គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ហត្ថាកសិករ» រងការចោទប្រកាន់ពីអតិថិជនថាបាននឹងកំពុង «លេងប៉ាហ៊ី» តាមរបៀប ដកនិងដាក់ប្រាក់!

(សៀមរាប)៖ ពលរដ្ឋដែលជាអតិថិជនបានផ្ទុះប្រតិកម្ម ហើយចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ហត្ថាកសិករ»ខេត្តសៀមរាប បាននឹងកំពុងលេងប៉ាហ៊ីដាក់ពួកគាត់តាមរបៀបដាក់ និងដកលុយ ដែលមានទីតាំងស្របតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ ស្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានចម្ងាយប្រហែលជាង២០០ ម៉ែត្រខាងកើតផ្សារលើធំថ្មី។

ការផ្ទុះប្រតិកម្មនេះ គឺបន្ទាប់ពីពលរដ្ឋខាងលើទៅដកលុយនៅគ្រឹះស្ថានហត្ថាកសិករ ហើយបានយកលុយនោះទៅដាក់បញ្ចូលកុងវិញ នៅក្នុងគ្រឹះស្ថានដដែល តែត្រូវបុគ្គលិកទីនោះ មិនទទួលយកលុយមួយចំនួនធំ។ ស្ត្រីឈ្មោះ ហេង ប៉ូលិន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែមេសា រូបគាត់បានយកលុយ៤០០០ដុល្លារទៅដាក់បញ្ចូលក្នុងកុងរបស់គាត់ នៅគ្រឹះស្ថានហត្ថាកសិករ ដែលលុយនោះម្តាយមីងរបស់គាត់ បានខ្ចីពីគ្រឹះស្ថានហត្ថាកសិករ កាលពីថ្ងៃទី៣ ខែមេសា។

ក៏ប៉ុន្តែត្រូវបានបុគ្គលិកនៅទីនោះពិនិត្យលុយ ហើយមិនទទួលយកមួយចំនួយធំ ប្រហែលជិត១០០០ដុល្លារ ដោយប្រាប់ថាលុយចាស់ពេក។ ភ្លាមនោះរូបគាត់បានសួរទៅវិញថា ប្អូនលុយនេះ គឺជាលុយដែលយកចេញពីគ្រឹះស្ថានហត្ថាកសិករហ្នឹងតើ មេចក៏ប្អូននិយាយបែបនេះ?។

បើប្អូនយល់ថា លុយនឹងវាចាស់ពេក ចុះហេតុអីក៏ខាងប្អូនមានលុយចាស់របៀបចឹងបើកឲ្យមកអតិថិជន? បើមុនពេលទទួលយកពិនិត្យល្អិតលល្អន់បែបនេះ!។ ទោះនិយាយហេតុផលបែបណា ក៏ខាងបុគ្គលិកទីនោះនៅតែមិនទទួលយកលុយមួយចំនួននោះដដែល។

ស្រ្តីឈ្មោះ ប៉ូលិន បន្តថា អស់ជម្រើស រូបគាត់ក៏យកលុយទាំងនោះចាកចេញ ហើយយកទៅសាកដាក់នៅធនាគារ A.B.A បែរជា A.B.A ទទួលយកសល់តែជាង២០០ដុល្លារ។ ស្ត្រីខាងលើបានឲ្យដឹងទៀតថា មូលហេតុ ដែលរូបគាត់យកលុយពីហត្ថាកសិករ ហើយយកទៅទុកនៅហត្ថាកសិករវិញ គឺរូបគាត់បានហ៊ុនគ្នាបង្កើតមុខរបរ ជាមួយស្ត្រីម្នាក់ទៀត។

ដោយដៃគូរបស់គាត់ខ្ចីលុយពីគ្រឹះស្ថានហត្ថាកសិករមកប្រគល់ឲ្យគាត់។ តែដោយសារលុយដល់ទៅ៥ពាន់ដុល្លារ គាត់មិនហ៊ានទុកក្នុងខ្លួនច្រើន ក៏យកបួនពាន់ទៅដាក់ក្នុងកុង ត្បិតរូបគាត់ក៏ជាអតិថិជនគ្រឹះស្ថាននោះដែរ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលុយរបស់គេសោះ យកពីគេ ទៅឲ្យគេវិញ គេមិនទទួល ហើយបែរអ្នកផ្សេងហ៊ានទទួល។ នេះមិនខុសពីអ្វីដែលគេនិយាយថា (ក្បាច់ប៉ាហ៊ី)នោះឡើយ។

អ្នកស្រីបន្តថា បើធនាគារ ABA មិនទទួល ហើយយកទៅចាយគេមិនយក តើត្រូវធ្វើយ៉ាងណា បើការប្រាក់ត្រូវសងពេញថ្លៃ?។

ជុំវិញហេតុការណ៍ ដែលមិនធ្លាប់មាននេះ លោក កែវ ធីវុទ្ធ ប្រធានគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាខាខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមេសា ថា រឿងនេះលោកនៅមិនទាន់បកស្រាយបានទេ ពីព្រោះត្រូវឆែករឿងឲ្យច្បាស់លាស់សិន។ លទ្ធផលយ៉ាងណានោះ លោកនឹងបកស្រាយជូនតាមក្រោយ។ ប៉ុន្តែឆ្លងកាត់ការរងចាំរយៈពីរថ្ងៃមកទល់ថ្ងៃទី៥ ខែមេសា លោកប្រធានគ្រប់គ្រងគ្រឹះស្ថានហត្ថាកសិករ នៅតែមិនឆ្លើយតបចំពោះព័ត៌មានខាងលើនេះដដែល៕ (SN-ប៊ុនរិទ្ធី)

 

អត្ថបទដែលជាប់ទាក់ទង