មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ កំពុង​បង្កា​ និង​ទប់ស្កាត់​ជំងឺឆ្លង​គ្រប់​ប្រភេទ​ពី​ជ្រូក​ និង​អះអាង​ថា​ ជំងឺប៉េស្ត​អា​ហ្រិ​ក​ ASF​ លើ​ជ្រូក​ មិន​ឆ្លង​មក​មនុស្ស​ទេ​!

(​សៀមរាប​)៖​ បញ្ហា​ជំងឺឆ្លង​ពី​សត្វ​ជ្រូក​នាំ​ចូល​មក​ពី​វៀតណាម​ ឥឡូវនេះ​មន្ដ្រី​នៃ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ ខេត្តសៀមរាប​ បាន​នឹង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ហើយ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លោក​ ព្រុំ​ វិច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តសៀមរាប​។​

​លោក​បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា​ វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​ពី​សត្វ​ជ្រូក​នាំ​ចូល​មក​ពី​វៀតណាម​នេះ​ ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ រហូត​មក​ដល់​បច្ចុប្បន្ន​ និង​បន្ត​អនុវត្តន៍​វិធានការ​សុវត្ថិភាព​តាម​បណ្តា​ទីសត្តឃាដ​នានា​ និង​តាម​ដងផ្លូវ​ក្នុង​ខេត្តសៀមរាប​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​គ្រប់​ប្រភេទ​ និង​ធានា​បាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស​ និង​សត្វ​ ហើយ​ក្នុង​នោះ​ក៏​ដើម្បី​ការពារ​ជំងឺប៉េស្ត​អាហ្វ្រិក​ ASF​ ដែល​កំពុង​ឆ្លង​មក​កម្ពុជា​ក្នុង​ខេត្តរតនគិរី​ ជាប់​ព្រំប្រទល់​ និង​ប្រទេស​វៀតណាម​ដែរ​។​

​លោក​ យឿ​ន​ សែ​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តសៀមរាប​បាន​ បាន​ឲ្យ​ដឹង​ថា​ ក្រុមការងារ​តែងតែ​ចុះ​អនុវត្តន៍​វិធាន​ការណ៍​សុវត្ថិភាព​តាម​បណ្តា​ទី​សត្វ​ឃា​ដ​នានា​ និង​តាម​ដងផ្លូវ​ក្នុង​ខេត្តសៀមរាប​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ​ និង​ធានា​បាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស​ និង​សត្វ​។​

​ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តសៀមរាប​ លោក​ ព្រំ​ វិច​ បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ពេទ្យសត្វ​ខេត្តសៀមរាប​ ជា​រៀងរាល់ថ្ងៃ​តែងតែ​ចុះ​ពិនិត្យ​ និង​បាញ់ថ្នាំ​ការពារ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​។​

​លោក​បាន​ធានា​ និង​បញ្ជាក់​ដូច្នេះ​ថា​ «​ជំងឺប៉េស្ត​អា​ហ្រិ​ក​ ASF​ បង្ក​ដោយ​ វីរុស​ មិន​ឆ្លង​មក​មនុស្ស​ទេ​»​។​

​លោក​ក៏​បាន​ពន្យល់​ថា​ ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ​ វា​មាន​ជិត​១០០​ឆ្នាំ​មក​ហើយ​ ដំបូង​កើត​លើ​សត្វ​ជ្រូក​នៅ​អាហ្វ្រិក​ ទៅ​អឺរ៉ុប​ រុ​ស្សី​ ចិន​ វៀតណាម​ និង​ឆ្លង​មក​កម្ពុជា​ នៅ​ចុងខែ​មីនា​ឆ្នាំ​២០១៩​នេះ​ នៅ​ឃុំ​សោម​ធំ​ ស្រុក​អូ​យ៉ា​ដាវ​ ខេត្តរតនគិរី​។​

​វិធានការ​តំបន់​ផ្ទុះ​ជំងឺ​ យោង​តាម​ប្រកាស​លេខ​ ១៧៣​ ប្រក​ ក​សក​ ចុះ​ថ្ងៃ​ទី​០២​ មេ​សា​ឆ្នាំ​ ២០១៩​ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ស្តី​ពី​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ មន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ សហការ​ជាមួយ​ខេត្ត​ចុះ​អនុវត្ត​ការងារ​បច្ចេកទេស​នៅ​តំបន់​ផ្ទុះ​ជំងឺ​។​

