មហាសង្រ្កាន្តខ្មែរប្រារព្ធនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតថ្មី

[mom_video type=”youtube” id=”AZ9FSF6_NAc”]

(បាងកក)៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ កាលពីថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០១៩ ម្សិញម៉ិញនេះ។

ជាមួយគ្នានេះស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ក៏មានការប្រារព្ធពិធីមហាសង្រ្កាន្ត យ៉ាងឧឡារិកនៅក្នុងបរិវេណស្ថានទូតកម្ពុជា និងមានរបាំត្រុដិ រាំរង់ រាំបែបប្រពៃណីដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនសិស្ស-និស្សិត សមណនិស្សិត ព្រះសង្ឃ ព្រមទាំងបងប្អូនពលរដ្ឋខ្មែរ និងអ្នកធុរកិច្ចខ្មែរនៅប្រទេសថៃ សរុបប្រមាណជិត ៤៥០ នាក់ បានចូលរួមពិធីយ៉ាងសប្បាយរីករាយនិងដ៏ច្រើនកុះករបំផុតមិនធ្លាប់មានពីមុនមក ក្នុងនោះក៏មានការចូលរួមពីសំណាក់ធុរកិច្ចជនថៃ មន្រ្តីការទូត ព្រមទាំងមន្រ្តីមកពីបណ្តាអង្គការជួយពលករបរទេសនៅប្រទេសថៃ និងជនជាតិថៃជាច្រើនរូបផ្សេងទៀត ដែលចង់ស្គាល់ និងស្វែងយល់ពីវប្បធម៌ ប្រពៃណីដ៏បរវររបស់ខ្មែរយើង។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ដែលទើបតែបានតែងតាំងថ្មី មានមតិសំណេះសំណាលទៅកាន់បងប្អូននិងភ្ញៀវទាំងអស់ថា  រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនថាថ្ងៃសៅរ៍ ឬ អាទិត្យឡើយ សម្តេចតេជោ តែងតែចុះតាមមូលដ្ឋានដើម្បីសាកសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ និងដោះស្រាយបញ្ហាជូនបងប្អូនយើង ជាពិសេសគឺបងប្អូនពលករ-ពលការិនី តាមបណ្តារោងចក្រនានា ។

លោកបន្តថា ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាបាល ស្ថានទូតបានយកចិត្តទុកខ្លាំងចំពោះបងប្អូនយើងដែលបានមកស្នើសុំសេវា និងការបញ្ជាក់ឯកសារនានា រាល់ពេលកើតបញ្ហាឡើង មន្ត្រីស្ថានទូតតែងតែចុះទៅជួយដោះស្រាយជូនបងប្អូនយើងគ្រប់ពេលវេលា ស្ថានទូតបានរៀបចំបន្ទប់ម៉ាស៊ីនត្រជាក់សម្រាប់រង់ចំា និងទទួលបងប្អូនយើង ដើម្បីកុំឲ្យមានការលំបាក និងមានការចែកនំដល់ ប្អូនៗកុមារផងដែរ ។

ស្ថានទូតបានផ្លាស់ប្តូរវេណមន្ត្រីប្រចាំការ មិនសម្រាកថ្ងៃត្រង់ ដើម្បីផ្តល់សេវាជូនបងប្អូន ជាពិសេសស្ថានទូតបានបើកផ្តល់សេវាឯកសារនានាជូនបងប្អូនយើងក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីឲ្យបងប្អូនយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងពិធីចូលឆ្នាំ ។

បច្ចុប្បន្ននេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកែទម្រង់ថ្មី ព្រមទាំងបានណែនាំដល់អ្នកការទូតខ្មែរទាំងអស់ថា នៅពេលនេះការងារការទូតរបស់កម្ពុជា មិនមែនជាការងារការទូតបែបប្រពៃណីធម្មតាដូចពេលមុនទៀតទេ ការទូតត្រូវចាប់ផ្តើមផ្តោតសារៈសំខាន់ក្នុងការរួមចំណែក ជម្រុញ និងលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍បន្ថែមទៀតផងដែរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូននិស្សិតយើងថា ត្រូវចេះរក្សាអត្តសញ្ញាណជាតិខ្មែរ ដូចជាការស្លៀកពាក់ក្រម៉ា ក្រម៉ាសម្រាប់ក្រវ៉ាត់ក ហើយប្អូនៗនិស្សិតក៏អាចចូលរួមចំណែកណែកនាំដល់បងប្អូនពលរដ្ឋខ្មែរយើងដែលមកធ្វើការនៅប្រទេសថៃ ឲ្យបានយល់ដឹងពីច្បាប់ទម្លាប់នៅប្រទេសថៃ ឬអាចជម្រាបឲ្យពួកគាត់ទំនាក់ទំនងមកស្ថានទូកក៏បានដែរ ។ «ពួកយើងទាំងអស់ដែលរស់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ប្រៀបបានជាបងប្អូននឹងគ្នា ដូចដែលពាក្យស្លោកខ្មែរថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” និង “ខ្មែររួបរួមខ្មែររស់ ខ្មែរបែកបាក់ខ្មែរស្លាប់” ដូចនេះមន្រ្តីការទូតនៅស្ថានទូតទាំងអស់ ក្នុងនាមជាមន្រ្តីរាជការ មានតួនាទីសំខាន់ក្នុងការបម្រើពលរដ្ឋទាំងអស់ឲ្យបានល្អជាទីបំផុត»៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង