឡំ និង​យក​តម្រាប់​តាម។ ការ​យល់​ច្រឡំ​ ​និង​យក​តម្រាប់​តាម​របស់​យុវជន​ ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​រហូត​បាត់​បង់​សតិ ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ និង​សណ្ដាប់​ធ្នាប់​សង្គម។

«ដើម្បីជៀស​វាង​ផល​អវិជ្ជមាន​ខាង​លើ​ ​ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការ​ណែ​នាំដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ ​និង​ម្ចាស់​ផលិត​កម្ម​ភាពយន្ត​ ​វីដេអូ​ ​ដែល​តែង​និពន្ធ​បទ​ចម្រៀង ឬ​ភាពយន្ត វីដេអូ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវ​ចិត្ត សូម​បង្ហាញ​នូវ​វិធី​ដោះ​ស្រាយ​សមស្រប ឬ​ការ​អប់រំ​ផ្លូវ​ចិត្ត ឬ​ការ​តាំង​សមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះ​ស្រាយបញ្ហា ​ប្រសើរ​ជាង​ការ​បង្ហាញ​រូបភាព​ប្រើ​ប្រាស់​គ្រឿងស្រវឹង ​ដើម្បីដោះ​ស្រាយបញ្ហា​បំបាត់​ទុក្ខសោក​របស់​តួអង្គ»៕ (Swift News)

 

 

 

អត្ថបទដែលជាប់ទាក់ទង