​ប្រកាស​នោះ​បាន​បញ្ជាក់​ថា​ សត្វ​ឈឺ​ត្រូវ​សម្លាប់​ ឯ​សត្វ​ងាប់​ដោយ​ជំងឺ​ ត្រូវ​ដុត​កម្ទេច​ចោល​ ពោល​ហាម​មិន​ឲ្យ​ទិញ​ លក់​ និង​ពិឃាដ​សត្វ​ឈឺ​(​យក​ធ្វើ​ចំណី​)​។​ ហាម​នាំ​សត្វ​ចេញ​ ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់​២​គីឡូម៉ែត្រ​។​ វិធានការ​បន្ត​ ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ ហាម​នាំ​កាក​សំណល់​ផ្ទះបាយ​មក​ធ្វើ​ជា​ចំណី​ជ្រូក​ ហាម​នាំ​សាច់​ជ្រូក​ពី​កន្លែង​ផ្សេង​មក​ហូប​កន្លែង​កសិដ្ឋាន​ជ្រូក​។​

​មិន​ឲ្យ​មនុស្ស​ក្រៅ​ចូល​ ឬ​ ទស្សនកិច្ច​សិក្សា​ក្នុង​កសិដ្ឋាន​ឡើយ​ ហើយ​ត្រូវ​យក​ឧបករណ៍​ ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ចូល​ក្នុង​កសិដ្ឋាន​។​ ហាម​មធ្យោបាយ​ដឹក​ជញ្ជូន​ចូល​ក្នុង​កសិដ្ឋាន​ ហាម​យក​សត្វ​ថ្មី​ចូល​ក្នុង​កសិដ្ឋាន​ ហាម​យក​ទឹក​ខាងក្រៅ​/​សាធារណៈ​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ ហាម​លក់​ ឬ​នាំ​សត្វ​ឈឺ​ចេញពី​កសិដ្ឋាន​ អ្នក​ថែទាំ​ជ្រូក​ចេញ​ ចូល​កសិដ្ឋាន​ត្រូវ​ឆ្លងកាត់​កន្លែង​សម្លាប់​មេរោគ​។​

​វិធានការ​តំបន់​គ្មាន​ជំងឺ​ បែងចែក​មន្ត្រី​បច្ចេកទេស​ប្រចាំការ​តាម​ស្រុក​គោលដៅ​។​ ចុះ​ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ពី​វិធាន​សុវត្ថិភាព​ ចុះ​តាមដាន​សុខភាព​ជ្រូក​ បើ​សង្ស័យ​យក​វត្ថុ​វិភាគ​ទៅ​មន្ទីរពិសោធន៍​ ពង្រឹង​ចរាចរ​សត្វ​ ឲ្យ​មានច្បាប់​ត្រឹមត្រូវ​ ដាក់​កម្លាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ តាម​ដងផ្លូវ​ និង​សត្ត​ឃា​ដ​ដ្ឋា​ន​ ណែនាំ​ដល់​អាជីវករ​មិន​ឲ្យ​ ទិញ​ លក់​សត្វ​ សាច់សត្វ​ ឈឺ​ ឬ​ងាប់​ដោយ​ជំងឺ​ និង​រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី​ដឹង​ថា​ សត្វ​ឈឺ​ ឬ​ ងាប់​ដោយ​ជំងឺ​ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​។​

​បើ​តាម​ការ​ព្យាយាម​ការពារ​យ៉ាង​ម៉ឺងម៉ាត់​របស់​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តសៀមរាប​ ដែល​បាន​នឹង​កំពុង​មាន​វិធានការ​ទប់ស្កាត់​ និង​បាន​ចុះ​សំអាត​ទីតាំង​សត្វ​ឃា​ដ​ដ្ឋា​ន​ជា​ប្រចាំ​នោះ​ គេ​រំពឹង​ថា​ នឹង​អាច​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​បាន​ដោយ​ជោគជ័យ​ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​ការ​ព្រួយបារម្ភ​តទៅ​ទៀត​ និង​ជា​ពិសេស​ជា​មុខមាត់​នៃ​ខេត្តសៀមរាប​ផង​៕​ (SN-​រិ​ទ្ធី​)

អត្ថបទដែលជាប់ទាក់ទង